ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដូវនេសាទ ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង រីករាយ នឹងកំណើនត្រីឆ្នាំនេះកើនខុសពីធម្មតា

42

បាត់ដំបង៖ ប្រជាពលរដ្ឋខ្មែររស់នៅតាមដងស្ទឹងសង្កែនៃខេត្តបាត់ដំបង បានសម្តែងក្ដីរីករាយ បន្ទាប់ពីឆ្នាំនេះទឹកធំសម្បូរត្រី ដែលអាចឱ្យពួកគាត់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ត្រីងៀត ត្រៀមទុកសម្រាប់បរិភោគ ប្រចាំឆ្នាំ។ នេះបើតាមកាបញ្ជាក់ ឲ្យដឹងពីមន្ទីរកសិកម្មខេត្ដ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។
នៅផ្នែកខាងក្រោម ជាប់ទំនប់សាលាតាអន ក្នុងភូមិព្រែកញ្ច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ នារយៈពេលប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋ បាននាំគ្នាសម្រុកចុះនេសាទ ដើម្បីចាប់ត្រីពីក្នុងទឹកស្ទឹងយកធ្វើប្រហុក ផ្អក ត្រីឆ្អើរ ត្រីងៀត។ ដោយឡែកចំពោះការ ថ្លែងប្រាប់អ្នកសារព័ត៌មានយើងដឹង នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អ្នកស្រី ម៉ាត់ ណាស់ ជនជាតិខ្មែរឥស្លាម បានដឹងថា ត្រីបានឡើងខ្លាំងទាំងហ្វូងៗ ជាប់ៗគ្នាជាច្រើន ថ្ងៃ តាំងពីដើម ខែ វិច្ឆិកាមក ដោយក្នុងមួយថ្ងៃៗស្វាមីអ្នកស្រីរកត្រីបានពី ៥០ទៅ៨០គីឡូក្រាម ក្នុងនោះមានប្រភេទត្រីរៀល ត្រីកញ្ចុះ ត្រីឆ្ពិន ត្រី តា អោន និងកំពឹសផងដែរ។ ចំពោះតម្លៃ ត្រី ស ឬត្រីរៀលតូច-ធំ ក្នុងមួយគីឡូក្រាមលក់បានតម្លៃចាប់ពី ១៣០០រៀល ដល់៤៥០០រៀល, ត្រីកញ្ចុះលក់បានតម្លៃ ៥០០០រៀល, ត្រីតាអោន និងកំពឹសលក់បានក្នុងតម្លៃចន្លោះពី១៥ ០០០រៀល ដល់២៥០០០រៀល។

អ្នកស្រីបន្តថា អំឡុងត្រីនៅស្ទឹងសង្កែឡើងច្រើន ប៉ុន្មានថ្ងៃនេះ អ្នកស្រីរកប្រាក់ចំណូលបានច្រើនគួរសមដែរ នៅថ្ងៃខ្លះ អាច រក បានពី២០ ដល់៣០ម៉ឺនរៀល ប៉ុន្តែពេលនេះផលត្រីបានធ្លាក់ចុះបន្តិចមកវិញហើយ ព្រោះការនេសាទក៏ច្រើនគ្នា ពោលគឺអាចរកប្រាក់ចំណូលបានតែពី៧ម៉ឺនទៅ១៥ម៉ឺនរៀល ប៉ុណ្ណោះ។ ជារៀងរាល់ថ្ងៃ នៅតែបន្តមានប្រជានេសាទរាប់រយនាក់ នាំគ្នាសម្រុកមកនេសាទ មានទាំងលក្ខណៈអាជីព និង តាម បែបគ្រួសារលេងកម្សាន្តសប្បាយថែមទៀតផង។

ប្រជានេសាទជនជាតិខ្មែរ ម្នាក់បានរៀបរាប់ឱ្យដឹងដែរថា ចាប់ពីដើមខែវិច្ឆិកា មក ត្រីក្នុងស្ទឹងសង្កែ បាន ឡើងសម្បូរខ្លាំង។ ក្រោយពេលមានត្រីច្រើន បង ប្អូន ប្រជាពលរដ្ឋជាច្រើនមកពីគ្រប់ទិសទី ពិសេសបងប្អូនខ្មែរឥស្លាម បាននាំគ្នាសម្រុកមកនេសាទយ៉ាងពពាក់ពពូនទាំងយប់ ទាំងថ្ងៃ ដើម្បីប្រមូលយកធ្វើផ្អក ប្រហុក ធ្វើត្រីឆ្អើរជាដើម ត្រៀមទុកសម្រាប់ការ បរិភោគ ប្រចាំឆ្នាំ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង