ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌ៥ កណ្តាលក្រុង បើទុកដាក់សំរាមមិនបានល្អ បញ្ចេញសំរាមមិនត្រូវតាមម៉ោងពេលនឹងទទួលការផាកពិន័យ ពីអាជ្ញាធរមានសមត្ថកិច្ច

65

 

ភ្នំពេញ៖ លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌចំនួន៥ កណ្តាលក្រុង បើទុកដាក់សំរាមមិនបានល្អ និងបញ្ចេញសំរាមមិនត្រូវតាមម៉ោងពេលនឹងទទួលការផាកពិន័យ ពីអាជ្ញាធរមានសមត្ថកិច្ច ។ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីអោយទីក្រុងយើងជាទីក្រុងស្អាត បរិស្ថានល្អ ស្របតាមពាក្យស្លោក “ជោគជ័យទីក្រុងស្អាតជោគជ័យទេសចរណ៍” ។
ការបញ្ជាក់បែបនេះរបស់លោកហួត ហៃបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ ខណៈលោកអញ្ជើញជាអធិបតីតំណាងអោយលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីអបអរសាទរ “ទិវាទេសចរណ៍ពិភពលោក” ឆ្នាំ២០២២នេះ ក្រោមប្រធានបទ “ការគិតគូរឡើងវិញពីទេសចរណ៍” (RETHINKING TOURISM)
អមជាមួយ “ទិវាពិភពលោកស្អាត (World Clean up 2022)” ដែលបានរៀបចំឡើងដោយអង្គការសំអាតទន្លេ សមុទ្រ នៅមុខវត្តឧណ្ណាឡោម ខណ្ឌដូនពេញ ដោយមានការចូលរួមពីមន្រ្តីរាជការ វិស័យឯកជន អាជីវករ ប្រជាពលរដ្ឋ សិស្សានុសិស្ស រាប់រយនាក់។
លោកហួត ហៃ បានលើកឡើងថា៖ ពលរដ្ឋរស់នៅក្នុងខណ្ឌចំនួន៥ កណ្តាលក្រុង ត្រូវទុកដាក់សំរាមមិនបានល្អ និងបញ្ចេញសំរាមមកក្រៅផ្ទះចាប់ពីម៉ោង៦ល្ងាចរហូតដល់ម៉ោង៩យប់ បើមិនត្រូវតាមម៉ោងពេលនេះទេ នឹងទទួលការផាកពិន័យ ពីអាជ្ញាធរមានសមត្ថកិច្ចមិនខានឡើង ។ លោកអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់សហការជាមួយអាជ្ញាធរ ក្នុងការទុកដាក់សំរាមនេះ បើមិនមានការចូលរួមពីប្រជាពលរដ្ឋទេ ទីក្រុងរបស់យើងមិនអាចស្អាតទៅរួចនោះទេ។

លោកហួត ហៃ បានបន្តទៀតថា៖ រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំលើកកម្ពស់សុខុមាលភាពសាធារណៈ តាមរយៈការពង្រឹងសេវាសុខាភិបាលឱ្យមានគុណភាព ការកែលម្អអនាម័យបរិស្ថានក្នុងទីក្រុង ការលើកកម្ពស់សុវត្ថិភាពចំណីអាហារ ការចូលរួមទប់ស្កាត់ ការផលិត ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន លុបបំបាត់អំពើហឹង្សាក្នុងគ្រួសារ ពង្រឹងការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈតាមរយៈយន្តការច្រកចេញ-ចូលតែមួយ។ល។ ទាំងនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីឆន្ទៈ និងជំហរដ៏មោះមុតរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការយកចិត្តទុក ដាក់គិតគូរដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សុខុមាលភាពទីក្រុង និងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ឱ្យ ចូល មកទស្សនាកំសាន្តកាន់តែច្រើន ស្នាក់នៅរយៈពេលវែង ប្រកបដោយភាពរីករាយ និងសុខដុមរមនា ស្របតាមពាក្យស្លោក “ជោគជ័យទីក្រុងស្អាត ជោគជ័យទេសចរណ៍” ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២នេះ គឺប្រារព្ធឡើង ក្រោមប្រធានបទ ការគិតគូរឡើងវិញពីទេសចរណ៍ (RETHINKING TOURISM) គឺបង្ហាញពីនិន្នាការពិភពលោកក្នុងការរួមគ្នា ក្នុងការស្ដារវិស័យទេសចរណ៍ឡើងវិញក្រោយពីវិស័យទេសចរណ៍នៅលើពិភពលោកទាំងមូល បានរងវិបត្តិយ៉ាងធ្ងន់ធ្ងរដោយ សារ ជំងឺកូវីដ-១៩ និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែនជាដើម។ វិបត្តិទាំងអស់នេះ គឺបានធ្វើឱ្យវិស័យ ទេសចរណ៍កម្រិតជាតិ និងតំបន់ធ្លាក់ចុះយ៉ាងខ្លាំង។

តាមរយៈបញ្ហាដែលកើតមាននេះអង្គការទេសចរណ៍ ពិភពលោក បានដកស្រង់បទពិសោធន៍ ដើម្បីទុកជាមេរៀនសម្រាប់បង្ការដល់បញ្ហាប្រឈមនានាដែលអាចកើតមាននាពេលអនាគត និងរៀបចំជាផែនការស្ដារវិស័យទេសចរណ៍ឡើងវិញផងដែរ។
ការបើកទទួលភ្ញៀវទេសចរក្រោយវិបត្តិកូវីដ-១៩ នេះ គឺដោយមាន ការដឹកនាំដ៏ឈ្លាសវៃប្រកប ដោយ គតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ ជំងឺកូវីដ-១៩ ជាមួយនឹងការអនុវត្តដ៏មានប្រសិទ្ធភាពរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីជំងឺកូវីដ-១៩ ជាអតិបរមា។ ជាក់ស្ដែងរាជធានីភ្នំពេញ ក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២២នេះ គឺទទួលបានកំណើនទេសចរអន្តរជាតិចំនួនជាង៥០០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នេះគឺបានសបញ្ជាក់យ៉ាងច្បាស់អំពីលទ្ធផលនៃការដាក់ចេញវិធានការអន្តរាគមន៍ និងវិធានការនានាជាបន្តបន្ទាប់ដែល រាជរដ្ឋាភិបាលបានដាក់ចេញដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ។

បន្ថែមពីលើការ ជោគជ័យក្នុងការគ្រប់គ្រងវិបត្តិនៃជំងឺកូវីដ-១៩ នេះ រដ្ឋបាលរាជធា នីភ្នំពេញ បច្ចុប្បន្នបានបន្តយកចិត្តទុក ដា ក់ និងធ្វើកំណែទម្រង់លើការគ្រប់គ្រងសំណល់រឹងក្នុងរាជធានី ភ្នំពេញឱ្យបានកាន់តែប្រសើរជាងមុន ដោយបាន ជ្រើសរើសក្រុមហ៊ុនប្រមូលសំរាមចំនួន០៣ ដើម្បីផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម នៅរាជធានីភ្នំពេញ ដែលបច្ចុប្បន្ន ក្រុមហ៊ុនទាំង៣នេះ បានអនុវត្តតួនាទីភារកិច្ចបានយ៉ាងល្អ ធ្វើឱ្យរាជធានីភ្នំពេញស្រស់ស្អាតជាងមុន សម្រាប់បម្រើឱ្យភ្ញៀវទេសចរណ៍ទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង