ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឃួង ស្រេង ជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច យកចិត្តទុកដាក់ខ្ពស់ និងម៉ឺងម៉ាត់បំផុត ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២

67

 

ភ្នំពេញ៖ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច ក្នុងជួរគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងម៉ឺងម៉ាត់បំផុត ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ខណៈដែលកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំប្រទេសមហាអំណាចមួយចំនួន នៅលើពិភពលោក នឹងអញ្ជើញមកប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះដែរ។

ការជំរុញបែបនេះ បានធ្វើឡើងនារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំស្តីពីការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដើម្បីធានាថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅដោយរលូន និងជោគជ័យតាមការគ្រោងទុក ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២នេះ នឹងចាប់ផ្តើមឡើងនៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ វិច្ឆិកាឆ្នាំ២០២២ ហើយក្នុងកិច្ចប្រជុំនេះ ក៏នឹងមានថ្នាក់ដឹកនាំប្រទេសមហាអំណាចមួយចំនួននៅលើពិភពលោក អញ្ជើញមកប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះដែរ។ ដូច្នេះអាជ្ញាធរនិងកងកម្លាំងទាំងអស់ត្រូវតែម៉ឺងម៉ាត់ ម៉ត់ចត់ ក្នុងកិច្ចការពារប្រតិភូ ដោយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញត្រូវអនុវត្តចំណុចខ្ពស់ ចាប់អនុវត្តពីថ្ងៃទី០៨វិច្ឆិកា តទៅរហូតដល់កិច្ចប្រជុំត្រូវបានបញ្ចប់ ។ ការងារនេះ ចាប់ពីថ្ងៃស្អែកទៅ ត្រូវដាក់កម្លាំងល្បាត ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពិនិត្យរដ្ឋបាលរាល់ថ្ងៃនៅតំបន់ស្មុគស្មាញងាយរងគ្រោះ ពិសេសតំបន់នៅក្បែរទីតាំងស្នាក់នៅ របស់ប្រតិភូនិងកន្លែងប្រជុំរបស់ប្រតិភូ។ ចំណែកមន្ទីរទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះកិច្ចការងារ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ ដើម្បីធានាថា ការងាររបស់ខ្លួនអនុវត្តបានល្អ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ។ បន្ថែមពីនេះ លោកឃួង ស្រេង ក៏បានណែនាំឲ្យ មន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការជួលជុលផ្លូវ ក្រលុគសំបុក អ៊ុតកៅស៊ូផ្លូវខូចខាតពាក់ព័ន្ធប្រតិភូឆ្លងកាត់ និងត្រូវតុបតែងរាជធានីភ្នំពេញ ឲ្យកាន់តែមានសោភ័ណភាពទាក់ទាញបន្ថែមទៀត។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាននេះ សម្រាប់ថ្ងៃទី១០វិច្ឆិកា គណៈប្រតិភូនៃបណ្តាប្រទេសមួយចំនួន នឹងអញ្ចើញមកដល់កម្ពុជា នៅថ្ងៃទី១១វិច្ឆិកា ប្រតិភូ ប្រមុខរាជរដ្ឋាភិបាល មន្ត្រីពាក់ព័ន្ធអញ្ជើញដល់ហើយនៅថ្ងៃទី១២វិច្ឆិកា សម្តេចតេជោហ៊ុន សែន នឹងអញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ាននេះ និងបន្តកិច្ចប្រជុំជាបន្តបន្ទាប់ដល់ថ្ងៃទី១៣វិច្ឆិកា៕

អត្ថបទដែលជាប់ទាក់ទង