ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ

58
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ បន្ទាប់ពីជួបជាមួយនឹងនាយករដ្ឋមន្ត្រីនូវរសហ្សេឡង់ រួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានទទួលជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។
នៅក្នុងជំនួបនោះសម្ដេចតេជោ និង ឯកឧត្តម Antonio Guterres បានពិភាក្សាគ្នាលើប្រធានបទចំនួន ៣ រួមមាន៖ ទី១) កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ, ទី២) ការចូលរួមរបស់កម្ពុជា ក្នុងកិច្ចការអង្គការសហប្រជាជាតិ និងប្រធានបទ ទី៣) គឺការប្ដេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិចំពោះកម្ពុជា។
ប្រធានបទទី១ ឯកឧត្តម បានសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទទួលបានជោគជ័យ។ ឯកឧត្តមក៏បានបន្តដែរថា ចំពោះទស្សនៈរបស់អង្គការសហប្រជាជាតិ កិច្ចប្រជុំអាស៊ាន-យូអិន គឺទទួលបានជោគជ័យយ៉ាងខ្លាំង ។
ប្រធានបទទី២ សម្ដេចតេជោ បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការសហប្រជាជាតិ គឺល្អបំផុត។កម្ពុជា និងអង្គការសហប្រជាជាតិ បានសហការគ្នា បង្កើតតុលាការកូនកាត់ ដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហម ទទួលបានជោគជ័យ និងអាចចាត់ទុកបានជាគំរូ។ កម្ពុជា បានបញ្ជូនកម្លាំងការពារសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដើម្បីធ្វើការងារមនុស្សធម៌ និងមានកិច្ចប្រជុំជាមួយភ្នាក់ងារអង្គការសហប្រជាជាតិជាប្រចាំ។ ពាក់ព័ន្ធនិងករណីនេះ ឯកឧត្តម បានមានប្រសាសន៍ថា ឯកឧត្តម ពិតជាមានមោទនភាពណាស់ ចំពោះកម្លាំងការពារសន្តិភាពរបស់កម្ពុជា ពួកគាត់ធ្វើការបានល្អជាទីបំផុត។ រាល់ទីកន្លែងដែលពួកគាត់បានទៅធ្វើប្រតិបត្តិការ ពួកគាត់រមែងទទួលបាននូវការគោរពស្រឡាញ់ តាមរយៈកិច្ចការរបស់គាត់ ដែលបានធ្វើអស់ពីកាយចិត្ត និងប្រកបដោយវិជ្ជាជីវៈ។
ប្រធានបទទី៣ ឯកឧត្តម ហ្គូតេរ៉េស បានគោរពជម្រាបជូនសម្ដេចតេជោថាអង្គការសហប្រជាជាតិ នឹងធ្វើអ្វីៗគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីជួយដល់កម្ពុជា រួមទាំងទទួលយកនូវសំណើរបស់សម្ដេចតេជោ ស្នើសុំ ឲ្យបញ្ចូលបញ្ហាមីន និងគ្រាប់មិនទាន់ផ្ទុះ ទៅក្នុងគោលដៅអភិវឌ្ឍន៍សហស្សវត្ស៕
អត្ថបទដែលជាប់ទាក់ទង