ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីភ្នំពេញ ប្រាប់ប្រជាពលរដ្ឋថា៖ បើមិនចង់ក្លាយខ្លួនជាជនជាប់ចោទ កុំទិញម៉ូតូគ្មានពន្ធ និងគ្មានឯកសារត្រឹមត្រូវ

123

 

ភ្នំពេញ៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញប្រកាសជាថ្មីប្រាប់ដល់ប្រជាពលរដ្ឋ ចំពោះម៉ូតូដែលខុសលេខ គ្មានពន្ធ និងឯកសារត្រឹមត្រូវ សូមកុំទិញឲ្យសោះ សូមឲ្យប្រជាពលរដ្ឋទិញម៉ូតូដែលត្រឹមត្រូវ មិនដាប់កែច្នៃលេខតួ និងលេខម៉ាស៊ីន បើមិនចង់ក្លាយខ្លួនជាជនជាប់ចោទ។

លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងបែបនេះ ខណៈអញ្ជើញតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីចុះត្រួតពិនិត្យការងារសន្តិសុខ ការបង្ការ បង្ក្រាបល្បែងស៊ីសងការងារបញ្ចាំ ក្នុងភូមិសាស្ត្រខណ្ឌ៧មករា រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ។

លោក ឃ្លាំង ហួត បានផ្ដាំផ្ញើដល់មន្រ្តីរាជការ និងកងកម្លាំង នៅខណ្ឌ៧មករា ត្រូវរៀនចេះលះបង់ ដូចសម្ដេចតេជោ ដែលលោកបានតស៊ូ និងលះបង់គ្រប់បែបយ៉ាង ក្នុងការរំដោះប្រទេសជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ចាប់ផ្តើមពីតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16។

លោកថា «ទោះបីជាកិច្ចខិតខំរបស់យើងរាល់គ្នា មិនស្មើនឹង១ភាគរយ នៃវីរភាពរបស់សម្ដេចក៏ដោយ ក៏យើងត្រូវតែយកគំរូនៃវីរភាពនេះ ធ្វើជាបន្ទាត់សម្រាប់តម្រង់ទិសខ្លួនយើង ក្នុងការបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន ព្រោះថាការដែលយកគំរូតាមសម្ដេច គឺជាការកសាងនូវអំពីល្អ »។

ដោយសារតែបារមីនៃអំពីល្អដែលសម្ដេចបានលះបង់ដោយមិនគិតពីអាយុជីវិតរបស់សម្ដេច ក្នុងការរំដោះប្រទេសជាតិ និងប្រជាជន ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នេះហើយ ដែលជាហេតុនាំឱ្យសត្រូវទាំងឡាយ ដែលចង់សម្លាប់ ឬ ចង់ទម្លាក់ សម្ដេចពីអំណាច ទទួលនូវបរាជ័យ និងតែងតែវិនាសខ្លួនឯងវិញ។

ជាមួយគ្នានោះ អភិបាលរងរាជធានី ក៏បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌ៧មករា បន្តសហការទប់ស្កាត់ និងបង្ក្រាបទីតាំងបញ្ចាំខុសច្បាប់ និងល្បែងស៊ីសង ព្រមទាំងត្រួតពិនិត្យ និងបង្ក្រាបហាងបញ្ចាំខុសច្បាប់ឲ្យដូចភ្លៀងរលឹម ក្នុងដែនដីរបស់ខ្លួនឲ្យអស់ តាមប្រសាសន៍ណែនាំរបស់អភិបាលរាជធានីភ្នំពេញ ធ្វើយ៉ាងណាឱ្យតំបន់មួយនេះកាន់តែមានភាពកក់ក្តៅជូនប្រជាពលរដ្ឋ។

លោក ឃ្លាំង ហួត ចាត់ទុកល្បែងស៊ីសងខុសច្បាប់ បាននាំមកនូវអស្ថេរភាពសង្គម ហើយទីតាំងបញ្ចាំខុសច្បាប់ គឺជាកន្លែងដែលផ្តល់នូវប្រភពហិរញ្ញវត្ថុ ដែលបង្កើតឲ្យមានល្បែងខុសច្បាប់ អំពើចោរកម្មនិងការប្រើប្រាស់គ្រឿងញៀន។ លោកអភិបាលរងបញ្ជាក់ថា ក្រោយពេលដែលអភិបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធាន ការដ៏ក្តៅគគុកនេះកន្លងមក គឺសង្កេតឃើញថា ក្នុងរាជធានីភ្នំពេញ អំពើចោរកម្ម អំពើលួចឆក់ប្លន់ គឺមិនមានសកម្មភាព កើតឡើងនោះទេ។

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានជម្រាបជូនអំពីរបាយការណ៍សង្ខេប នៃវឌ្ឍនភាពដែលសម្រេចបានក្នុងឆ្នាំកន្លងទៅ ក៏ដូចជាផែនការអនុវត្តនូវអនុសាសន៍ណែនាំក្នុងយុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងហាងបញ្ចាំឬកុងស៊ីបញ្ចាំខុសច្បាប់ ក្នុងដែនដីខណ្ឌ៧មករា ដែលក្នុងនោះ ការងារបង្ការ បង្ក្រាបល្បែងស៊ីសង អាជ្ញាធរបានធ្វើការបិទ ទីតាំងហ្គេមល្បែងអនឡាញចំនួន ៣១ទីតាំង និងរើសម្ភារៈចេញទាំងអស់ ទីតាំងកត់កន្ទុយលេខ ចំនួន១០ទីតាំង បានបិទទាំងស្រុងនិងបង្ក្រាបទីតាំងកត់កន្ទុយលេខ ចំនួន០១ទីតាំង ឃាត់ខ្លួនមនុស្សចំនួន០២នាក់ ស្រី០១នាក់បានកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី។

លោក ថេង សុថុលបានអោយដឹងទៀតថា នៅក្នុងមូលដ្ឋានខណ្ឌ៧មករា បច្ចុប្បន្នមានទីតាំងហាងបញ្ចាំសរុប ចំនួន ០៦ទីតាំង (មានច្បាប់អនុញ្ញាត និងប្រកបអាជីវកម្មស្របតាមច្បាប់កំណត់) ក្នុងនោះមាននៅក្នុងសង្កាត់អូរឬស្សី ទី៣ចំនួន០២ទីតាំងសង្កាត់អូរឬស្សីទី៤ មាន០១ទីតាំងសង្កាត់វាលវង់មាន០១ទីតាំងសង្កាត់បឹងព្រលឹតមាន០២ទីតាំង។

ក្នុងប្រតិបត្តការត្រួតពិនិត្យទីតាំងលក់ម៉ូតូដែលមានការសង្ស័យនិងទីតាំងទទួលផ្ញើម៉ូតូ សរុបចំនួន០២ទីតាំងអាជ្ញាធរបានដកហូតម៉ូតូដែលសង្ស័យ ពុំមានស្លាកលេខ និងពុំមានឯកសារបញ្ជាក់គ្រប់គ្រាន់ចំនួន២៤គ្រឿង មករក្សាទុក ជាបណ្ដោះអាសន្ននៅសាលាខណ្ឌ៧មករា រង់ចាំម្ចាស់យកឯកសារមកផ្ទៀងផ្ទាត់ជាមួយមន្ត្រីជំនាញ ក្នុងនោះមានទីតាំងស្តង់ផ្សារបុរីកីឡាដកហូតចំនួន១១គ្រឿង និងទីតាំងទទួលផ្ញើនៅអគារបុរីកីឡា ដកហូតចំនួន១៣គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង