ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រឿងញៀនជាងមួយគីឡូក្រាម និងជនសង្ស័យពីរនាក់ត្រូវបានកម្លាំងអាវុធហត្ថ ខេត្តស្ទឹងត្រែងបង្ក្រាប

76


ស្ទឹងត្រែង៖ ជនសង្ស័យពីរនាក់ ដែលជួញដូរគ្រឿងញៀនជាងមួយគីឡូក្រាម ត្រូវកម្លាំងអាវុធហត្ថ ខេត្តស្ទឹងត្រែងបង្ក្រាប ហើយនៅថ្ងៃទី២៧កញ្ញា ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី ។

សូមបញ្ជាក់ថា នៅវ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ចំណុចភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសៀមប៉ាង ដឹកនាំដោយលោកវរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរង បានចុះបង្ក្រាបបទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ជុំ ណាវណ្ណៈ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។ ចាប់យកវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ice)១កញ្ចប់ធំ ទំងន់ ១០២៤,៥៤ក្រាម ទូរស័ព្ទ ១គ្រឿង។ តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ជុំ ណាវណ្ណៈ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៣ និង ៣០នាទី នៅចំណុចភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលជាមេក្លោងរកស៊ីជួញដូរគ្រឿងញៀនឆ្លងដែនមកពីប្រទេសឡាវ ឈ្មោះ សាំង ញ៉ង ភេទស្រី អាយុ ៤៨ឆ្នាំ ជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅចំណុចឃាត់ខ្លួនខាងលើ ។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង