ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ បង្កើតក្រុមការងារ ត្រួតពិនិត្យទីតាំង អាជីវកម្មទទួលបញ្ចាំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ

83

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្ដីសម្រេចមួយ ដើម្បីបង្កើតក្រុមការងារត្រួតពិនិត្យទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាទិភោគដោយអនុប្បទាន ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

ក្នុងសេចក្ដីសម្រេច បានឲ្យដឹងថា ក្រុមការងារនេះមានលោក ឃួង ស្រេង ផ្ទាល់តែម្ដងជាប្រធាន អមដោយអនុប្រធាន៣រូប និងសមាជិកជាច្រើនរូបផ្សេងទៀត ក្នុងនោះមានទាំងអភិបាលខណ្ឌទាំង១៤ និងប្រធានពន្ធដាខណ្ឌទាំង៩ផងដែរ។

ក្រុមការងារត្រួតពិនិត្យទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានតួនាទី ភារកិច្ចដូចខាងក្រោម៖

– ចុះត្រួតពិនិត្យទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន នៅក្នុង

ភូមិសាស្ត្ររាជធានីភ្នំពេញ និងផ្អាកសកម្មភាពអាជីវកម្មជាបណ្ដោះអាសន្នសិនចំពោះទីតាំង ដែលមានលិខិតអនុញ្ញាត ឬ ពុំមានលិខិតអនុញ្ញាត ឬ ទីតាំងដែលមិនមានលក្ខណៈសមស្រប តាមលក្ខខណ្ឌដែលក្រុមការងារបានកំណត់

– ណែនាំ និងផ្សព្វផ្សាយដល់ម្ចាស់ទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយ អនុប្បទាន ដែលមានអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយពុំទាន់មានលិខិត អនុញ្ញាតទីតាំងពីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវមកបំពេញបែបបទសុំលិខិតអនុញ្ញាតទីតាំង ដើម្បីក្រុមការងារចុះពិនិត្យមុននឹងផ្ដល់លិខិតអនុញ្ញាតទីតាំងជូន

– ចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ចំពោះម្ចាស់ទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួល ប្រាតិភោគដោយអនុប្បទាន ដែលទទួលទិញ-លក់ ឬ ទទួលបញ្ចាំទ្រព្យសម្បត្តិទាំងឡាយ ដែលបានមកពីបទល្មើសផ្សេងៗ ឬ ពុំមានឯកសារបញ្ជាក់អត្តសញ្ញាណត្រឹមត្រូវ។ ក្នុងករណី ទីតាំងពុំមានច្បាប់អនុញ្ញាត ត្រូវធ្វើកំណត់ហេតុបិទទីតាំងអាជីវកម្ម រឹបអូស និងដកហូតសម្ភារៈ ដែលពាក់ព័ន្ធនឹងការទទួលបញ្ចាំជាបន្ទាន់។ ករណីធ្ងន់ធ្ងរ ត្រូវកសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ – អនុវត្តភារកិច្ចផ្សេងទៀតតាមការចាំបាច់។

– ក្រុមការងារ ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធាន – អនុប្រធាន និងសមាជិកក្រុមការងារ ត្រូវទទួលភារកិច្ចតាមការចាត់ចែងរបស់ប្រធាន

– ក្រុមការងារ មានសិទ្ធិប្រើប្រាស់មន្ត្រីក្រោមឱវាទ ដើម្បីសម្រួលការងារក្នុងករណីចាំបាច់

– ក្រុមការងារ អាចធ្វើការកែសម្រួលសមាសភាព ឬ តួនាទី ភារកិច្ចក្នុងករណីចាំបាច់។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ៖

អត្ថបទដែលជាប់ទាក់ទង