ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញបើកសិក្ខាសាលា ពិគ្រោះយោបល់ត្រីភាគី ស្តីពីនីតិវិធីនៃការដោះស្រាយវិវាទបុគ្គល ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល

118

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី ស្តីពីនីតិវិធីនៃការដោះស្រាយវិវាទបុគ្គល ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល រៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO)។

សិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីនេះ រៀបចំធ្វើឡើងនៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ មានអ្នកចូលរួមដោយផ្ទាល់ និងតាមរយៈអនឡាញ មកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល, អង្គការ ILO, ក្រុមប្រឹក្សាអាជ្ញាកណ្តាលនិងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល, សមាគមនិយោជក, សហភាពសហជីព, សហព័ន្ធសហជីព, សភាពាណិជ្ជកម្មកម្ពុជា, និងសភាពាណិជ្ជកម្មអន្តរជាតិនានាប្រចាំនៅកម្ពុជា។

ការរៀបចំសិក្ខាសាលានេះ គឺជាការបន្តអនុវត្តនូវយន្តការត្រីភាគី និងការជំរុញកិច្ចសន្ទនាសង្គម សំដៅសម្រេចឱ្យបាននូវការពិគ្រោះយោបល់គ្រប់ជ្រុងជ្រោយនិងពេញលេញ ដែលជាតម្រូវការរបស់ត្រីភាគី និងភាគីពាក់ព័ន្ធក្នុងវិស័យការងារ។ សិក្ខាសាលានេះត្រូវបានសហការរៀបចំក្នុងគោលបំណងសំខាន់ ២ គឺ ទី១-បង្ហាញនូវចំណុចស្នូលលើនីតិវិធីនៃការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល និង ទី២-ប្រមូលធាតុចូលបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំឱ្យបាននូវនីតិវិធីនៃការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលប្រកបដោយប្រសិទ្ធភាពនិងភាពជឿទុកចិត្តបានពីគូភាគីវិវាទ សំដៅបន្តធានានូវគុណតម្លៃទាំង៣ របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងការដោះស្រាយវិវាទការងាររួម។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង លើកឡើងថា ការធានានូវភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ គឺជាយុទ្ធសាស្រ្តអាទិភាពដែលត្រូវបានកំណត់នៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ ដើម្បីចូលរួមចំណែកសម្រេចឱ្យបានជោគជ័យនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។ ក្នុងន័យនេះ ក្រោមការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទំនាក់ទំនងវិជ្ជាជីវៈ នៅកម្ពុជាក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះត្រូវបានទទួលស្គាល់ថាកាន់តែមានភាពចាស់ទុំ ដែលធានាបាននូវភាពសុខដុមរមនា និងភាពទាក់ទាញសម្រាប់វិនិយោគិនជាតិ និងអន្តរជាតិ។ អត្រាសះជានៅក្នុងការដោះស្រាយវិវាទការងារដោយមន្ត្រីផ្សះផ្សាវិវាទនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានការកើនឡើងជាលំដាប់ ដែលកត្តានេះសរបញ្ជាក់ឱ្យឃើញអំពីប្រសិទ្ធភាពនិងសមត្ថភាពរបស់មន្ត្រីផ្សះផ្សាវិវាទនិងភាពចាស់ទុំនៅក្នុងទំនាក់ទំនងវិជ្ជាជីវៈ។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ផងដែរថា វិវាទការងាររួមដែលដោះស្រាយមិនសះជាដោយមន្ត្រីផ្សះផ្សាវិវាទនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលដើម្បីដោះស្រាយ។ ជាមួយគ្នានេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាលត្រូវបានទទួលស្គាល់ថាជាស្ថាប័នដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ដែលបានដោះស្រាយសះជាក្នុងអត្រា ៧០%នូវវិវាទការងាររួមដែលក្រសួងបានបញ្ជូនទៅ។

ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការត្រួតពិនិត្យ និងជំរុញការអនុវត្តច្បាប់ស្តីពីការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែប្រកាន់ខ្ជាប់នូវការរៀបចំនូវកិច្ចសន្ទនាសង្គមដើម្បីដោះស្រាយនូវរាល់បញ្ហាពាក់ព័ន្ធនឹងត្រីភាគី។ ជាក់ស្តែង នៅក្នុងការរៀបចំនីតិវិធីនិងការដាក់ឱ្យដំណើរការការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាកម្មវត្ថុនៃការពិគ្រោះយោបល់នៅក្នុងសិក្ខាសាលានេះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានធ្វើការណែនាំនូវចំណុចមួយចំនួនសម្រាប់គ្រប់ភាគីធ្វើការពិនិត្យ ពិចារណា និងលើកយោបល់ ក៏ដូចជាសំណើដំណោះស្រាយ រួមមាន៖

– នីតិវិធីក្នុងការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល៖ ប្រភេទវិវាទបុគ្គល, ចំនួនអាជ្ញាកណ្តាល, សិទ្ធិតំណាងរបស់ភាគីវិវាទ, រយៈពេលនៃការដោះស្រាយ, ប្រភេទសេចក្តីបង្គាប់, និងបន្ទុកភស្តុតាង។
– ការដាក់ឱ្យដំណើរការការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញា៖ កត្តាធនធានមនុស្ស, កត្តាសម្ភារៈ និងកត្តាហិរញ្ញវត្ថុរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល៕

អត្ថបទដែលជាប់ទាក់ទង