ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧក្រិដ្ឋជនជនជាតិចិន ត្រូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការក្រោយបង្ក្រាបបានពាក់ព័ន្ធករណី បង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ និងផ្ទុះអាវុធ

110

សូមជម្រាបថា នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងមួយស្តីពីករណី បង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ អស់ជាង១០ម៉ឺនដុល្លារ ដោយមានប្រើប្រាស់អាវុធចំនួន៤ដើម នៅចំណុចខុនដូមួយកន្លែង ស្ថិតនៅផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បន្ទាប់ពីបានទទួលព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់កម្លាំងជំនាញ នៃការិយាល័យព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញ មូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ចុះអង្កេតស្រាវជ្រាវ ដល់ទីតាំងជាក់ស្តែង។

នៅវេលាម៉ោងប្រមាណ១២៖១០នាទី សមត្ថកិច្ចអាវុធហត្ថ បានប្រើវិធានការជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៉ី ផឹង ភេទប្រុស អាយុ២៤ឆ្នាំ នៅទីតាំងខាងលើ និងបានជួយរំដោះជនរងគ្រោះម្នាក់ឈ្មោះ ង្វៀង ឆីមីងង៉ាង ភេទស្រី អាយុ៣៤ឆ្នាំ។ ខណៈពេលជំនាញកំពុងសួរនាំជនសង្ស័យ អ៉ី ផឹង ស្រាប់តែបក្ខពួកមួយចំនួនផ្សេងទៀតបានដឹងខ្លួន លួចបើករថយន្ត គេចចេញពីទីតាំងខាងលើបាត់អស់។

រហូតដល់វេលាម៉ោង ០២៖១០នាទីរសៀល កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ និងកម្លាំងជំនាញ មូលដ្ឋានអាវុធហត្ថ ខណ្ឌមានជ័យ បានចូលឆែកឆេរបន្ទប់ក្រុមជនសង្ស័យ លេខB១៩០៩ ជាន់ទី១៩ ខុនដូរ Urban Villige ក៏បានឆែកឃើញមាន ក្រាមសថ្លា១កញ្ចប់ធំល្មម (សង្ស័យសារធាតុញៀន), ថ្នាំពណ៌ក្រហមចំនួន ៣៦គ្រាប់ (សង្ស័យសារធាតុញៀន) និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បន្ទាប់មកនៅវេលាម៉ោងប្រមាណ ០៦៖៣០នាទីព្រលប់ ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងជំនាញ មូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញានិងទីតាំង បក្ខពួកជនសង្ស័យបាននៅបុរីប៉េងហួតបឹងស្នោ។

ពេលនោះ ក៏បានបន្តទៅសហការជាមួយកម្លាំងជំនាញ មូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ឃាត់រថយន្ត១គ្រឿង ម៉ាក អូឌី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AX-1625 ព្រមទាំងបក្ខពួក ជនសង្ស័យចំនួន៤នាក់ និងបានស្រាវជ្រាវបន្ត ឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់បន្ថែមទៀត និងដកហូតរថយន្ត Land Cruiser ០១គ្រឿង ស្លាកលេខភ្នំពេញ 2BP-1617។

ក្នុងអំឡុងពេលប្រតិបត្តការ ជនសង្ស័យទាំងនេះបានព្យាយាមបើករថយន្តអូឌី បំបុកកម្លាំងសមត្ថកិច្ចដើម្បីរត់គេចខ្លួន ធ្វើឲ្យកងកម្លាំងម្នាក់របួសជើង។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានផ្ទុះអាវុធឡើងលើដើម្បីបង្អាក់ជនសង្ស័យ ទើបជនសង្ស័យព្រមបញ្ឈប់សកម្មភាព និងប្រគល់ខ្លួនតាមសម្រួល។ បច្ចុប្បន្នអាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តការស្រាវជ្រាវ និងកសាងសុំណុំរឿងតាមនិតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង