ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សន្តិសុខក្លឹបរាត្រី X-ZOOM ព្រួតគ្នាវាយភ្ញៀវចូលផឹកស៊ី ក្រោយពេលគិតគិតលុយរួចរាល់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

128

ភ្នំពេញ ៖ ក្រុមសន្តិសុខក្លឹបរាត្រី X-ZOOM ប្រដាប់ដោយដំបងដែករលាត់ ព្រួតគ្នាវាយយុវជនមួយក្រុមជាភ្ញៀវចូលផឹកស៊ី គិតលុយរួចត្រឹមត្រូវ បណ្ដាលឲ្យមានអ្នករងរបួសជាច្រើននាក់ មិនតែប៉ុណ្ណោះក្រុមសន្តិសុខទាំងនោះបានចាប់ឃាត់យុវជន ៣នាក់ ដែលរងរបួសនោះយកចូលក្នុងបរិវេណក្លឹបបាត់ទៅ លុះសមត្ថកិច្ចមកដល់មិនបានឃាត់ក្រុមសន្តិសុខប្រដាប់ដោយដំបងដែករលាត់នោះទេ បែរជានាំខ្លួនយុវជនដែលរងរបួស ៣នាក់នោះ យកទៅសាកសួរនៅប៉ុស្តិ៍ទៅវិញ ធ្វើឲ្យមហាជនលាន់មាត់ថា “សមត្ថកិច្ចមូលដ្ឋានធ្វើការហាក់បីដូចជាលម្អៀង” ។

ហេតុការណ៍អំពើហិង្សារវាងក្រុមសន្តិសុខ និងភ្ញៀវនេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង ០៣ និង ៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០២២ នៅចំណុចមុខក្លឹបរាត្រី X-ZOOM ស្ថិតតាមមហាវិថីចោមចៅ (អតីតផ្លូវវេងស្រេង) ក្នុងសង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមសម្ដីយុវជនជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ បាននិយាយប្រាប់អ្នកយកព័ត៌មានយើងថា ៖ មុនពេលកើតហេតុ ជនរងគ្រោះរួមនិងមិត្តភក្តិគេជាច្រើននាក់ទៀតបាននាំគ្នាចូលទៅផឹកស៊ី និងរាំកម្សាន្តក្នុងក្លឹបអ៊ិចហ្សូម X-ZOOM ខាងលើ ។

ក្រោយពីផឹកស៊ីអស់ជាច្រើនម៉ោង មានក្រុមក្មេងស្ទាវម្ខាងទៀត បានមើលមុខក្រុមពួកគេ ហើយក្រុមពួកគេក៏បានមើលមុខវិញ តែមិនកើតមានជម្លោះវាយតប់គ្នាអ្វីកើតឡើងនោះទេ គ្រាន់តែមើលមុខគ្នាទៅវិញទៅមកប៉ុណ្ណោះ តែរឿងនេះក៏បានសើចដាក់គ្នាវិញ និងបានបញ្ចាប់ហើយ ។

ជនរងគ្រោះបានបន្តថា៖ ប៉ុន្តែពេលដែលគិតលុយរួចរាល់ ពួកគេ និងមិត្តភក្តិចេញពីក្លឹបគោលបំណងមកផ្ទះ ដោយខ្លះយកម៉ូតូចេញក្រៅរួច និងខ្លះទៀតមិនទាន់បានយកម៉ូតូចេញមកក្រៅទេ ស្រាប់តែសន្តិសុខក្លឹបដែលពាក់អាវខ្មៅរូបក្លឹប អ៊ិចហ្សូម X-ZOOM ខាងលើ បានរករឿងពួកគេ និងបានវាយមកលើពួកគេ ដោយសន្តិសុខក្លឹបនេះបានយកដំបងដែករលាត់ វាយបណ្តាលឲ្យមានអ្នករងរបួសបែកឈាមពេញមុខ និង ២នាក់ទៀតរងរបួសក្បាល ភ្លាមនោះមិត្តភក្តិប្រុសស្រីដែលចេញមកដល់មុខក្លឹបនោះបានចូលទៅជួយចាប់ទាញកុំឱ្យសន្តិសុខក្លឹបនោះវាយមិត្តភក្តិពួកគេទៀត តែបែរជាក្រុមសន្តិសុខនោះហៅសន្តិសុខជាច្រើននាក់ទៀតចេញមកជួយចាប់ និងព្រួតវាយដោយវិទ្យុទាក់ទង និងដែកដំបងរលាត់ ទើបក្រុមយុវជនប្រុសស្រីជាមិត្តភក្តិ បានចូលទៅជួយឃាត់កុំឲ្យវាយមិត្តភក្ដិពួកគេទៀត តែក៏ត្រូវក្រុមសន្តិសុខនោះប្រដាប់ដោយដំបងដែករលាត់ជាប់ដៃ រត់ដេញវាយពួកគេពេញផ្លូវថែមទៀត មិនតែប៉ុណ្ណោះក្រុមសន្តិសុខក្លឹបទាំងនោះបានចាប់ឃាត់យុវជន ៣នាក់ ដែលបានរងរបួស អូសចូលក្នុងបរិវេណក្លឹបបាត់ទៅ ។

ក្រោយមកក្រុមយុវជនប្រុសស្រីជាមិត្តភក្តិ បន្ទាប់ពីរត់គេចពីក្រុមសន្តិសុខនោះវាយរងរបួសស្រាល នាំគ្នាកើតទុក្ខមិនសុខចិត្ត និងស្នើរសុំឲ្យសមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍ផង ព្រោះក្រុមសន្តិសុខក្លឹបនេះបានវាយមិត្តភក្តិរបស់ពួកគេ ៣នាក់រងរបួសហើយយកចូលទៅខាងក្នុងបាត់ និងទើបបង្កការភ្ញាក់ផ្អើលពេញមុខក្លឹបរាត្រីនេះ ។

ប្រហែលជាកន្លះម៉ោងក្រោយមកទើបឃើញ វត្តមានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅទី ២ ចំនួន ៣នាក់ ចុះទៅដល់ ដោយប្រាប់ក្រុមអ្នកសារពត៌មានដែលកំពុងផ្សាយផ្ទាល់ហេតុការណ៍នេះថា ទុកឲ្យសមត្ថកិច្ចធ្វើការសិន រួចចូលទៅខាងក្នុងបាត់ មួយសន្ទុះក្រោយទើបឃើញចេញមកយកម៉ូតូជិះចូលទៅនាំខ្លួនយុវជនដែលត្រូវសន្តិសុខវាយឲ្យរបួសហើយអូសចូលក្នុងក្លឹប ៣នាក់នោះ យកទៅធ្វើការសាកសួរនៅប៉ុស្តិ៍ ដោយមិនបានឃាត់ក្រុមសន្តិសុខក្លឹបប្រដាប់ដោយដំបងដែករលាត់ដែលជាអ្នកវាយនោះ យកទៅសួរនាំដែរទេ ធ្វើឲ្យមហាជនលាន់មាត់ថា សមត្ថកិច្ចមូលដ្ឋានធ្វើការហាក់បីដូចជាលម្អៀង ។

បច្ចុប្បន្ន យុវជនដែលរបួសទាំង ៣នាក់ខាងលើ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅស្នាក់ការប៉ុស្តិ៍ចោមចៅទី ២ ចំណែកក្រុមសន្តិសុខក្លឹបខាងលើ សមត្ថកិច្ចមិនបាននាំទៅសាកសួរនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង