ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាល បានចំណាយថវិកាប្រមាណជាង២០០លានដុល្លារក្នុងសកម្មភាពមីននៅកម្ពុជា

52

 

ភ្នំពេញ៖ យ៉ាងហោចណាស់ រាជរដ្ឋាភិ បាលកម្ពុជា បានចំណាយថវិកាប្រមាណជាង២០០លានដុល្លារ សហរដ្ឋអាមេរិក ក្នុងការចូលរួមសកម្មភាពមីននៅកម្ពុជា ក្នុងរយៈពេលជាង ៣០ឆ្នាំនេះ ។
បិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជានៅសាលពិព័រណ៍ និងសន្និសីទកោះពេជ្រ លោក ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន បានឱ្យដឹងថា រយៈពេល ៣០ឆ្នាំនេះ ចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២២ កម្ពុជា ក្នុងបេសកកម្មសកម្មភាពមីនរួមគ្នា របស់រាជរដ្ឋាភិ បាលកម្ពុជា ប្រទេសផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ បានរួមចំណែកយ៉ាងធំធេង ក្នុងការដោះស្រាយផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។

រយៈពេលនេះ យ៉ាងហោចណាស់ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាប្រមាណជាង២០០លាន ដុល្លារអាមេរិក សម្រាប់ចូលរួមក្នុងការងារសកម្មភាពមីននៅកម្ពុជា ព្រមទាំងទ្រទ្រង់ដល់ដំណើរការស្ថាប័ន និងការត្រួតពិនិត្យតាមដានការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ។
កាលពីឆ្នាំ២០១៨ រាជរដ្ឋាភិបាល បានសម្រេចផ្តល់ថវិកាបដិភាគចំនួន ១០ភាគរយ សម្រាប់រួមចំណែកដល់គម្រោងជំនួយឥតសំណងថ្មីនានា ដែលបម្រើឲ្យការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងបដិភាគចំនួន១០ភាគរយ សម្រាប់រួមចំណែក អនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ក្នុងរង្វង់ឥណទានចំនួន ២លានដុល្លារ។

លើសពីនេះ រាជរដ្ឋាភិបាល ក៏បានរួមចំណែកថវិការាប់សិបលានដុល្លារផ្សេងទៀតដែរ តាមរយៈការលើកលែងពន្ធនាំចូលសម្ភារៈ ឧបករណ៍ប្រើប្រាស់ រថយន្ត គ្រឿងចក្រនានា ដោយពន្ធជាបន្ទុករបស់រដ្ឋ។
លោក លី ធុជ ក៏បានសំដែងនូវអំណរគុណជូនចំពោះប្រទេសផ្ដល់ជំនួយ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្ដល់ជំនួយទាំងបច្ចេកទេស សម្ភារៈ និងហិរញ្ញវត្ថុ ដល់សកម្មភាពមីនរយៈពេលជាង ៣០ ឆ្នាំកន្លងទៅនេះ ក្នុងបុព្វហេតុនៃការចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ជំរុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា៕ សំរិត

អត្ថបទដែលជាប់ទាក់ទង