ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ស ខេង ស្នើធនាគារអភិវឌ្ឍន៍អាស៊ី គាំទ្រលើគម្រោងពង្រឹង សមត្ថភាពរដ្ឋបាលស្រុកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន

49

 

ភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកស្រី Jyotsana Verma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB ប្រចាំនៅកម្ពុជាទើបតែងតាំងថ្មី ចូលជួបសម្ដែងការគួរសម នៅវិមានរដ្ឋសភា។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងថាក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចសូមថ្លែងអំណរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលបានបន្តបេសកម្មជាមួយកម្ពុជាជាច្រើនឆ្នាំ រហូតក្លាយជាដៃគូអភិវឌ្ឍន៍មួយមិនអាចខ្វះបាន។

សម្ដេចបន្តថាADB ក៏ជាម្ចាស់ជំនួយមួយដែលបានរួមចំណែកជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាបញ្ហាស្មុគស្មាញ និងប្រសិនបើគ្មានការគាំទ្រពីភាគីពាក់ព័ន្ធទេ នឹងមិនអាចទទួលបានជោគជ័យដូចសព្វថ្ងៃនោះឡើយ។

សម្ដេចបន្ថែមថា ADB ក៏បានជួយគាំទ្រកម្ពុជាក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តាំងពីឆ្នាំ២០០២ ជាមួយនឹងគម្រោងអភិវឌ្ឍន៍មួយចំនួនទៀត ជាមួយបណ្ដាប្រទេសនៅតាមបណ្ដោយដងទន្លេមេគង្គ។

ពាក់ព័ន្ធនឹងកំណែទម្រង់វិជម្ឈការ និងវិសហមជ្ឈការសម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនលោកស្រីនាយិកាថាផ្អែកតាមប្រវត្តិសាស្រ្ត ការងារកំណែទម្រង់នេះគឺជាការងារមួយដ៏ថ្មីសន្លាង ទាមទារឱ្យមានការយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តខ្ពស់។

សម្ដេចបន្តថា រាជរដ្ឋាភិបាលបានទទួលបានជោគជ័យជាបន្តបន្ទាប់ ដោយកំណែទម្រង់នេះ បានចូលរួមចំណែកដល់ការលើកម្ពស់នូវស្ថិរភាព ភាពជាម្ចាស់ ការកាត់បន្ថយភាពក្រីក្រ និងការលើកម្ពស់ការចូលរួមរបស់ស្រ្តីនៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ។

សម្ដេចក៏បានលើកឡើងបញ្ហាមួយចំនួនដែលត្រូវដោះស្រាយក្នុងការងារមួយចំនួនពាក់ព័ន្ធនឹងកំណែម្រង់នេះ រួមទាំងការងារកំណែទម្រង់ដែលជាគោលនយោបាយដ៏មានសារៈសំខាន់ដែលបានដាក់ចេញឱ្យអនុវត្តជិត២ទស្សវត្សរ៍មកហើយ។

សម្ដេចបង្ហាញការសន្និដ្ឋានថា ការយល់ដឹងរបស់អ្នកពាក់ព័ន្ធនានាទាំងស្ថាប័នសាធារណៈ និងសង្គមស៊ីវិលពាក់ព័ន្ធនឹងកំណែទម្រង់នេះនៅមានកម្រិត មានការយល់ឃើញ និងបកស្រាយផ្សេងៗគ្នាអំពីចក្ខុវិស័យ និងគោលបំនងនៃកំណែទម្រង់នេះ។

បញ្ហាប្រឈមទី២គឺបញ្ហារចនាសម្ព័ន្ធនៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ នៅមិនទាន់មានលក្ខណៈសមស្របពេញលេញតាមចរិតលក្ខណៈផ្សេងៗគ្នានៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដូចជាទីក្រុងធំ ទីប្រជុំជន និងទីជនបទ។

បញ្ហាមួយទៀតពាក់ព័ន្ធនឹងការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលសម្ដេចបន្ថែមថាសព្វថ្ងៃនេះ រាជរដ្ឋាភិបាលបានផ្ទេរមុខងារចំនួន៥៥ ក្នុងវិស័យចំនួន២០ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ តែទោះជាយ៉ាងណាការផ្ទេរនេះពុំទាន់មានលក្ខណៈសមស្របតាមចំនួនមុខងារ និងទំហំមុខងារនីមួយដែលបានផ្ទេរទៅ ព្រមទាំងពុំទាន់មានភាពរលូននៅឡើយ។

សម្ដេចបន្តថា ជាក់ស្ដែងថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវច្បាប់ និងអនុក្រឹត្យពាក់ព័ន្ធនឹងការវិនិយោគដែលអនុញ្ញាតឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អាចសម្រេចលើគម្រោងត្រឹមទឹកប្រាក់៥លានដុល្លារអាមេរិក ដោយពុំចាំបាច់មានការឆ្លងពីថ្នាក់ជាតិ ប៉ុន្តែពុំទាន់មានរដ្ឋបាលណាមួយពិនិត្យសម្រេចលើការងារនេះនៅឡើយទេ។

សម្ដេចបានបន្តទៀតថាបញ្ហាទាំងនេះ ទាមទារឱ្យមានការគាំទ្រពីរដ្ឋបាលថ្នាក់ជាតិ ព្រោះបើអនុវត្តមិនបានជោគជ័យ អាចប៉ះពាល់ដល់អារម្មណ៍ និងមតិរបស់សាធារណជនលើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ខណៈបញ្ហាមួយទៀតគឺប្រព័ន្ធគ្រប់គ្រងបុគ្គលិក និងអភិវឌ្ឍធនធានមនុស្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

សម្ដេចក៏បានលើកឡើងពីបញ្ហាសំខាន់មួយទៀតដែលមានលក្ខណៈជាអន្តរវិស័យមួយចំនួន ដូចជាការរៀបចំប្រព័ន្ធអភិបាលកិច្ចឌីជីថល ការប្រែប្រួលអាកាសធាតុ ការលើកកម្ពស់សមភាពយ៉ែនឌ័រ បរិយាប័ន្ន និងការលើកម្ពស់សមធម៌សង្គម ពុំទាន់បានជ្រួតជ្រាប និងអនុវត្តបានពេញលេញក្នុងការបំពេញការងារជាទូទៅនៅឡើយ។

សម្ដេចក៏បានលើកឡើងដែរថា នៅពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវកម្មវិធីជាតិថ្មីមួយ ក្នុងនោះនឹងមានការឆ្លើយតបដោះស្រាយបញ្ហាខាងលើនេះ។ ជាមួយគ្នានេះ សម្ដេច ក៏បានសម្ដែងការអរគុណចំពោះADB ដែលបានសហការអនុវត្តគម្រោងបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋានដែលមានរយៈពេល៥ឆ្នាំ។

សម្ដេចបន្តថា គម្រោងនេះ កំពុងមានការអនុវត្តយឺតយ៉ាវ ជាងផែនការដែលបានគម្រោងទុកប្រមាណ៥ខែ ដោយសារកត្តាការគ្រប់គ្រងដីធ្លី សម្រាប់សាងសង់សាលា និងដោយសារបញ្ហាកូវីដ-១៩ ហើយផ្អែកតាមការលើកឡើងមកនេះ សម្ដេចសង្ឃឹមថាADB នឹងបន្តគាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក៏ដូចជាកម្មវិធីជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាដំណាក់កាលទី២។

សម្ដេចក៏បានលើកឡើងសំណើរមួយចំនួនទៅដល់ADB ដូចជា ការបន្តស្វែងរកអ្នកជំនាញបច្ចេកទេសបន្ថែម ដើម្បីគាំទ្រទៅលើការងារអន្តរវិស័យមួយចំនួនដូចជាការរៀបចំប្រព័ន្ធអភិបាលកិច្ចឌីជីថល ការប្រែប្រួលអាកាសធាតុដែលកិច្ចការងារនេះជាកិច្ចការថ្មីដែលទាមទារឱ្យមានការគាំទ្រពីដៃគូអភិវឌ្ឍន៍។

សម្ដេចក៏បានស្នើធនាគារអភិវឌ្ឍន៍អាស៊ីគាំទ្របន្ថែម សម្រាប់ថវិកាគាំទ្រគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលនៅខ្វះខាត។ សម្ដេចក៏បានស្នើឱ្យគាំទ្រដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ក្រៅពីអគារសាលាជាតិរដ្ឋបាលមូលដ្ឋាន ដូចជាសួនច្បារ ទីធ្លារកីឡា និងស្រះទឹកជាដើម។

សម្ដេចក៏បានស្នើADB គាំទ្របច្ចេកទេស និងសម្ភារៈសម្រាប់ការងារស្រាវជ្រាវរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន រួមទាំងការកសាងប្រព័ន្ធទិន្នន័យ ពាក់ព័ន្ធនឹងអភិបាលកិច្ចមូលដ្ឋាន។ សម្ដេចក៏ស្នើគាំទ្រលើគម្រោងពង្រឹង សមត្ថភាពរដ្ឋបាលស្រុកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។

លោកស្រីនាយិកាADB បានថ្លែងអំណរគុណសម្ដេចក្រឡាហោម ដែលបានទទួលលោកស្រី និងបានមានប្រសាសន៍ថា ធនាគារអភិវឌ្ឍន៍អាស៊ីគឺជាដៃគូដ៏រឹងមាំ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងមហាផ្ទៃ ដែលមានគម្រោងមួយចំនួន បាននិងកំពុងអនុវត្តជាមួយគ្នា។

លោកស្រីបានថ្លែងអំណរគុណចំពោះការវាយតម្លៃខ្ពស់របស់សម្ដេចក្រឡាហោម សម្រាប់ការគាំទ្ររបស់ADBក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលទទួលបានលទ្ធផលគួរឱ្យកោតសរសើរ។ ដោយឡែកពាក់ព័ន្ធនឹងគម្រោងADB នៅតាមដងទន្លេមេគង្គលោកស្រី ក៏បានជម្រាបជូនសម្ដេចថា គម្រោងទាំងនោះបានបញ្ចប់ក្រោយរយៈពេល២០ឆ្នាំ ប៉ុន្តែនៅមានការងារបន្តបន្ទាប់ទៀតពាក់ព័ន្ធវិស័យនេះ ដែលADBកំពុងសិក្សា។

លោកស្រីក៏បានសម្ដែងការអបអរសាទរ ចំពោះរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការប្ដេជ្ញាចិត្ត និងឆន្ទៈក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាការងារមួយ ទាមទាររយៈពេយូរអង្វែង។ លោកស្រីបានសម្ដែងការរីករាយយ៉ាងក្រៃលែង​ ដែលបានដឹងព័ត៌មានតាមរយៈសម្ដេចក្រឡាហោមថា រាជរដ្ឋាភិបាលកម្ពុជាបានផ្ដោតសំខាន់ និងយកចិត្តទុកដាក់ចំពោះសមភាពយ៉ែនឌ័រ។

ឆ្លើយតបនឹងសំណើរសម្ដេច លោកស្រីបានជម្រាបជូននូវការទទួលយកសំណើរទាំងនេះ និងបន្តធ្វើការសិក្សាជាមួយក្រុមការងារក្រសួងមហាផ្ទៃ ដើម្បីធានាបានប្រសិទ្ធភាពការងារនៃគម្រោងរវាងADBនិងក្រសួងមហាផ្ទៃ។

លោកស្រីបានបន្តថាចំពោះការងារពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុសព្វថ្ងៃ ADB កំពុងរៀបចំគម្រោង តម្លៃដល់ទៅ១០០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០៣០ ដោយលោកស្រីស្នើសុំសម្ដេចផ្ដល់គាំទ្រ។

ជាការឆ្លើយតបចំពោះការលើកឡើងរបស់លោកស្រីនាយិកា ADBនោះ សម្ដេចក្រឡាហោម បានត្រៀមខ្លួនបន្តធ្វើការងារជាមួយលោកស្រីនាយិកា ក្នុងអាណត្តិរបស់លោកស្រីនៅប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង