ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីអាមេរិក អរគុណសម្តេចតេជោ ហ៊ុន សែន ចំពោះជំហរប្រឆាំងការឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន

71

លោកប្រធានាធិបតីអាមេរិក បង្ហាញការពេញចិត្តចំពោះជំហររបស់កម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងផងដែរថា នៅក្នុងជំនួបនេះ លោក ចូ បៃដិន ក៏បានជម្រាបសម្ដេចតេជោថា សហគមន៍អាស៊ាន គឺមានសារៈសំខាន់ណាស់ចំពោះសហរដ្ឋអាមេរិក ជាពិសេសចំពោះរដ្ឋបាលរបស់លោកផ្ទាល់តែម្ដង ហើយសហរដ្ឋអាមេរិកគាំទ្រ មជ្ឈភាព និងមិត្តភាពអាស៊ាន។

លោក ចូ បៃដិន ក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់កម្ពុជាប្រធានអាស៊ាន ក្នុងការប្រឹងប្រែងដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ដើម្បីឱ្យវិលត្រឡប់មកស្ថានភាពដើមវិញ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណលោក ចូ បៃដិន ដែលបានធ្វើដំណើរមកចូលរួមក្នុងកិច្ចប្រជុំកំពូលនៅរាជធានីភ្នំពេញ។ សម្តេចតេជោ ចាត់ទុកវត្តមានលោក បៃដិន បញ្ជាក់ឱ្យឃើញ ពីការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិកចំពោះអាស៊ាន។

សម្ដេចតេជោ ឆ្លៀតក្នុងឱកាសជម្រាបលោក ចូ បៃដិន អំពីកិច្ចសហប្រតិបត្តិការជាមួយជប៉ុន លើការជួយអ៊ុយក្រែន ក្នុងការដោះមីន និងប្រឆាំងការប្រើប្រាស់ពាក្យសំដីគំរាមកំហែង ការប្រើប្រាស់នុយក្លេអ៊ែរ។

ក្នុងឱកាសនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណសហរដ្ឋអាមេរិក ដែលបានបញ្ជូនវត្ថុបុរាណត្រឡប់មកកម្ពុជាវិញ។ សម្តេចតេជោ បានបញ្ជាក់ថា សហរដ្ឋអាមេរិក ជាប្រទេសនាំមុខលំដាប់លេខ១ ក្នុងការបញ្ជូនវត្ថុបុរាណត្រឡប់មកកម្ពុជាវិញ៕

អត្ថបទដែលជាប់ទាក់ទង