ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ បានចូលដល់ខណ្ឌទី១១

79

ភ្នំពេញ ៖ ខណ្ឌដូនពេញជាខណ្ឌទី១១ ក្នុងចំណោមខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដែលត្រូវបានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលត្រូវធ្វើរយៈពេល១ឆ្នាំម្តង ដើម្បីប្រាប់ឲ្យប្រជាពលរដ្ឋ បានដឹងពីសមិទ្ធិផល ដែលសម្រេចបាន និងបញ្ហាប្រឈមក៏ដូចជា ប្រាប់ពីស្ថានភាពហិរញ្ញវត្ថុរបស់រដ្ឋបាលរាជធានីភ្នំពេញ រួមនឹងការពិគ្រោះយោបល់និងដោះស្រាយ ជូនប្រជាពលរដ្ឋ។

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អណត្តិទី៣ដែលបានធ្វើឡើងនៅខណ្ឌដូនពេញនាព្រឹកថ្ងៃទី២៤វិច្ឆិកា ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងថា ៖ ក្រៅពីការផ្តល់ព័ត៌មានជូន ប្រជាពលរដ្ឋពីលទ្ធផល ដែលយើងសម្រេចបាន ក៏ដូចជាការប្រើប្រាស់ថវិកាដែរនោះ វេទិកានេះក៏បានផ្តល់ឱកាសជូនប្រជាពលរដ្ឋលើកឡើង ពីសំណើនិងសំណូមពរ ក៏ដូចក្តីកង្វល់ផ្សេងៗ របស់បងប្អូនដែលស្នើសុំឲ្យអាជ្ញាធរជួយដោះ ស្រាយ ជូនតាមចំណុចអាទិភាពជាក់ស្តែង ក្នុងមូលដ្ឋានរបស់បងប្អូន តាមរយៈការប្រាប់ដំណឹងឲ្យអាជ្ញាធរបានដឹង។

ឯកឧត្តម សុខ ពេញវុធ អភិបាលរង និងជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការបកស្រាយរាល់ចម្ងល់របស់ប្រជាពលរដ្ឋ ដែលបានលើកឡើងពីប្រជាពលរដ្ឋចំ នួន៤នាក់ ដែលជាបញ្ហាអាចដោះស្រាយជូនភ្លាម តាមរយៈអាជ្ញាធរខណ្ឌ សង្កាត់ និងជំនាញចុះទៅពិនិត្យមើលជាក់ស្តែង។ ការសុំធ្វើប្លង់កម្មសិទ្ធិ, ការសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបញ្ហានេះ វាមានការពាក់ពន្ធ័ទៅនឹងបញ្ហាផ្លូវច្បាប់
ដែលយើងត្រូវធ្វើឲ្យបានស្របច្បាប់ និងច្បាស់លាស់ជាមុនសិន ជាមួយគ្នានេះក៏មានសំណួរ និងសំណើរជាលិខិតដាក់ចូលក្នុងប្រអប់សំបុត្រចំនួន៣០សំបុត្រផងដែរ។

ឯកឧត្តម បានបន្តថា៖ ការលើកឡើងរបស់ប្រជាពលរដ្ឋ ក្នុងវេទិការនេះ គឺបានឆ្លុះបញ្ចាំងពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងរកវិធីដោះស្រាយរាល់ផលប៉ះពាល់ ជូនបងប្អូនពិតប្រាកដ៕

អត្ថបទដែលជាប់ទាក់ទង