ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជាមហិច្ឆតា របស់រាជរដ្ឋាភិបាល ទាមទារឱ្យកងម្លាំងបញ្ជាការដ្ឋានអង្គរក្ស បន្តខិតខំប្រឹងប្រែង លើក កម្ពស់សមត្ថភាពជំនាញ លើគ្រប់ផ្នែកឱ្យស្របតាមសភាពការណ៍វិវត្ត រីកចម្រើន នាពេលបច្ចុប្បន្ន និងទៅអនាគត

79

 

ភ្នំពេញ ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ បានចេញសារលិខិតជូនពរ ផ្ញើរជូន នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្ស ក្នុងឱកាសខួបអនុស្សាវរីយ៍គម្រប់៣២ឆ្នាំ ថ្ងៃបង្កើតកងវរសេនាតូចលេខ២៤៦និងខួបអនុស្សាវរីយ៍គម្រប់១៣ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពល ខេមរភូមិន្ទ ខ្ញុំមានសេចក្តីសោមនស្សរីករាយចូលរួមអបអរសាទរក្នុងឱកាសខួបអនុស្សាវរីយ៍គម្រប់៣២ឆ្នាំ ថ្ងៃ បង្កើតកងវរសេនាតូចលេខ២៤៦ និងខួបអនុស្សាវរីយ៍គម្រប់១៣ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស។ ខ្ញុំសូមឆ្លៀតយកឱកាសនេះ ផ្ដាំផ្ញើសាកសួរសុខទុក្ខប្រកបដោយសេចក្តីស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅស្មោះស្ម័គ្រ អស់ពីដួងចិត្តជូនចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងនិវត្តន៍ជន យោធិន ទាំងអស់នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ពេលវេលា និងសេចក្តីសុខផ្ទាល់ ខ្លួន តស៊ូ ពុះពារឆ្លងកាត់ឧបសគ្គរាប់មិនអស់ ប្តូរផ្តាច់ការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ធានាបាននូវស្ថិរភាពនយោបាយ រក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

ទិវាដ៏ឧត្តុង្គឧត្តម ដែលមានអត្ថន័យជាប្រវត្តិសាស្ត្រនេះ គឺជាទិវារំឭកនូវការចងចាំអំពីប្រវត្តិសកម្មភាព បេសកកម្មសមិទ្ធផល និងស្នាដៃពោរពេញដោយមោទនភាពរបស់បុព្វបុរសនៃកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស គ្រប់ជំនាន់ដែលបានធ្វើពលិកម្ម លះបង់សាច់ស្រស់ ឈាមស្រស់របស់ខ្លួន ដើម្បីបម្រើបុព្វហេតុជាតិ មាតុភូមិ និង ភាពសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ។ បណ្តាស្នាដៃ វីរភាពអង់អាចក្លាហានរបស់រៀមច្បងនៃកងកម្លាំងបញ្ហា ការដ្ឋានអង្គរក្សពីមួយជំនាន់ទៅមួយជំនាន់ គឺជាគម្រូដែលមានគុណតម្លៃសម្រាប់បណ្តុះនូវឧត្តមគតិ ស្មារតី ឆន្ទៈ និងមនសិការស្នេហាជាតិខ្ពស់ដល់នាយទាហានជំនាន់ក្រោយ ធ្វើជាមូលដ្ឋានសិក្សារៀនសូត្រ ដកបទពិសោធន៍ លើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍកងកម្លាំងបញ្ហាការដ្ឋានអង្គរក្ស ឱ្យក្លាយជាកម្លាំងមួយមានសមត្ថ ភាពពេញលេញឆ្លើយតបទៅនឹងសភាពការណ៍ថ្មី ធានាការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំជាន់ខ្ពស់រាជ រដ្ឋាភិបាល ស្របតាមការអភិវឌ្ឍន៍របស់ប្រទេសជាតិ។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ សម្តេចសូមឧទ្ទិសនូវទឹកចិត្តប្រកបដោយកតញ្ញូតាធម៌ជូនចំពោះវិញ្ញាណក្ខន្ធ បុព្វបុរសនាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងស្ថិតនៅឋានបរមសុខ សូមផ្តល់នូវពរជ័យសិរីមង្គល បវរមហាប្រសើរជូនចំពោះកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ឱ្យទទួលបានជោគជ័យថ្មីៗជាបន្តទៀតក្នុងកិច្ចការពារឯករាជ្យ សន្តិភាព អធិបតេយ្យ បូរណភាពទឹកដីជូនប្រទេសជាតិ ដើម្បីប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស រស់នៅប្រកបដោយសេចក្តីសុខសាន្ត មានជីវភាពធូរធា និងសម្បូររុងរឿង។

ជាមួយគ្នានេះ សម្តេចពិជ័យសេនា សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ស្វាមី ភរិយា ជាគ្រួសារនៃកងកម្លាំងបញ្ហាការដ្ឋានអង្គរក្សដែលមានទឹកចិត្តជ្រះថ្លា សុខចិត្តលះបង់កូន ចៅ ប្រពន្ធឱ្យបម្រើក្នុងជួរកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស និងផ្ដល់ពេលវេលាគ្រប់គ្រាន់ឱ្យពួកគាត់បំពេញ ភារកិច្ចស្នូលនៅក្នុងអង្គភាព។ ខ្ញុំសូមចាត់ទុកថាការលះបង់នេះ គឺជាការលះបង់ប្រកបដោយកិត្តិយស និង មោទនភាពជាតិខ្ពស់បំផុត។ ទន្ទឹមនេះ ខ្ញុំក៏សូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និងជូនពរដល់នាយទាហាន នាយ ទាហានរង និងពលទាហានបញ្ហាការដ្ឋានអង្គរក្ស ដែលមានរបួសឬមានជំងឺប្រចាំកាយ ហើយកំពុងសម្រាក ព្យាបាលនៅតាមមន្ទីរពេទ្យ និងតាមគេហដ្ឋាន សូមឆាប់ជាសះស្បើយបានវិលមកជួបជុំក្រុមគ្រួសារ មិត្តភក្តិ និង សហការី ដើម្បីបន្តភារកិច្ចការងារជូនអង្គភាពវិញ។

សន្តិភាព ស្ថិរភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការ ធានាជំរុញការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ដែលក្នុងនោះកងកម្លាំងបញ្ជាការដ្ឋានអង្គរក្សមានតួនាទី ភារកិច្ចចូលរួមយ៉ាងសកម្មក្នុងការរ៉ាប់រងភារកិច្ចដ៏ធំធេងនេះ។ តាំងពីមុនក៏ដូចទៅអនាគត ក្រសួងការពារជាតិ តែងតែយកចិត្តទុកដាក់ ខិតខំធ្វើការកែទម្រង់កងកម្លាំងបញ្ហាការដ្ឋានអង្គរក្ស លើកកម្ពស់ស្មារតីឧបត្ថម្ភគាំទ គ្រប់កាលៈទេសៈ សំដៅធ្វើទំនើបកម្មកងកម្លាំងមានសមត្ថភាពជំនាញជីវៈពិតប្រាកដ។

សមិទ្ធផល និងសក្ខីកម្មច្រើនរាប់មិនអស់ ដែលកងកម្លាំងបញ្ជាការដ្ឋានអង្គរក្សបង្កើតឡើងនាពេលកន្លង មក ត្រូវបានកត់ត្រាទុកជាប្រវត្តិសាស្ត្រយោធា ជាពិសេសនៅពេលថ្មីៗកន្លងទៅនេះ បញ្ហាការដ្ឋានអង្គរក្សបាន ចូលរួមយ៉ាងសកម្មក្នុងការការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ការដោះស្រាយសភាពការណ៍សង្គម ការបញ្ចៀសមហន្តរាយនានាប៉ះពាល់ដល់ខឿនការពារជាតិ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ធានាប្រក្រតីភាពជីវភាពសង្គម និងបានតស៊ូយ៉ាងស្វិតស្វាញក្នុងកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យ ជាតិ។

វឌ្ឍនភាពដែលបានកត់សម្គាល់បន្ថែមទៀត នោះគឺកិច្ចសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធរៀបចំការពារ សន្តិសុខ សុវត្ថិភាពតាមគោលដៅប្រារព្ធពិធីវេទិកា និងព្រឹត្តិការណ៍ជាតិ អន្តរជាតិជូនសម្តេចតេជោ នាយក រដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ប្រកបដោយសុវត្ថិភាព។ ជាមួយ នឹងសមិទ្ធផលដែលលេចធ្លោទាំងនេះ កងកម្លាំងបញ្ហាការដ្ឋានអង្គរក្សបានបង្កើតឡើងនូវស្នាដៃជាច្រើនទៀតក្នុង ការចូលរួមជាមួយស្ថាប័នមានសមត្ថកិច្ច រៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសង្គម រួមទាំងការគ្រប់គ្រងមនុស្ស មធ្យោបាយ ការចូលរួមបង្កបង្កើនផល ការងារមនុស្សធម៌ និងកិច្ចការសង្គម ដែលសកម្មភាពទាំងអស់នោះ បាន ឆ្លុះបញ្ចាំងពីឧត្តមគតិស្នេហាជាតិ និងប្រជាពលរដ្ឋ ប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស់ សក្តិសមជាកងកម្លាំង បម្រើប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។

ថ្វីត្បិតតែសព្វថ្ងៃនេះមាតុភូមិរបស់យើងកំពុងគ្របដណ្តប់ដោយសន្តិភាព ពាសពេញផ្ទៃប្រទេសក៏ពិតមែន ប៉ុន្តែសំណូមពរនៃការអភិវឌ្ឍន៍ប្រទេសជាតិ នៅតែបន្តទាមទារនូវសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម។ ការបង្កើតបរិយាកាសកក់ក្ដៅ សម្រាប់សុវត្ថិភាពផ្លូវកាយ ផ្លូវចិត្តជូនប្រជាពលរដ្ឋ គឺជាមហិច្ឆតា របស់រាជរដ្ឋាភិបាល ដែលប្រការទាំងអស់នេះទាមទារឱ្យកងម្លាំងបញ្ជាការដ្ឋានអង្គរក្សបន្តខិតខំប្រឹងប្រែង លើក កម្ពស់សមត្ថភាពជំនាញលើគ្រប់ផ្នែកឱ្យស្របតាមសភាពការណ៍វិវត្តរីកចម្រើននាពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីបំពេញភារកិច្ចប្រចាំថ្ងៃរបស់ខ្លួន សំដៅរួមចំណែកក្នុងការធានាសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ៕

អត្ថបទដែលជាប់ទាក់ទង