ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញឲ្យរៀបចំផែនការយុទ្ធសាស្រ្តទីផ្សារគោលដៅ ស្របតាមប្រភេទពូជស្រូវ និងអង្ករ ដែលកំណត់យកឆ្នាំ២០២៣ ឱ្យបានបរិមាណចំនួន ៧៥ម៉ឺនតោន និង១លានតោនៅក្នុងឆ្នាំ២០២៥

51

 

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញការនាំចេញ ដោយរៀបចំផែនការយុទ្ធសាស្រ្តទីផ្សារគោលដៅ ស្របតាមប្រភេទពូជស្រូវ និងអង្ករ ដែលកំណត់យកឆ្នាំ២០២៣ ឱ្យបានបរិមាណចំនួន ៧៥ម៉ឺនតោន និង១លានតោនៅក្នុងឆ្នាំ២០២៥ ដែលក្នុងនោះត្រូវនាំចេញក្រោមរូបភាពក្រុមហ៊ុនឯកជននីមួយៗ និងក្រុមហ៊ុនរួមគ្នា (CRF-EXPORT CONSORTIUM) ដែលនាំចេញក្នុងបរិមាណទ្រង់ទ្រាយធំ ។

នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួម ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងកម្មវិធីបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់អាត្តិទី៤ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា សហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវបានបង្កើតឡើងក្រោមកិច្ចប្រឹងប្រែងសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម នៅឆ្នាំ២០១៤ ហើយបានទទួលស្គាល់ដោយរាជរដ្ឋាភិបាល តាមរយៈអនុក្រឹត្យលេខ២២៨ អនក្រ.បក ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤ ដោយស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសរបស់ក្រសួងពាណិជ្ជកម្ម ដែលជាដៃគូរាជរដ្ឋាភិបាលតែមួយគត់ក្នុងការអនុវត្តគោលនយោបាយស្តីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ដែលរហូតដល់ពេលនេះមានរយៈពេល ៩ឆ្នាំ។ សម្រាប់អាណត្តិទី៣ ដែលបានបោះឆ្នោតរៀបចំថ្នាក់ដឹកនាំ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ដែលមានការកែសម្រួលរចនាសម្ព័ន្ធថ្នាក់ដឹកនាំ ដោយមានការបែងចែកការងារប្រតិបត្តិ និងការត្រួតពិនិត្យ (Check and Balance) ដែលមានប្រធានសហព័ន្ធ ដែលជាតួអង្គដឹកនាំការងារប្រតិបត្តិ ដឹកនាំដោយ ឧកញ៉ា សុង សារ៉ន និងក្រុមប្រឹក្សាភិបាល ដែលមានសមាភាពសរុបចំនួន ២៥រូប ដែលមានប្រធានដឹកនាំដោយ ឧកញ៉ា ហ៊ុន ឡាក់ ថ្ងៃនេះជាថ្ងៃចុងក្រោយ នៃអាណត្តិទី៣ ក៏ជាថ្ងៃចាប់ផ្តើមនៃអាណត្តិទី៤ ។

សម្រាប់រយៈពេល ៣ឆ្នាំ នៃអាណត្តិទី៣ នេះ សហព័ន្ធស្រូវអង្ករកម្ពុជា ទោះស្ថានការណ៍នៃកូវីដ-១៩ ក្រសួងពាណិជ្ជកម្មបានឃើញនូវវឌ្ឍនភាពសំខាន់ៗ ដែលសហព័ន្ធស្រូវអង្ករកម្ពុជាបានសម្រេចការងារ មួយចំនួនដូចខាងក្រោម៖
• បានពង្រឹងបាននូវមូលដ្ឋានដឹកនាំរបស់សហព័ន្ធ ដែលរៀបចំបាននូវការិយាល័យអចិន្ត្រៃយ៍
• ការធ្វើប្រព័ន្ធប្រតិបត្តិការងារមានស្តង់ដារ ISO 9001:2015
• ការរៀបចំ គណនេយ្យភាពលើប្រព័ន្ធហិរញ្ញវត្ថុ ដោយមានសវនកម្មច្បាស់លាស់ពីសវនករឯករាជ្យ
• ការសម្របសម្រួល និងសហប្រតិបត្តិការគ្រប់ស្ថាប័នរដ្ឋ និងអង្គការដៃគូអភិវឌ្ឍន៍នានា
• ជាដៃគូរយ៉ាងពេញលេញជាមួយក្រុមហ៊ុនហ្គ្រីនត្រេដ ក្រសួងពាណិជ្ជកម្ម ក្នុងការតាមដានការជួយសម្រួលដល់ចរាចរអង្ករនៅតាមតំបន់ដែលការបិទខ្ទប់ ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅគ្រប់ភូមិសាស្ត្រ និងការរក្សាបាននូវស្ថិរភាពតម្លៃស្រូវ អង្ករលើទីផ្សារ។

• ចូលរួមយ៉ាងសកម្មជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការចរចាពង្រីកទីផ្សារនាំចេញ និងការសម្របសម្រួលលើអនុស្សរណៈយោគយល់ MOU ដើម្បីនាំអង្ករចេញកាន់ទីផ្សារប្រទេសចិន ទីម័រខាងកើត (Timor Lester) ហ្វីលីពីន បង់ក្លាដេស ។ល។
• ការធ្វើបច្ចុប្បន្នភាពជាប្រចាំលើសន្ទុះតម្លៃ អង្ករ ស្រូវ ក្នុងស្រុក និងសម្រាប់នាំចេញ ដើម្បីផ្សព្វផ្សាយជូនសមាជិក និងប្រជាកសិករ
• ជាអ្នកសម្របសម្រួលលើការនាំអង្ករចេញរបស់រាជរដ្ឋាភិបាលទៅកាន់ប្រទេសគុយបា ចំនួន ៦ពាន់តោន ។

ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា សម្រាប់អាណត្តិទី៤នេះ ក្រោមកិច្ចសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្មដែលជាអាណាព្យាបាលបច្ចេកទេស សហព័ន្ធស្រូវអង្ករក៏បានដាក់ចេញនូវផែនការរបស់ខ្លួន ដោយផ្តោតលើសរសរស្តម្ភចំនួន ៤ ដូចខាងក្រោម ៖
• អភិបាលកិច្ច៖ បន្តពង្រឹងអភិបាលកិច្ចរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងប្រកបដោយការទទួលខុសត្រូវ និងគណនេយ្យភាព
• ជំរុញផលិតកម្មពូជស្រូវ៖ បន្តនិងចូលរួមសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលនយោបាយជំរុញការផលិតពូជស្រូវ និងចែកចាយដល់ប្រជាកសិករ និងធ្វើកិច្ចសន្យាកសិកម្ម ដើម្បីធានាបាននូវតម្លៃស្រូវ
• ទីផ្សារ៖ ជំរុញការនាំចេញ ដោយរៀបចំផែនការយុទ្ធសាស្រ្តទីផ្សារគោលដៅ ស្របតាមប្រភេទពូជស្រូវ និងអង្ករ ដែលកំណត់យកឆ្នាំ២០២៣ ឱ្យបានបរិមាណចំនួន ៧៥ម៉ឺនតោន និង១លានតោនៅក្នុងឆ្នាំ២០២៥ ដែលក្នុងនោះត្រូវនាំចេញក្រោមរូបភាពក្រុមហ៊ុនឯកជននីមួយៗ និងក្រុមហ៊ុនរួមគ្នា (CRF-EXPORT CONSORTIUM) ដែលនាំចេញក្នុងបរិមាណទ្រង់ទ្រាយធំ
• ការស្រាវជ្រាវ និងអភិវឌ្ឍន៍៖ រៀបចំឱ្យមានមូលនិធិឯកជនរបស់សហព័ន្ធស្រូវអង្ករបន្ថែម ដើម្បីស្រាវជ្រាវ អភិវឌ្ឍន៍លើប្រភេទពូជស្រូវ ដែលអាចឆ្លើយតបការប្រែប្រួលបរិយាកាស ទីផ្សារ និងទិន្នផល។ បន្តជំរុញការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការដាំដុះ ការកិនកែច្នៃ និងជំរុញឱ្យមានស្តង់ដារតម្រូវគ្រប់ប្រភេទរបស់រោងម៉ាស៊ីនកិនស្រូវក្នុងការនាំចេញ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរចំពោះ ប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់អាត្តិទី៤ ដែលទើបទទួលបានការបោះឆ្នោតគាំទ្រ ព្រមទាំងបានណែនាំឱ្យសមាជិក សមាជិកានៃសហព័ន្ធស្រូវអង្ករ និងដៃគូពាក់ព័ន្ធទាំងអស់ បន្តការខិតខំប្រែងអភិវឌ្ឍវិស័យនេះ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង