ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឈ្នះមេដាយមាស១គ្រឿង ពីការប្រកួតម៉ូតូទឹក នៅអាមេរិក

143

ភ្នំពេញ៖ កីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា កៃ វ៉ាន់ស៊ីដែន បានឈ្នះមេដាយមាស ១គ្រឿង លើវិញ្ញាសា Novice ski stock ជូនកម្ពុជា កាលពីល្ងាចថ្ងៃទី០៤ ខែតុលាម្សិលមិញ ក្នុងការប្រកួតកីឡាម៉ូតូទឹក ជ្រើសរើសជើងឯកពិភពលោក Jet Ski World Series Season 2022 ជុំទី២ នៅ Lake Havasu City, រដ្ឋ Arizona សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៥-៩ ខែតុលា ឆ្នាំ២០២២។

កីឡាករ សាលី អូម៉ើត បានប្រាប់ឲ្យដឹងតាមរយៈសារអេឡិចត្រូនិច ពីសហរដ្ឋអាមេរិក មកថា ការប្រកួតកីឡាម៉ូតូទឹក នៅសហរដ្ឋអាមេរិកនេះ ក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជាចំនួន ៥រូប រួមមាន កីឡាករ សាលី អូម៉ើត, សាលី ហ្វីលីន, មីន ម៉ូស្តាន់, មីន អូស្មាន់ និងកីឡាករ កៃ វ៉ាន់ស៊ីដែន បានចូលរួមប្រកួតប្រជែងជាមួយអត្តពលិកខ្លាំងៗ ធ្លាប់ឈ្នះពានកម្រិតទ្វីបអាស៊ី អឺរ៉ុប និងពិភពលោក មកពីបណ្តាទ្វីបនានាជុំវិញពិភពលោក។
សាលី អូម៉ើតបន្តថាការប្រកួតនេះគឺជាការបន្សាំខ្លួនរបស់អត្តពលិកជម្រើសជាតិម៉ូតូទឹក ពង្រឹងសមត្ថភាព ដកស្រង់បច្ចេកទេស ត្រៀមដណ្តើមមេដាយ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

ទាក់ទងនឹងការចូលរួមប្រកួតជើងឯកកម្រិតពិភពលោកខាងលើ លោកណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាបានបង្ហាញមោទនភាពចំពោះអត្តពលិកជម្រើសជាតិម៉ូតូទឹកម្ពុជា ដែលខិតខំប្រឹងប្រែងហ្វឹកហាត់ រហូតទទួលបានលទ្ធផលគួរជាទីមោទន ដោយកីឡាករ កៃ វ៉ាន់ស៊ីដែន ដណ្តើមបានមេដាយមាស ១គ្រឿង លើវិញាសា Novice ski stock។
លោកប្រធានសហព័ន្ធបានបន្តថាថាក្រៅពីកីឡាករកៃវ៉ាន់ស៊ីដែនក៏មានកីឡាករដែលមានសក្តានុពលជាច្រើន កំពុងត្រៀមប្រជែងយកមេដាយ ឬពានជូនកម្ពុជាក្នុងនោះមានដូចជា កីឡាករ សាលី អូម៉ើត ,សាលី ហ្វីលីន, មីន ម៉ូស្តាន់, មីន អូស្មាន់ នឹងត្រូវធ្វើការប្រកួតផងដែរ។
ក្នុងនាមសហព័ន្ធ លោកណុះ ស្លេះ ក៏បានថ្លែងអំណរគុណដល់លោក Karl Heinrich Knauf អនុប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា និងជាប្រធានក្លឹប Flamingo Jet Ski Team ប្រទេសថៃនិងជាប្រធានក្រុមហ៊ុនKnaufដែលតែងតែឧបត្ថម្ភគ្រប់បែបយ៉ាងដល់ក្រុមកីឡាករម៉ូតូទឹកកម្ពុជាជាច្រើនឆ្នាំកន្លងមកចាប់តាំងពីមុនព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីរហូតមកដល់
បច្ចុប្បន្ន។

ការប្រកួតកីឡាម៉ូតូទឹក ជ្រើសរើសជើងឯកពិភពលោក Jet Ski World Series Season 2022 ជុំទី២ នៅអាមេរិក កម្ពុជាបញ្ជូនកីឡាករ ៥រូប រួមមាន វីរកីឡាករ សាលី អូម៉ើត ប្រកួត៥វិញ្ញាសា គឺវិញ្ញាសា Novice runabout 1100stock , Amateur runabout 1100stock , Pro am ski lites , Pro am four stroke ski lites , Pro am ski superstock។ ចំណែកឯ សាលី ហ្វីលីន ប្រកួត២វិញ្ញាសា គឺវិញ្ញាសា Amatuer runabout 1100 LTD , PRO AM RUNABOUT 1100 Stock ។ រីឯ មីន ម៉ូស្តាន់ ប្រកួត២វិញ្ញាសា គឺវិញ្ញាសា Amateur ski GP , Pro am ski superstock។ ដោយឡែក មីន អូស្មាន់ និងកីឡាករ កៃ វ៉ាន់ស៊ីដែន ប្រកួត១វិញ្ញាសា គឺវិញ្ញាសា Novice ski stock ដូចគ្នា៕

អត្ថបទដែលជាប់ទាក់ទង