ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ វត្តមានរបស់សម្តេច ហ៊ុន សែន នៅអង្គការសហប្រជាជាតិ បង្ហាញពីបរាជ័យធ្ងន់ធ្ងររបស់ក្រុមប្រឆាំង!

253


ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចាកចេញពីភ្នំពេញ ដើម្បីទៅចូលរួមកិច្ចប្រជុំទូទៅ លើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៣ នាពេលនេះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងធ្វើសេចក្តីថ្លែងការណ៍មួយ ផ្តោតលើការវិវត្តនាពេលថ្មីៗ និងសមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាល សម្រេចបាន និងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការព្រួយបារម្ភរួម។
ជាមួយគ្នានេះ ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹងជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយលោក អង់តូនីញ៉ូ ហ្គូតេរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បូយកូ បូរីស្សូវ (Boyko Borissov) នាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក ខាដហ្កា ប្រ៉ាសាទ ស្សាម៉ា អូលី (Khadga Prasad Sharma Oli) នាយករដ្ឋមន្ត្រីនេប៉ាល់ និងជួបពិភាក្សាដោយមិត្តភាពជាមួយប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃប្រទេសមួយចំនួនទៀត។
ក្រសួងការបរទេស ក៏បានប្រកាសថា ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបជាមួយសហគមន៍ខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា ផងដែរ។
គេនៅចាំបានថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញឡើងថ្លែងការណ៍ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ២លើករួចមកហើយ គឺនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០០៥ និងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥។ ដូច្នេះអង្គការសហប្រជាជាតិ នៅតែចាត់ទុកកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មានតួនាទីដ៏សំខាន់ ស្មើមុខជាមួយនឹងបណ្តាប្រទេសសមាជិកអង្គការសហប្រជាជាតិដទៃទៀត។
នៅមុនការបោះឆ្នោត និងក្រោយការបោះឆ្នោត កាលពីខែកក្កដា ឆ្នាំ២០១៨ ក្រុមគណបក្សប្រឆាំង ដែលមានលោកសមរង្ស៊ី ជាមេក្លោង បានធ្វើចលនា ឲ្យសហគមន៍អន្តរជាតិ ពិសេសសហរដ្ឋអាមេរិក ត្រូវដាក់ការគាបសង្កត់ និងមិនទទួលស្គាល់រដ្ឋាភិបាលកម្ពុជា ព្រមទាំងចង់ឲ្យដកអាសនៈកម្ពុជា ចេញពីអង្គការសហប្រជាជាតិ ថែមទៀត។
ក៏ប៉ុន្តែផែនការរបស់គណបក្សប្រឆាំង នៅពេលនេះ កាន់តែអាម៉ាស់ខ្លាំងឡើងៗទៅវិញ។ នោះគឺសហរដ្ឋអាមេរិក មិនមែនស្អប់កម្ពុជា មិនចាប់ដៃ មិនមែនមិនទទួលស្គាល់រាជរដ្ឋាភិបាលកម្ពុជា ដែលបន្តដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ឯណា! ផ្ទុយទៅវិញ អាមេរិក តាមរយៈលោកប្រធានាធិបតី ដូណាល់ ត្រាំ បានទទួលស្វាគមន៍កម្ពុជា តាមរយៈឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ហើយប្រកាសបន្តធ្វើការជាមួយកម្ពុជារួចជាស្រេច មុនពេលសម្តេចតេជោ ជាន់ដីអាមេរិក នៅចុងសប្តាហ៍នេះទៅទៀត។
ដោយឡែក អង្គការសហប្រជាជាតិឯណោះវិញ ក៏អង្គការសហប្រជាជាតិ មិនបានស្តាប់សំឡេងក្រុមប្រឆាំង ដឹកនាំដោយលោកសមរង្ស៊ីឡើយ។ ផ្ទុយទៅវិញ អង្គការសហប្រជាជាតិ ផ្តល់តួនាទីដល់កម្ពុជា ធ្វើជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៣ នៅពេលនេះ ហើយអញ្ជើញសម្តេចតេជោ ហ៊ុនសែន ឡើងថ្លែងការណ៍ថែមទៀតផង។
រីឯក្រុមលោកសមរង្ស៊ី ដែលគ្មានសិទ្ធិសូម្បីតែចូលក្នុងរបងបរិវេណអង្គការសហប្រជាជាតិ ក៏ត្រូវបានមានសំឡេងឯណា ទៅលើកឡើងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនោះទេ។ រីឯគម្រោងធ្វើបាតុកម្មទៀតសោត មិនដឹងជាអាជ្ញាធរសហរដ្ឋអាមេរិក រៀបចំឲ្យចំនៅកៀនកោះឯណា ឆ្ងាយពីទីស្នាក់ការធំរបស់អង្គការសហប្រជាជាតិផង ដើម្បីកុំឲ្យរំខានកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំពិភពលោក។
ម្យ៉ាងវិញទៀត មិនត្រឹមតែចូលរួម និងឡើងថ្លែងការណ៍ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិទេ តែសម្តេចតេជោ ហ៊ុន សែន ក៏នឹងជួបប្រជុំពិភាក្សាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិថែមទៀត ដើម្បីជម្រាបជូនអំពីលទ្ធភាពរបស់កម្ពុជា ក្នុងការបង្កើនចំនួនកងកម្លាំងប្រដាប់អាវុធ ដើម្បីចូលរួមក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិ ក្នុងការស្វែងរក និងថែរក្សាសន្តិភាពនៅប្រទេសនានា បន្ថែមលើកងកម្លាំងប្រដាប់អាវុធ ដែលកម្ពុជាបានចូលរួមជាមួយអង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៦ មកទល់ពេលនេះ មានជាង ៥០០០នាក់ហើយនោះ។
សរុបមក វត្តមានរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ក្រៅពីបំបាក់មុខមាត់របស់ក្រុមប្រឆាំង ក៏បង្ហាញអំពីការលើកតម្កើងតួនាទី និងកិត្តិយសរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ដោយស្មើមុខស្មើភាពជាមួយបណ្តាប្រទេស ជាសមាជិកអង្គការសហប្រជាជាតិផងដែរ៕

អត្ថបទដែលជាប់ទាក់ទង