ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការបរទេស ចេញប្រកាសព័ត៌មានស្តីពីសេចក្តីរាយការណ៍របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងសន្និសីទកាសែត ស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ

177

 

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញប្រកាសព័ត៌មានស្តីពីសេចក្តីរាយការណ៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសន្និសីទកាសែត ស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ជាដំបូង ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោក លោកស្រី អ្នកសារព័ត៌មាន ដែលមាន វត្តមានក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះ។ អ្នកកាសែតយើងទាំងអស់បានទទួលព័ត៌មានសំខាន់ៗ ពាក់ព័ន្ធនឹងកិច្ចប្រជុំនានាក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរួចហើយ ហើយដោយឡែកព័ត៌មាន លម្អិតនៃកិច្ចប្រជុំនីមួយៗ ក៏មាននៅក្នុងសេចក្ដីថ្លែងការណ៍របស់ប្រធានអាស៊ាននៃកិច្ចប្រជុំកំពូល ទាំង ១១ ហើយដែរ។ ដូចនេះ ខ្ញុំនឹងផ្ដោតទៅលើបញ្ហាលេចធ្លោតែប៉ុណ្ណោះ បន្ទាប់មកខ្ញុំនឹងបើក វេទិកាសម្រាប់សំណួរ-ចម្លើយ។

អ្វីដែលកម្ពុជាបានធ្វើប៉ុន្មានថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់ពីតួនាទីនាំមុខរបស់ប្រទេសយើង ក្នុងនាមជាប្រធានអាស៊ាន នៅក្នុងកិច្ចការតំបន់ និងសាកល ក៏ដូចជាលទ្ធភាព និងសមត្ថភាពក្នុងការ រៀបចំព្រឹត្តិការណ៍ដ៏សំខាន់របស់ពិភពលោក ដូចជាកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូល ពាក់ព័ន្ធ។ ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” កម្ពុជាក្នុងនាម ជាប្រធានអាស៊ានបច្ចុប្បន្ន អាចអញ្ជើញនិងទទួលថ្នាក់ដឹកនាំកំពូលមកពីបណ្ដាប្រទេស និងស្ថាប័ន អន្តរជាតិនានាចំនួន ២៩ ក៏ដូចជាបានអនុម័ត និងកត់សម្គាល់ឯកសារលទ្ធផលចំនួន ១០១ ស្តីពី អាទិភាពចម្បងនានានៅក្នុងសសរស្ដម្ភសហគមន៍ទាំងបី ក្នុងនោះមានឯកសារ ០៣ ដែលខ្ញុំចង់ រំលេចគឺ (១) សេចក្តីថ្លែងការណ៍ស្តីពីទស្សនវិស័យរបស់ប្រមុខដឹកនាំអាស៊ានលើមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” (២) សេចក្ដីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ស្តីពីខួបទី៥៥ នៃអាស៊ាន និង (៣) សេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ានស្តីពីរបៀបវារៈ តភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥។

ក្នុងរយៈពេលបួនថ្ងៃចុងក្រោយនេះ អាស៊ាននិងដៃគូខាងក្រៅ បានពិភាក្សាយ៉ាងទូលំទូលាយ និងប្រកបដោយន័យស្ថាបនា ទៅលើបញ្ហាដ៏សំខាន់បំផុតជាច្រើន ដែលតំបន់របស់យើង និង សាកលលោកកំពុងប្រឈម ដូចជាស្ថានការណ៍សន្តិសុខដ៏គួរឱ្យព្រួយបារម្ភ ការធ្លាក់ចុះសេដ្ឋកិច្ច ជំងឺ រាតត្បាតជាសាកល ការប្រែប្រួលអាកាសធាតុ វិបត្តិស្បៀងអាហារនិងថាមពល ជាដើម ហើយស្រប ពេលគ្នានេះដែរ យើងក៏បានពិភាក្សាពីវិស័យសក្តានុពលនិងជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការ ដែល យើងអាចរួមគ្នាធ្វើ ដើម្បីឆ្ពោះទៅមុខជាមួយគ្នា។

ថ្នាក់ដឹកនាំអាស៊ានពេញចិត្តចំពោះភាពជឿនលឿននៃសសរស្តម្ភសហគមន៍អាស៊ានទាំងបី ក្នុង ការជំរុញផែនការលម្អិតនិងផែនការសកម្មភាពតាមវិស័យរៀងៗខ្លួន នៅក្នុងបរិបទនៃបញ្ហាប្រឈម ជាច្រើននិងត្រួតស៊ីគ្នា ជាពិសេសផលប៉ះពាល់យ៉ាងខ្លាំងនៃជំងឺកូវីដ-១៩ ទៅលើអាយុជីវិតនិង ជីវភាពរស់នៅរបស់ប្រជាជនយើង។ លើសពីនេះ ថ្នាក់ដឹកនាំអាស៊ានក៏បានជួបដាច់ដោយឡែក ជាមួយអន្តរសភាអាស៊ាន ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន និងយុវជនអាស៊ាន ដើម្បីស្តាប់ពីទស្សនៈនិង កង្វល់របស់ពួកគាត់ និងស្វែងយល់ពីលទ្ធភាពដែលពួកគាត់អាចចូលរួមចំណែកក្នុងរបៀបវារៈរបស់ តំបន់។

ពាក់ព័ន្ធនឹងសំណើចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ ប្រមុខដឹកនាំអាស៊ានបាន ឯកភាពជាគោលការណ៍ទទួលយកទីម័រឡេស្តេជាសមាជិកទី១១ របស់អាស៊ាន និងផ្ដល់ឋានៈជា ប្រទេសសង្កេតការណ៍ ដែលអនុញ្ញាតឱ្យទីម័រឡេស្តេអាចចូលរួមក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ រួមទាំងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលផងដែរ។ ថ្នាក់ដឹកនាំអាស៊ានក៏បានប្រគល់ភារកិច្ចជូន ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ដើម្បីបង្កើតផែនទីបង្ហាញផ្លូវសម្រាប់សមាជិកភាពពេញលេញ របស់ទីម័រឡេស្ត ហើយរាយការណ៍ទៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដើម្បីអនុម័ត។

ចំពោះទំនាក់ទំនងខាងក្រៅតំបន់អាស៊ាន ប្រទេសមួយបន្ថែមទៀតគឺ អ៊ុយក្រែន បានចូលជា សមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដែលធ្វើឱ្យចំនួន សរុបនៃរដ្ឋសមាជិកកើនឡើងដល់ ៥០។ នេះពិតជាមិនធ្លាប់មានពីមុនមកទេ ដែលប្រទេសដគូខាង ក្រៅដល់ទៅ ៧ អាចចូលជាសមាជិកនៃសន្ធិសញ្ញានេះ ក្នុងឆ្នាំតែមួយ។ ការណ៍នេះសបញ្ជាក់យ៉ាងច្បាស់ថា អាស៊ានបានក្លាយជាចំណុចស្នូល ដែលទាក់ទាញដៃគូមកពីគ្រប់ទិសទីលើសាកលលោក ឱ្យមកសហការជាមួយប្រទេសសមាជិក ដើម្បីជំរុញផលប្រយោជន៍រួម។

កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី២ បានស្វាគមន៍វិស័យថ្មីនៃកិច្ចសហប្រតិបត្តិការ ជាក់ស្តែង ហើយទន្ទឹងរង់ចាំការចាប់ផ្ដើមគំនិតផ្តួចផ្តើមអូស្ត្រាលី សម្រាប់អនាគតអាស៊ាន។ ជាងនេះ ទៅទៀត អាស៊ាន និងកាណាដា ក៏បានរៀបចំនូវកិច្ចប្រជុំកំពូលរំលឹកខួបលើកទី៤៥ នៃទំនាក់ទំនង កិច្ចសន្ទនារបស់ខ្លួន ហើយបានប្តេជ្ញាដំឡើងទំនាក់ទំនងអាស៊ាននិងកាណាដា ក្នុងកម្រិតដៃគូ យុទ្ធសាស្ត្រ កិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៥ ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជំរុញទំនាក់ទំនងសេដ្ឋកិច្ចរបស់យើងបន្ថែម ទៀត តាមរយៈការធ្វើឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិនកាន់តែប្រសើរឡើង។ សេចក្តី ថ្លែងការណ៍រួមនៃខួបលើកទី២០ នៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ ចិនខាងត្បូង (DOC) ក៏ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលនេះដែរ។

ដើម្បីអបអរសាទរខួបលើកទី៣០និងឆ្នាំមិត្តភាពអាស៊ាន-ឥណ្ឌា យើងបានប្រកាសបង្កើត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា។ យើងក៏ទន្ទឹងរង់ចាំការសម្រេចឱ្យបានឆាប់ នៃការពិនិត្យឡើងវិញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន- ជប៉ុនលើកទី២៥ បានកោតសរសើរចំពោះភាពជឿនលឿនដ៏ល្អក្នុងទំនាក់ទំនងរបស់យើង ហើយក៏ ទន្ទឹងរង់ចាំនូវការប្រារព្ធខួបលើកទី៥០ នៃមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅឆ្នាំ ក្រោយ។ ជាងនេះទៅទៀត ប្រមុខដឹកនាំអាស៊ាន ក៏បានស្វាគមន៍បំណងរបស់ជប៉ុន ក្នុងការដំឡើង ទំនាក់ទំនងរបស់យើងឱ្យទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២៣ មានសេចក្តីរីករាយចំពោះភាពជឿនលឿន ដ៏ល្អនៅក្នុងការអនុវត្តចក្ខុវិស័យរួមរបស់យើង ហើយបានស្វាគមន៍បំណងរបស់សាធារណរដ្ឋកូរ៉េ ក្នុង ការសម្រេចបានភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សាធារណរដ្ឋកូរ៉េ។ ជាមួយនេះកិច្ច ប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី១០ បានឯកភាពបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ ដែលនឹងបង្កើនកិច្ចសហប្រតិបត្តិការរបស់យើង ដោយគ្របដណ្តប់យ៉ាងធំទូលាយលើ វិស័យដែលជាផលប្រយោជន៍រួម។ ដោយទទួលស្គាល់ពីភាពជឿនលឿនល្អ ក្នុងការអនុវត្តផែនការ សកម្មភាព កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១២ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃភាពជាដៃគូគ្រប់ជ្រុងជ្រោយ ដើម្បីពង្រឹងការបំពេញគ្នាទៅវិញទៅមករវាងចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ២០៣០។

យើងបានស្វាគមន៍ការប្រារព្ធខួបលើកទី២៥ នៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (APT) និងបានកោតសរសើរ ចំពោះការរួមចំណែករបស់ក្របខ័ណ្ឌនេះទៅដល់វិស័យអាទិភាពក្នុងតំបន់។ កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧ (EAS) បានកត់សម្គាល់ដោយការពេញចិត្តចំពោះវឌ្ឍនភាព សំខាន់ៗ ដែលបានអនុម័តក្រោមផែនការសកម្មភាពទីក្រុងម៉ានីល ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍ ទីក្រុងភ្នំពេញ ស្ដីពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (២០១៨-២០២២)។ ជាងនេះ ទៅទៀត កម្ពុជាក៏បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចសន្ទនាសាកលអាស៊ានលើកទី២ ក្រោមប្រធានបទ “ការស្ដារឡើងវិញយ៉ាងទូលំទូលាយក្រោយកូវីដ-១៩- ដោយមានការចូលរួមពីថ្នាក់ដឹកនាំអាស៊ាន ដៃគូ ខាងក្រៅ និងប្រធានស្ថាប័នអន្តរជាតិនានា។ ជាចុងក្រោយ យើងក៏បានឆ្លៀតឱកាសប្រកាសនូវការ បញ្ចប់ជាដុំកំភួននៃការដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់។

ជាបន្ត ខ្ញុំសូមលើកយកបញ្ហាក្នុងតំបន់ដែលលេចធ្លោជាងគេមួយចំនួន នៅក្នុងកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដូចខាងក្រោម៖

ចំពោះវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា កិច្ចប្រជុំបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង យ៉ាងអស់ពីសមត្ថភាពរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និងចំពោះប្រេសិតពិសេសនៃប្រធាន អាស៊ាន ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន ដើម្បីជួយមីយ៉ាន់ម៉ាស្ការ សន្តិភាពនិងស្ថិរភាព និងអាចវិលទៅរកប្រក្រតីភាពឡើងវិញ។ ក្នុងស្មារតីនេះ ប្រមុខដឹកនាំអាស៊ាន បានអនុម័ត “ការវាយតម្លៃ និងសេចក្តីសម្រេចចិត្តរបស់ប្រមុខដឹកនាំអាស៊ាន ស្តីពីការអនុវត្តកិច្ចព្រម ព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដែលនឹងប្រើប្រាស់ជាឯកសារដ៏សំខាន់បំផុតក្នុងការដឹកនាំកិច្ចខិតខំ ប្រឹងប្រែងរួមរបស់អាស៊ាន នាពេលខាងមុខ ដើម្បីជួយដោះស្រាយវិបត្តិនយោបាយដ៏ស្មុគស្មាញនិង លំបាកមួយនេះ។

ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង យើងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សា និង ការលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសេរីភាព នៃការធ្វើនាវាចរក្នុង និងការ ហោះហើរលើសមុទ្រចិនខាងត្បូង និងតម្រូវការនៃការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាព នៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC)។ យើងមាន សុទិដ្ឋិនិយម និងរីករាយជាមួយនឹងសន្ទុះវិជ្ជមាននៃកិច្ចចរចាដែលកំពុងដំណើរការចំពោះ ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) ជាពិសេសតាមរយៈការបន្តកិច្ចចរចាឡើងវិញកាលពី ពេលថ្មីៗនេះ ដោយផ្ទាល់នៅខេត្តសៀមរាប និងភ្នំពេញ នៅក្នុងឆ្នាំនេះ ទោះបីជាត្រូវប្រឈមនឹងជំងឺ រាតត្បាតកូវីដ-១៩ យ៉ាងណាក្ដី។ យើងទន្ទឹងរង់ចាំបញ្ចប់ឱ្យបានឆាប់នៃក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) ដែលមានប្រសិទ្ធភាព និងខ្លឹមសារសំខាន់ៗ អនុលោមតាមច្បាប់អន្តរជាតិ រួមទាំង អនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ផងដែរ។

ចំពោះស្ថានភាពនៅអ៊ុយក្រែន ដែលខ្ញុំអាចនិយាយបានថាជាថ្មក្តៅបំផុត យើងអាចមើល ឃើញថា មានជំហរផ្សេងគ្នា ជាពិសេសក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ ខ្ញុំពិតជារីករាយណាស់ ដែលកម្ពុជាអាចធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ ដែលភាគីមានគោលជំហរផ្សេងគ្នា អាចផ្លាស់ប្តូរ ទស្សនៈ ដោយស្មោះត្រង់លើបញ្ហានេះ។ យើងបានបញ្ជាក់ឡើងវិញនូវការគោរពចំពោះអធិបតេយ្យ ឯករាជ្យនយោបាយ និងបូរណភាពទឹកដី។ យើងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបញ្ឈប់ជា បន្ទាន់នូវអរិភាព និងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី។ យើងក៏បានអំពាវនាវឱ្យមានការជួយសម្រួល ដល់ការទទួលបាននូវជំនួយមនុស្សធម៌យ៉ាងឆាប់រហ័ស សុវត្ថិភាព និងគ្មានការរារាំង ទៅដល់ប្រជាជនដែលត្រូវការជំនួយនៅក្នុងប្រទេសអ៊ុយក្រែន។

