ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា និងគុយបា ពង្រឹងទំនាក់ទំនង

87

ភ្នំពេញ ៖ នៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២២ លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា នៅក្នុងជំនួបនាថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានពិភាក្សាការងារជាមួយ ឯកឧត្តម Gerardo Geñalver Portal អនុរដ្ឋមន្ត្រីការបរទេសទី១ នៃសាធារណរដ្ឋគុយបា អំពីការត្រៀមរៀបចំសម្រាប់ ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់រវាងប្រទេសទាំងពីរនាពេលខាងមុខនេះ ជាមួយក្តីរំពឹងទុកយ៉ាង មុតមាំថា ការផ្លាស់ប្តូរទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ អាចនឹងត្រួសត្រាយផ្លូវសម្រាប់ការពង្រឹងបន្ថែម ទៀតនូវទំនាក់ទំនងទ្វេភាគី។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេសទី១ Gerardo Geñalver Portal ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី០១-០៣ ខែកញ្ញា ឆ្នាំ២០២២ បានវាយតម្ល ខ្ពស់ចំពោះមិត្តភាពដ៏យូរអង្វែងរវាងប្រជាជាតិទាំងពីរ និងចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ជាពិសេស នៅក្នុងវិស័យសុខាភិបាល អប់រំ និងកីឡា និងបានសម្តែងនូវចំណាប់អារម្មណ៍ក្នុងពង្រឹងកិច្ចសហ ប្រតិបត្តិការនៅក្នុងវិស័យទាំងនេះបន្ថែមទៀត។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការ ផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគីដែលនៅមានទំហំតូចនៅឡើយ ព្រមទាំងបានផ្ដល់អនុសាសន៍ឱ្យកិច្ច ប្រជុំពិគ្រោះយោបល់នយោបាយរវាងប្រទេសទាំងពីរដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខនេះ រិះរក វិធីនិងមធ្យោបាយនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការវិនិយោគបន្ថែមទៀត។

ឯកឧត្តម Gerardo Penalver Portal បានកោតសរសើរចំពោះជោគជ័យដ៏គួរឱ្យកត់សម្គាល់របស់ កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ខណៈ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឆ្លើយតបដោយសម្តែងនូវចំណាប់អារម្មណ៍ចំពោះកម្លាំងសេដ្ឋកិច្ច របស់ប្រទេសគុយបា។ ទាំង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេសទី១ បានបង្ហាញចំណាប់អារម្មណ៍ចំពោះការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ រវាងប្រទេសទាំងពីរ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម Gerardo Penalver Portal បានពិភាក្សាអំពីកិច្ចសហ ប្រតិបត្តិការរវាងអាស៊ាន និងគុយបា ផងដែរ និងបានកត់សម្គាល់ដោយក្តីរីករាយចំពោះការចូលរួមរបស់គុយបាក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC នៅឆ្នាំ ២០២០។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានជំរាបជូនភ្ញៀវអំពីបញ្ហាក្តៅ និងការប្រឈមនានា ដែល កម្ពុជាបាននិងកំពុងប្រឈមក្នុងនាមប្រធានអាស៊ានប្តូរវេន។ ឯកឧត្តម Gerardo Penalver Portal បានអបអរសាទរចំពោះតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា និងបានកោតសរសើរកម្ពុជាសម្រាប់ ការដោះស្រាយការប្រឈមទាំងនោះជាមួយនឹង “ការទូតដ៏ប៉ិនប្រសប់ និងភាពឈ្លាសវៃ»។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេសទី១ Gerardo Peñalver Portal ក៏បានផ្លាស់ប្តូរទស្សនៈគ្នាផងដែរលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជា ចំណាប់អារម្មណ៍រួម និងមានការប្តេជ្ញាចិត្តរួមគ្នា បន្តការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ។

នៅក្រោយជំនួបនេះ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ នយោបាយលើកទី២ ជាមួយឯកឧត្តម Gerardo Peñalver Portal៕

អត្ថបទដែលជាប់ទាក់ទង