ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិញ្ញាសាសំខាន់២ដែលសីដក់និងឈិនឡូន សង្ឃឹមបានមេដាយក្នុងស៊ីហ្គេម

45

ភ្នំពេញ៖សហព័ន្ធកីឡាសីដក់និងឈិនឡូនកម្ពុជាបានសម្រួចទិសដៅរបស់ខ្លួនដោយកំណត់ហាត់ឲ្យបានខ្លាំងបំផុតលើវិញ្ញាសាចំនួន២សំខាន់ដែលសហព័ន្ធគិតថានឹងអាចស្វែងរកមេដាយបានជូនជាតិសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
គ្រូបង្វឹកក្រុមកីឡាសីដក់ និងឈិនឡូនកម្ពុជាលោក ជាតិ ខេមរា បាននិយាយ ថា សម្រាប់ប្រភេទកីឡារបស់លោកបានកំណត់គោលដៅយ៉ាងច្បាស់រួចហើយថានឹងយកមេ
ដាយមាសឲ្យបានយ៉ាងហោចចំនួន១ជូនជាតិសម្រាប់ស៊ីហ្គេម២០២៣។ក្នុងចំណោមប្រភេទ
វិញ្ញាសាទាំងអស់កីឡាកររបស់លោកក៏បានដឹងហើយថាវិញ្ញាសាមួយណាដែលលោកបាន
ដាក់គោលដៅឲ្យប្រឹងប្រែងហាត់ឲ្យខ្លាំងនោះ។

គ្រូបង្វឹកដែលបានដាក់ចិត្តកាយប្រឹងប្រែងកីឡានេះអស់រយៈពេលជាង១០ឆ្នាំមក
ហើយនោះបាននិយាយថានៅក្នុងការប្រកួតស៊ីហ្គេមយើងដឹងជាក់ស្ដែងវាមានច្រើនប្រទេសចូលរួម។

សម្រាប់យើងម្ចាស់ផ្ទះយើងអាចដាក់គ្រប់វិញ្ញាសាទាំងអស់បាននូវការប្រកួតដែលយើងរៀបចំហើយប្រទេសដែលចូលរួមអាចមានពីរវិញ្ញាសាឬបីវិញ្ញាសាប៉ុណ្ណោះទេ។ហេតុនេះនៅក្នុងចន្លោះហ្នឹងយើងនឹងមានប្រទេសមួយចំនួនដែលគេមានកម្រិតសមត្ថភាពប្រហាក់ប្រហែលយើង ដែលយើងប្រជែងយកមេដាយ។ដូច្នេះអ្វីដែលយើងសំឡឹងឃើញសម្រាប់វិញ្ញាសា ២ទល់២និង៤ទល់៤ដែលវិញ្ញាសានេះតម្រូវឲ្យកីឡាករយើងលេងវាយសេវាពីខាងក្រោយដូចគ្នា។
កន្លងមកពីរវិញ្ញាសានេះកាលលេងក្នុងស៊ីហ្គេមនៅវៀតណាមក៏យើងប្រហាក់ប្រហែលគេដែរគប់បានអីបានធ្វើរនាំងការពារក៏បានចាប់បានអីដូចគ្នាតែយើងនៅស្ទើរតែអារម្មណ៍មួយហ្នឹង។ ដូច្នេះយើងពង្រឹងវិញ្ញាសាហ្នឹងថែមតិចទៀតល្អហើយ។

លោកបន្តទៀតថារាល់ចំណុចខ្វះខាតទាំងនេះលោកបានមើលឃើញកីឡាករទាំងអស់ក៏ដឹងពីកម្រិតរបស់ខ្លួនដូចគ្នា។ទន្ទឹមនឹងនោះដើម្បីជាការត្រៀមខ្លួនឲ្យបានល្អឥតខ្ចោះនោះនៅពេលបានទៅហាត់នៅខាងក្រៅប្រទេសនេះលោកនឹងស្វែងរកគូប្រកួតខ្លាំងៗឲ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីពង្វឹកផ្នែកបទពិសោធ និងស្មារតីដល់កីឡាករ។

សូមបញ្ជាក់ថាក្រុមកីឡាករសីដក់និងឈិនឡូនកម្ពុជាកំពុងត្រៀមខ្លួនដើម្បីចេញទៅហាត់នៅថៃ ដោយរង់ចាំឯកសារធ្លាក់មកប៉ុណ្ណោះ។តាមគម្រោងគឺនឹងហាត់នៅថៃដល់ខែវិច្ឆិកា ឆ្នាំ២០២២ រួចហើយត្រឡប់មកកម្ពុជាវិញ ដើម្បីប្រកួតកីឡាជាតិក្នុងខែអំឡុងវិច្ឆិកា។
ក្រោយមកក៏រៀបចំឯកសារទៅហាត់នៅមីយ៉ាន់ម៉ាចន្លោះពីខែធ្នូ ឆ្នាំ២០២២ រហូតដល់ ខែឧសភា ឆ្នាំ២០២៣ទើបត្រឡប់មកកម្ពុជាវិញដើម្បីត្រៀមការប្រកួតស៊ីហ្គេម២០២៣តែម្ដង៕

អត្ថបទដែលជាប់ទាក់ទង