ចំពោះបញ្ហាឧបទ្វីបកូរ៉ យើងមានការព្រួយបារម្ភចំពោះការបាញ់មីស៊ីលបាលីស្ទីករំលង ប្រទេសជប៉ុន ហើយបានចាត់ទុកសកម្មភាពបែបនេះ ជាការគំរាមកំហែងដល់សន្តិសុខនៅក្នុង តំបន់។ យើងបានអំពាវនាវឱ្យសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ គោរពតាមសេចក្ដីសម្រេច ពាក់ព័ន្ធនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជៀសវាងការសាកល្បងនុយក្លេអ៊ែរ បន្ថែមទៀត។ យើងបានទទូចឱ្យភាគីពាក់ព័ន្ធទាំងអស់ជៀសវាងការធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង និងបន្តអត់ធ្មត់បំផុត ដើម្បីបង្កើតបរិយាកាសអំណោយផលដល់កិច្ចសន្ទនាដោយសន្តិវិធី។ យើង បានបង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ និងមធ្យោបាយការទូត ដើម្បីសម្រេចបាន នូវការលុបបំបាត់នុយក្លេអ៊ែរដោយសន្តិវិធី ពេញលេញ ដែលអាចផ្ទៀងផ្ទាត់បាន និងមិនអាចប ក្រលាស់បាននៅក្នុងឧបទ្វីបកូរ៉េ។

អាស៊ាន បានស្វាគមន៍រាល់គំនិតផ្តួចផ្តើមពីដៃគូខាងក្រៅ ដែលមានគោលបំណងរួមចំណែក ដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ជាងនេះទៅទៀត គំនិតផ្តួចផ្តើមទាំងនោះ ត្រូវតែ ស្របតាមធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ និង ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយមិនត្រូវប្រើប្រឆាំងនឹងភាគីផ្សេងទៀត ឬប្រើជា ឧបករណ៍សម្រាប់ការប្រកួតប្រជែងរវាងប្រទេសមហាអំណាចនោះទេ។ ថ្នាក់ដឹកនាំអាស៊ាន ក៏បាន អនុម័ត (១) សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីការបញ្ជ្រាបវិស័យអាទិភាពទាំងបួន នៃ ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងយន្តការដឹកនាំដោយអាស៊ាន និង (២) ឯកសារ ទស្សនទាន ស្តីពីផែនទីចង្អុលផ្លូវអាស៊ានសម្រាប់ការលើកកម្ពស់ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ- ប៉ាស៊ីហ្វិក ដែលជាគំនិតផ្ដួចផ្ដើមរបស់កម្ពុជា។

ទាំងនេះគឺជាចំណុចសំខាន់ដែលខ្ញុំចង់បញ្ជាក់ និងចែករំលែកជាមួយអស់លោក លោកសី ទាំងអស់គ្នា។ ខ្ញុំក៏សូមឆ្លៀតឱកាសនេះ ថ្លែងអំណរគុណចំពោះប្រទេសសមាជិកអាស៊ាន ដៃគូខាង ក្រៅរបស់យើង និងស្ថាប័នអន្តរជាតិទាំងអស់ដែលបានចូលរួម និងគាំទ្រ ដល់ការធ្វើជាប្រធានអាស៊ាន របស់យើងនៅឆ្នាំនេះ ។ លើសពីនេះ ខ្ញុំសូមថ្លែងអំណរគុណ ចំពោះគណៈកម្មាធិការជាតិរៀបចំ កិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធ លេខាធិការដ្ឋានអាស៊ាន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចំណាយពេលវេលាទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើឱ្យកិច្ចប្រជុំទាំងអស់នេះប្រព្រឹត្តទៅដោយ រលូន សុវត្ថិភាព និងផាសុកភាព។

ខ្ញុំសូមបញ្ចប់សុន្ទរកថារបស់ខ្ញុំដោយសូមថ្លែងអំណរគុណ ឯកឧត្តម ដាតុ លឹម ចុក ហូយ ដែលបានបញ្ចប់អាណត្តិជាអគ្គលេខាធិការអាស៊ាននៅចុងឆ្នាំនេះ ប្រកបដោយផ្លែផ្កា ហើយខ្ញុំសូម ជូនពរឱ្យ ឯកឧត្តម មានជោគជ័យក្នុងគ្រប់ភារកិច្ចនាពេលអនាគត។ នេះពិតជាកិត្តិយស និង មោទកភាពដ៏ធំធេងសម្រាប់កម្ពុជា និងប្រជាជនកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធប្រកបដោយភាពជោគជ័យដ៏ធំធេង និង ត្រចះត្រចង់៕

អត្ថបទដែលជាប់ទាក់ទង