ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការងារ ចុះMOU ជាមួយក្រុមហ៊ុនឌីលីវើរី ហេរ៉ូ (ខេមបូឌា) ឯ.ក (Foodpanda) ក្នុងគោលដៅចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ

56

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អុិត សំហេង បានអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU)រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុនឌីលីវើរី ហេរ៉ូ (ខេមបូឌា) ឯ.ក (Foodpanda)។ អនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខារវាង ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Pichaya Thongthua នាយកគ្រប់គ្រងស្តីទីរបស់ក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (ខេមបូឌា) ឯ.ក (Foodpanda)។

អនុស្សរណៈ ដែលមានរយៈពេល២ឆ្នាំនេះ មានគោលបំណងបង្កើតនូវក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងគូភាគី ក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការចូលរួមក្នុងព្រឹត្តិការណ៍នានា។

ឯកឧត្តមបណ្ឌិត អុិត សំហេង បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមហ៊ុន ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជា ក្នុងការបង្កើតឱកាសការងារដល់យុវជនជិត១ពាន់នាក់ ដែលកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុន។ ឯកឧត្តមរដ្ឋមន្ត្រី មើលឃើញថា នៅក្នុងការបិទខ្ទប់ដោយសារការគំរាមកំហែងដោយកូវីដ-១៩ Foodpanda បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនម្ហូបអាហារសម្រាប់ផ្គត់ផ្គង់ដល់ពលរដ្ឋនៅក្នុងរាជធានីភ្នំពេញបានយ៉ាងល្អ។

ឯកឧត្តមបណ្ឌិត អុិត សំហេង បញ្ជាក់ថា គោលបំណងនៃពិធីចុះហត្ថលេខាក្នុងថ្ងៃនេះ ដើម្បីបង្កើតកិច្ចសហការគ្នាផ្តល់នូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទាំងជំនាញរឹង និងជំនាញទន់ ដើម្បីឲ្យបុគ្គលិក និងអ្នកដឹកជញ្ជូនរបស់ក្រុមហ៊ុនទាំងអស់ ទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទាំងនេះ ហើយក៏ជាការផ្តល់កិច្ចគាំពារបន្ថែមទៅដល់បុគ្គលិក និងអ្នកជញ្ជូនទៅជាសមាជិកបេឡាជាតិសន្តិសុខសង្គមដើម្បីទទួលអត្ថប្រយោជន៍ផ្សេងៗទៀត ខណៈកន្លងមកក្រុមហ៊ុនក៏បានផ្តល់សេវាធានារ៉ាប់រង ជាពិសេគ្រោះថ្នាក់ចរាចរណ៍ទៅដល់ផ្នែកអ្នកដឹកជញ្ជូន។

នាឱកាសនោះ លោកស្រី Pichaya Thongthua នាយកគ្រប់គ្រងស្តីទី បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីការចូលរួមចំណែករបស់ក្រុមហ៊ុននៅក្នុងការចូលរួមដោះស្រាយអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងវឌ្ឍនភាពរយៈពេល៣ឆ្នាំ ដែលក្រុមហ៊ុនបានដំណើរការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ លោកស្រីយល់ឃើញថា បន្ទាប់ពីមានកិច្ចព្រមព្រៀងនេះជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រុមហ៊ុន ទាំងជំនាញរឹង និងជំនាញទន់ កាន់តែមានគុណភាព។

លោកស្រី បន្ថែមថា តាមយៈការអនុវត្តអនុស្សរណៈ ក្រុមហ៊ុនក៏បានបង្ហាញឆន្ទៈក្នុងការលើកទឹកចិត្ត និងជម្រុញឱ្យបុគ្គលិករបស់ខ្លួនមកកំណត់អត្តសញ្ញាណនៅបេឡាជាតិសន្ដិសុខសង្គម។ ក្រុមហ៊ុននឹងពិភាក្សាអំពីការអនុវត្តផែនការសកម្មភាពនៃគម្រោងជាមួយទីភ្នាក់ងារជាតិ មុខរបរ និងការងារ បន្ទាប់ពីការចុះអនុស្សរណៈនេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ឲ្យខាងក្រុមហ៊ុន រៀបចំកម្មវិធីលើកទឹកចិត្តចំពោះអ្នកដឹកជញ្ជូនឆ្នើម ពោលគឺបុគ្គលិកដឹកជញ្ជូនដែលគិតគូគោរពច្បាប់ចរាចរណ៍ បរិស្ថាន និងរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ។ មិនតែប៉ុណ្ណោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមហ៊ុនឲ្យពង្រីកសាខារបស់ខ្លួនឲ្យបានច្រើន ដើម្បីបង្កើនឱកាសការងារដល់យុវជន និងផ្គត់ផ្គង់ម្ហូបអាហារដល់ពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួនទៀត។

ខាងតំណាងក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់លើកទឹកចិត្ត និងផ្តល់អនុសាសន៍ដល់ក្រុមហ៊ុនៗនឹងទទួលយកអនុសាសន៍ណែនាំនេះទៅអនុវត្តឲ្យទទួលបានជោគជ័យស្របតាមទស្សនវិស័យរបស់ក្រុមហ៊ុន។

គួរជម្រាបជូនដែរថា Foodpanda គឺជាយីហោវេទិកាចែកចាយអាហារ និងគ្រឿងទេស ដែលជាកម្មសិទ្ធិរបស់ ក្រុមហ៊ុន Delivery Hero ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់។ ក្រុមហ៊ុននេះដំណើរការម៉ាកយីហោចំនួន ២០ នៅក្នុងប្រទេសប្រហែល ៥០ នៅទូទាំងទ្វីបចំនួន ៤។ បច្ចុប្បន្នម៉ាកយីហោ Foodpanda ដែលត្រូវបានប្រើប្រាស់នៅក្នុងប្រទេសចំនួន ១៤ នៅទូទាំងអាស៊ី ប៊ុលហ្គារី និងរូម៉ានី ត្រូវបានទិញដោយ Delivery Hero ក្នុងខែធ្នូ ឆ្នាំ ២០១៦។ ក្រុមហ៊ុននេះបានឈានជើងចូលទីផ្សារកម្ពុជា ដោយបានចុះបញ្ជីស្របច្បាប់ជាមួយក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩។ សកម្មភាពអាជីវកម្មចម្បងរបស់ Foodpanda គឺជាទីផ្សារអនឡាញ និងសេវាកម្មដឹកជញ្ជូន។

Foodpanda ផ្តល់សេវាកម្មដឹកជញ្ជូនអាហារ និងគ្រឿងទេសដល់អតិថិជនតាមរយៈកម្មវិធីទូរស័ព្ទវៃឆ្លាត (smart phone) របស់អតិថិជន។ វត្តមានរបស់ Foodpanda បានសម្រួលឱ្យភោជនីយដ្ឋាន និងម្ចាស់ហាងដៃគូនានា អាចបង្ខិតគ្រឿងទេស និងម្ហូបអាហារទៅជិតអតិថិជន តាមរយៈការប្រព័ន្ធបច្ចេកវិទ្យា ដែលសាកសមនឹងសង្គមបដិវត្តឧស្សាហកម្មជំនាន់ទី៤៕

អត្ថបទដែលជាប់ទាក់ទង