ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្តីម្នាក់ ថា កូនរបស់គាត់ទើបសម្រាល ត្រូវសត្វពស់ពាំយកទៅបាត់

58

 

ស្វាយរៀង ៖ ស្រ្តីម្នាក់នៅស្រុកស្វាយទាប ខេត្តស្វាយរៀង ប្រាប់អ្នកភូមិថា កូនរបស់គាត់ទើបសម្រាល ត្រូវសត្វពស់ពាំយកទៅបាត់ ប៉ុន្តែករណីនេះ រដ្ឋបាលស្រុកស្វាយទាប អធិការរងនគរបាលស្រុក ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋ បាលឃុំមេភូមិ បានចុះទៅពិនិត្យស្រាវជ្រាវដល់ទីតាំងកើតហេតុ ស្ត្រីដែលសម្រាកកូននោះ ក្រោយពីបានសាកសួរករណីខាងលើក្រុមការងារជំនាញ ដោយមានក្រុមគ្រូពេទ្យជាអ្នកវិនិច្ឆ័យផ្ទាល់ បានបញ្ជាក់ថា ស្ត្រីខាងលើនេះមិនមានផ្ទៃពោះទេ។

គ្រូពេទ្យប្រាប់ហើយថា នាងមិនមានផ្ទៃពោះទេ ហើយក៏ធ្លាប់ឲ្យគ្រូពេទ្យជួយបញ្ជាក់ឲ្យថា នាងមានផ្ទៃពោះទៀតផង។
តែទោះយ៉ាងណា ខាងសាច់ញាតិរបស់ស្រ្តីម្នាក់នេះ រួមទាំងស្រ្តីនេះផ្ទាល់តែម្តង នៅតែបន្តអះអាងថា គាត់ពិតជាមានកូនពិតមែន! ដល់ពេលចឹងចង់វ៉ល់ៗ!

ករណីនេះនៅថ្ងៃទី១៥ខែវិច្ឆិកានេះ រដ្ឋបាលស្រុកស្វាយទាបបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានខាងលើនេះ រដ្ឋបាលស្រុកស្វាយទាបបាន ដឹកនាំក្រុមការងារចម្រុះដោយ លោក ផាន់ បូរ៉ា អភិបាលរងស្រុកនិងមានការចូលរួមពី លោកនាយករដ្ឋបាលស្រុក អធិការរងនគរបាលស្រុក លោកអនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ស្រុក លោកប្រធានមន្ទីរពេទ្យបង្អែកស្រុក មន្ត្រីឆ្មប ប្រធានការិយាល័យពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋ បាលឃុំមេភូមិ បានចុះទៅពិនិត្យស្រាវជ្រាវដល់ទីតាំងកើតហេតុ ស្ត្រីដែលសម្រាកកូននោះមានឈ្មោះ សេង រតនា អាយុ ២៨ ឆ្នាំកម្មកររោងចក្រ ប្ដីឈ្មោះ នុត ចិន្តា អាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក រស់នៅភូមិរមាំងថ្កោល ឃុំរមាំងថ្កោល ស្រុកស្វាយទាប ក្រោយពីបានសាកសួរករណីខាងលើក្រុម ការងារជំនាញដោយមានក្រុមគ្រូពេទ្យជាអ្នកវិនិច្ឆ័យផ្ទាល់បានបញ្ជាក់ថាស្ត្រីខាងលើនេះមិនមានផ្ទៃពោះទេ ដោយយោងករណីដូចខាងក្រោម៖

– ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ បានមកពិនិត្យអេកូផ្ទៃពោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយ ទាបលទ្ធផលបញ្ជាក់ពីលោកវេជ្ជបណ្ឌិត សរ សុខចំរើន ប្រធានមន្ទីរពេទ្យ គឺមិនមានផ្ទៃពោះទេ ។

– ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ឈ្មោះ សេង រតនា បានមកពិនិត្យផ្ទៃពោះនៅគ្លីនិក ១កន្លែង ស្ថិតនៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប តាមការបញ្ជាក់របស់ វេជ្ជបណ្ឌិត ចាន់ ថន ស្រ្តីខាងលើនេះ គឺមិនមានផ្ទៃពោះទេ តែឈ្មោះ សេង រតនា សូមឱ្យលោក វេជ្ជ. ចាន់ ថន ជួយបញ្ជាក់ថាគាត់មានផ្ទ ពោះ ប៉ុន្តែលោកវេជ្ជបណ្ឌិត ចាន់ ថន មិនបានធ្វើតាមសំណូមពរគាត់ទេ ។

– ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយកើតហេតុក្រុមគ្រួសារបាននាំយកទៅមន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីពិនិត្យអាការៈ ។ ក្រោយពីការពិនិត្យរបស់ក្រុមគ្រូពេទ្យជំនាញបានវាយតម្លៃថាអាការៈស្ត្រី ឈ្មោះ សេង រតនា គឺមិនមានផ្ទៃពោះទេ ដោយអាការៈដូចស្រ្តីធម្មតា ( មិនមានការធ្លាក់ឈាម ស្បូនធម្មតា ទ្វារមាសគ្មានការដាច់រលាត់ គ្មានទឹកដោះ… ) ។

សូមបញ្ជាក់ថា មានគ្រួសារមួយនៅក្នុងភូមិរមាំងថ្កោល ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង បានកើតរឿងដ៏ចម្លែកមួយនោះគឺស្រ្តីម្នាក់ពេលសម្រាលកូនភ្លាម ត្រូវសត្វចម្លែកពាំកូនយកទៅបាត់ធ្វើឲ្យស្ត្រីជាម្តាយស្រែកឲ្យគេជួយរហូតសន្លប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិរត់មកជួយ។ ករណីចម្លែកនេះ បានកើតឡើងកាលពីវេលាម៉ោង ៤៖២០នាទី រសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភូមិរមាំងថ្កោល ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។

នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ស្រ្តីទើបសម្រាលកូន សេង រតនា ហៅស្រីហ៊ុច អាយុ២៦ឆ្នាំ មុខរបរជាកម្មការិនីនៅតាមរោងចក្រ បានរៀបរាប់ថា នាងមានប្តីឈ្មោះ នុត ចិន្តា អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រដូចគ្នា។ ពួកគេបានរៀបការ និងមានកូនប្រុសម្នាក់ឈ្មោះ ផាន់ សេងលីគង់ អាយុ៥ឆ្នាំ។ ក្រោយមកក៏មានផ្ទៃពោះកូនទី២ ហើយកូនទី២នេះពពោះបាន១០ខែ ទើបសម្រាល តែជាអកុសល ត្រូវសត្វចម្លែកដ៏ធំមកពាំយកទៅបាត់ ធ្វើឲ្យនាងភ័យតក់ស្លុតដួលសន្លប់នៅកន្លែងកើតហេតុ។

នាង សេង រតនា បានបន្តថា មុនពេលមានផ្ទៃពោះកូនទី២នេះ គាត់បានដេកយល់សប្តិ ឃើញសត្វពោះដ៏ធំ មករុំជើងជាប់ ដោយភ័យពេកក៏ភ្ញាក់ឡើងនិយាយប្រាប់ប្តីតាមដំណើររឿង។ ចាប់ពីពេលមានផ្ទៃពោះ បាន៤ខែ ក៏មានសត្វពស់ជាច្រើនមកវារនៅលើដំបូលផ្ទះ មានតូចមានធំ គឺឃើញនៅពេលថ្ងៃតែម្តង ជួនកាលឃើញសត្វពស់មកនៅលើមាត់អាងទឹកក្នុងបន្ទប់ទឹកបើកវែកដាក់នាង ពេលនោះស្រែកហៅប្តីពស់នោះវាចេញទៅបាត់។

ហើយករណីឃើញសត្វពស់ លូនមកនៅលើដំបូលផ្ទះគឺញឹកញាប់ណាស់ក្នុង១ខែ ឃើញ២ទៅបីដង ក៏ប៉ុន្តមិនចាប់អារម្មណ៍ដោយខាងក្រោយផ្ទះមានដើមឈើ ច្រើនដូចព្រៃមានស្មៅដុះច្រើនទៀតទើបសត្វពោះមានច្រើន។

នាង សេង រតនា បន្តទៀតថា ពេលទៅពិនិត្យផ្ទៃពោះរាល់ខែ ហើយបានឆ្លុះអេកូចំនួន៤ដង។ លើកទី១ មើលមិនច្បាស់ឃើញដោយឃើញព្រាលៗ ពេលនោះគ្រូពេទ្យប្រាប់ថា មានផ្ទៃពោះហើយ។ ឆ្លុះអេកូលើកទី២ ក៏មើលឃើញមិនច្បាស់ដែរ ពេលមើលលើកទី៣ ទើបឃើញ គ្រូពេទ្យប្រាប់ថាកូនស្រី។

នាង និងប្តីត្រេកអរខ្លាំងណាស់ដោយកូនទី១ប្រុស កូនទី២ ឆ្លាស់មកបានកូនស្រី ហើយផ្ទៃពោះចេះតែវិវត្តធំឡើងៗខុសធម្មតា សង្ស័យជាកូនភ្លោះទើបទៅឆ្លុះអេកូម្តងទៀត គ្រូពេទ្យប្រាប់ថា ឃើញកូនតែមួយទេ គឺកូនស្រីខណៈនោះ ឪពុកនាងបានផ្តិតរូបភាពចៅ ដាក់នៅក្នុងអេក្រង់ កុំព្យូទ័រ ទុកមើលទៀតផង។ នាងបន្តទៀតថា រហូតពពោះគម្រប់៩ខែ ទៅពិនិត្យផ្ទៃពោះគ្រូពេទ្យប្រាប់ថា មកធ្វើអីគ្រប់ខែហើយ។ រីឯខាងរោងចក្របានឲ្យឈប់សម្រាក១ខែ និងបើកប្រាក់៥០ភាគរយ។

លុះគ្រប់៩ខែ ១០ថ្ងៃ នាង និងប្តីបានទៅសុំច្បាប់សម្រាលកូន ខាងរោងចក្រក៏បានឲ្យសម្រាក និងបើកប្រាក់ខែឲ្យ ៣ខែ បានប្រាក់៤៨០ដុល្លារ។ ក៏ប៉ុន្តែដល់ថ្ងៃត្រូវសម្រាលហើយ មិនសម្រាលសោះលើសថ្ងៃ គឺត្រូវពពោះរហូត ដល់១០ខែគត់។ ដោយសារលើសថ្ងៃ ចាស់ទុំ និងឪពុកម្តាយ បានពិភាក្សាគ្នាថា កូនពពោះលើសខែ ២០ថ្ងៃហើយ មិនស្រួលទេ គឺត្រូវតែទៅពេទ្យវះ យកកូនទុកយូរខ្លាចគ្រោះថ្នាក់។ តែដោយថ្ងៃច័ន្ទជាថ្ងៃសម្រាកបុណ្យអុំទូកផង គិតគ្នាថា ទុកយូរមិនបានទេគឺស្អែកថ្ងៃអង្គារ៍ទី៨ ទៅមន្ទីរពេទ្យខេត្តស្វាយរៀង សុំពេទ្យវះយកកូនតែម្តងទៅ។

លុះដល់ម៉ោង ៤រសៀលថ្ងៃដដែល មានអាការៈឈឺពោះ ចំណែកឪពុកម្តាយមិននៅផ្ទះ រីឯប្តីបានទៅជប់លៀងខួបកំណើតប្អូនជីដូនមួយនៅចុងភូមិ រូបនាងដេកនៅលើគ្រែក្នុងរោងខាងមុខផ្ទះ ដោយមានកូន និងក្មេងៗ តូចៗ២៣នាក់លេងនៅក្បែរោង ស្រាប់តែឈឺពោះ ក៏ទូរសព្ទ័ហៅប្តីឲ្យត្រឡប់មកផ្ទះវិញ តែតេចូលហើយប្តីមិនលើក។

បន្ទាប់មកដូចជាវិលមុខវង្វេង ហើយដូចមានគេមកនាំឲ្យទៅក្រោយផ្ទះ ក៏ចុះដើរទៅតាមគេលុះដល់ចំហៀងផ្ទះជិតទ្រុងមាន់ ក៏ត្រូវគេឲ្យអង្គុយទៅលើដី រួចកន្ធែកជើង ដូចជាមានមនុស្សមកជួយបង្កើតកូន ខណៈនោះកូនបានកើតចេញ មកផុតសារុង ផ្កាប់មុខ មើលទៅដឹងច្បាស់ថាកូនស្រី សម្បុរសរ សក់ខ្មៅរលើប ស្រាប់តែមានសត្វពស់ដ៏ធំប៉ុនពាងលូ បើកពពា ហើយហាមាត់មកពាំកូនរបស់នាង។

នាងក៏ប្រតាយ យកជើងធាក់ពស់នោះ ក៏ប៉ុន្តែមិនត្រូវសត្វពស់នោះទេ ត្រូវជញ្ជាំងសង្ខ័សីធ្លាយ សត្វពស់នោះពាំកូនយកទៅបាត់ នាងខំស្រែកឲ្យគេជួយកូនប្រុសនាងក៏ស្រែកឲ្យគេជួយ ពេលនោះអ៊ុំស្រីបានរត់មកដល់ឃើញនាងសន្លប់ បាត់ទៅហើយ។ អ៊ុំស្មានថា ខ្យល់គរបានដកសក់ពេលឃើញមានឈាមនៅក្នុងថ្នក់សំពត់ក៏ឆោឡោអ្នកជិតខាងមកដល់ សែងស្រ្តីរងគ្រោះមកដាក់លើគ្រែ ហើយហៅរថយន្តដឹកទៅមន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះ។

នៅថ្ងៃ៨ វិច្ឆិកា វេលាម៉ោង ៣៖៥នាទីរសៀល ប្តីឮសូកូនង៉ាយំ នៅកន្លែងសម្រាល ខណៈនោះបុរសជាប្តីរត់ទៅមើលតែបាត់សម្លេងយំមិនឃើញ។ ហើយនៅពេលយប់វេលាម៉ោង ១និង០០នាទីរំលងអធ្រាត្រ ប្អូនៗរបស់ប្តីដែលមកដេកកំដរបានឮសម្លេងកូនង៉ាយំ នៅកន្លែងស្រ្តីរងគ្រោះសម្រាលកូនទៀត ពួកគេនាំគ្នាក្រោកហើយដើរទៅរកមើល ស្រាប់តែឮសម្លេងមនុស្សសើច ហើយក៏បាត់សម្លេងរកមើលក៏ពុំមានឃើញអ្វីដែរ។

លុះព្រឹកឡើងបងប្រុសជីដូនមួយឈ្មោះអេង សោភណ្ឌ័ អាយុ៤៩ឆ្នាំ មកសួរសុខទុក្ខប្អូនស្រី ហើយបានដើរទៅមើលកន្លែងកើតហេតុក៏បានឃើញចេកគេសែន ក៏ឃ្លានចូលទៅកាច់ផ្លែកចេកសែន២ផ្លែ យកមកហូប ហើយក៏លា ត្រឡប់ទៅផ្ទះវិញ ស្រាប់តែងងិតមុខដួលម៉ូតូម្នាក់ឯងរបួសដៃ និងជង្គង់ក៏ឡើងជិះម៉ូតូត្រឡប់មកផ្ទះប្អូនវិញជិះបានបន្តិច ក៏ដួលម៉ូតូម្តងទៀតធ្វើឲ្យរបួសដៃម្ខាងទៀត។ ចំណែកប្អូនៗខាងប្តី ៣នាក់មកដេកកំដរ លុះជិះម៉ូតូឌុបគ្នាត្រឡប់ ទៅផ្ទះវិញដល់លើផ្លូវជាតិលេខ១ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ម្នាក់អាយុ១៧ឆ្នាំ និង២នាក់ ជិះខាងក្រោយរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង។

នាង រតនា បានបន្តថា ដោយជួបគ្រោះលើគ្រោះចាស់ទុំក៏ទៅរកគ្រូទាយ ទស្សទាយមើលមានគ្រូនៅស្វាយរៀង២នាក់ទាយដូចៗគ្នាថា ទារិកានេះ មានបារមី បង់បទ គេយកកូនគេមកផ្ញើពោះ ហើយឥឡូវដល់ពេលគេមកយកវិញ ដោយចាស់ទុំបម្រុងវះកាត់ប៉ះពាល់ដល់កូនគេ ទើបគេមកយកមុន។

ចំណែកគ្រូទាយម្នាក់ទៀតនៅខេត្តបាត់តំបង ក៏ទស្សទាយដូចគ្នាថា នេះជាព្រះនាងតូចរបស់ពួកគេ គេយកទៅវិញហើយ និងមានបារមីបង់បទ គេលាក់បំបាំងទុកមិនឲ្យឃើញ គេស្រឡាញ់ព្រះនាងតូចគេណាស។ ចំណែកនាងរងគ្រោះ និងប្តី បានអុជធូបអង្វរសុំឲ្យប្រគល់កូនមកនាងវិញមក នាងចង់ឃើញមុខកូននាង ចង់ដឹងថា តើកូននាងនៅមានជីវិត ឬមានទឹកដោះបៅដែរ ឬទេ សុខទុក្ខយ៉ាងណាសុំថែទាំងអស់គ្នា។ ហើយនៅតែរង់ចាំកូនជានិច្ចសូមឲ្យបារមី ពស់បង់បទមេត្តា នាំកូនឲ្យនាងវិញ។

នាង រតនា បាននិយាយថា កាលពីនាងនៅក្មេងនាងធ្លាប់ទៅឃ្វាលគោនៅទួលបុរាណ គឺទួលអង្គ ឬវត្តទួលនៅខាងលិចផ្ទះប្រមាណ១គីឡូម៉ែត្រ ដែលមានប្រសាទបុរាណ ជិតវត្តព្រះទន្លេ ស្ទើររាល់ថ្ងៃគឺតែងតែជួបពស់បង់បទ លូននៅទួលនោះជួនឡើងលេងលើកំពូលប្រាសាទជួបពស់នៅលើកំពូលប្រាសាទ គឺពស់ធំណាស់តែនាងមិនខ្លាច តែក្រោយមកអំឡុងឆ្នាំ២០១២ នាងឈប់បានទៅទួលប្រសាទវត្តទួលទៀត ដោយនាងចូលធ្វើការរោងចក្ររហូតបច្ចុប្បន្ន។

ហើយមកដល់ថ្ងៃទី១២ វិច្ឆិកានេះ ម្តាយធ្លាក់ខ្លួនឈឺទៀត ទើបនៅរសៀលម៉ោង២ ក៏បាននិមន្តព្រះសង្ឃ២អង្គ មកសូតមន្តបណ្តោះគ្រោះ និងធ្វើពែរឲ្យគេ និងបន់ស្រន់សុំឲ្យអ្នកតាបង់បទកុំយកកូននាងទៅលាក់អី សូមប្រគល់កូនឲ្យនាងវិញ។

ពលរដ្ឋដែលបានដឹងរឿងហេតុការណ៍នេះ បានលើកឡើងថា វាជារឿងមួយដែរមិនគួរឲ្យជឿ ជារឿងអប៉ីជំនឿ កើតឡើងដូចជារឿងព្រេងនិទាន តែវាជាការពិត ដោយនាងឆ្លងទន្លេភ្លាមមានសត្វពស់មកពាំយកកូនទៅបាត់ ធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ដោយអ្នកភូមិស្គាល់នាង និងដឹងថា នាងមានផ្ទៃពោះស្ទើរគ្រប់គ្នាពិតាប្រាកដ ហើយផ្ទៃពោះធំសម្បើមដូចជាកូនភ្លោះ ហើយអ្វើកាន់តែឆ្ងល់ទៀតនោះ ពេលនាងសម្រាលកូន គឺមានឈាមធ្លាក់បន្តិចបន្តួច ហើយមិនឃើញធ្លាក់សុខ។

ពលរដ្ឋបានលើកឡើងទៀតថា ពេលនាងសន្លប់យកទៅដល់មន្ទីរពេទ្យខេត្ត គ្រូពេទ្យពិនិត្យទៅមិនជឿថាជាស្រ្តីដែលឆ្លងទន្លេ ក៏យកទៅអេកូ ក៏រកមិនឃើញកូននៅក្នុងផ្ទៃគឺពោះទទេ ពោះស្អាតគ្មានឈាមដក់ក្នុងពោះ ឬធ្លាក់តាមទ្វារទេ ហើយពេលនាងដឹងខ្លួនវិញ គឺហាក់ដូចជាស្រ្តីជាធម្មតា មានកម្លាំងធម្មតា ម្តាយឪពុកក៏នាំមកផ្ទះវិញ និងតាមរកកូនដែលបាត់ទៅ លុះមកដល់ថ្ងៃទី១៣ វិច្ឆិកានេះ គឺកម្លាំងជាធម្មតា វិញហើយ៕

 

អត្ថបទដែលជាប់ទាក់ទង