ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អត្រាឆ្លងជំងឺអេដស៍ថ្មី នៅមានបន្តនៅឡើយ គឺប្រមាណ ១១០០​នាក់ នៅក្នុងឆ្នាំ​២០២២

80

ភ្នំពេញ៖ នៅថ្ងៃទី​ ០១ធ្នូ​ ឆ្នាំ​២០២២​ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំប្រារព្ធទិវាពិភព​លោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ ធ្នូ ឆ្នាំ២០២២ នៅសាលសន្និសីទចតុមុខ។

ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវបាន​ប្រារព្ធឡើងជារៀងរាល់ឆ្នាំនាថ្ងៃទី ០១ ខែធ្នូ ទូទាំងពិភពលោកចាប់ផ្តើមដំបូងតាំងពីឆ្នាំ១៩៨៨។ សម្រាប់ឆ្នាំ​២០២២នេះ គឺជាទិវាលើក ទី​៣៥ ​សម្រាប់ពិភពលោកទាំងមូល។ ទិវានេះគឺត្រូវបានគេកំណត់ថា ជាឱកាសមួយដែលបង្ហាញពីការប្រយុទ្ធរួមគ្នានឹងការរីករាលដាលនៃមេរោគអេដស៍របស់ប្រជាពលរដ្ឋលើសកលលោក និងជាការបង្ហាញផងដែរពីការគាំទ្រ ចំពោះអ្នករស់នៅជាមួយមេរោគអេដស៍ រួមទាំងការចូលរួមមរណៈទុក្ខចំពោះអ្នកដែលបានស្លាប់ដោយជំងឺអេដស៍។ នៅកម្ពុជា ទិវានេះត្រូវបានរៀបចំផងដែរក្នុងគោលបំណងដូចគ្នា ហើយបានចាប់ផ្តើមជាលើក ដំបូងនៅឆ្នាំ១៩៩៣ ហើយនៅឆ្នាំ២០២២នេះ គឺជាទិវាលើកទី​២៩​ ដែលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំប្រារព្ធទិវាពិភព​លោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ ធ្នូ ឆ្នាំ២០២២ នៅសាលសន្និសីទចតុមុខ ដែលចាប់ផ្តើមនៅវេលាម៉ោង ៨:០០ នាទីព្រឹក។

ការរៀបចំទិវានេះនៅកម្ពុជា មិនត្រឹមតែរៀបចំក្នុងគោលបំណងចូលរួមជាមួយនឹងពិភពលោក ទាំងមូលប៉ុណ្ណោះទេ គឺជាទិវាមួយដែលបានឆ្លុះបញ្ចាំង​ពីការ​យក​ចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រជាពលរដ្ឋកម្ពុជាទូទៅ ដែលធ្លាប់បានរងគ្រោះយ៉ាងធ្ងន់ធ្ងរអស់រយៈពេលជិត ៣ទស្សវត្ស កន្លងមកនេះ ដោយសារការរីករាលដាលមេរោគអេដស៍។ ទិវានេះក៏បានបង្ហាញផងដែរនូវការសាមគ្គី ពីគ្រប់មជ្ឃដ្ឋានក្នុងប្រទេសជាលក្ខណៈពហុវិស័យ រវាងស្ថាប័នជាតិ និងស្ថាប័នឯកជន ដៃគូម្ចាស់ជំនួយអភិវឌ្ឍន៏ អង្គការ​មិនមែន​រដ្ឋភិបាល យុវជនយុវនារី ក្រុមប្រឈមមុខខ្ពស់ សមាគមន៍ រួមទាំងបណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍ ដែលបានអនុវត្តរួមគ្នាពីអតីតកាល ក៏ដូចជាទៅអនាគត​ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងគោលបំណង ឈានឆ្ពោះទៅសម្រេចគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ ។

​បច្ចុប្បន្ន អត្រាផ្ទុកមេរោគអេដស៍នៅកម្ពុជាក្នុងចំណោមប្រជាជនទូទៅដែលមានអាយុពី​១៥ ទៅ ៤៥​ឆ្នាំ មានប្រមាណ ០.៦% នៅក្នុងឆ្នាំ២០២១ ដែលមានចំនួនអ្នករស់នៅជាមួយមេរោគអេដស៍ ប្រមាណ ៧៤០០០ នាក់ អត្រាឆ្លងថ្មីនៅមានបន្តនៅឡើយ គឺប្រមាណ ១១០០​នាក់ នៅក្នុងឆ្នាំ​២០២២ ។ ចំពោះការផ្តល់ និងទទួលសេវាដល់អ្នកផ្ទុកមេរោគអេដស៍ គឺមក​ដល់ចុង​ត្រីមាសទី២ ឆ្នាំ២០២២ នេះមានប្រមាណ ៨៤% បានមកធ្វើតេស្ត និងបានដឹងថាខ្លួនមានផ្ទុកមេរោគអេដស៍ ក្នុងនោះ​អ្នកដែលបានដឹងថាមានផ្ទុកមេរោគអេដស៍ ​​ប្រមាណ ៩៩%​ បានមកទទួលសេវាព្យាបាល ហើយក្នុងចំណោមអ្នកដែលបានទទួលសេវាព្យាបាល មានប្រមាណ ៩៧% ដែលបានរកឃើញថាមិនឃើញមានមេរោគអេដស៍​នៅក្នុង​ឈាម​។ អត្រាប្រេវ៉ាឡង់តាមក្រុមប្រជាជនគន្លឹះ គឺស្រ្តីបម្រើសេវាកំសាន្តសប្បាយមាន ៤.៩% (IBBS ឆ្នាំ២០២១) អ្នកប្រើប្រាស់គ្រឿងញៀនមាន ៥.៧% (IBBS ឆ្នាំ២០១៧) អ្នកចាក់គ្រឿងញៀនមាន ១៥.២% (IBBS ឆ្នាំ២០១៧) បុរសរួមភេទជាមួយបុរស ៤% (IBBS ឆ្នាំ២០១៩) ក្រុមស្ត្រីប្លែងភេទ ៩.៦% (IBBS ឆ្នាំ២០១៦)។

ទិវាពិភពលោកប្រយុទ្ធនឹងជំងឺ​អេដស៍ ០១ ធ្នូ ឆ្នាំ២០២២ នាពេលនេះ បានរៀបចំឡើងនៅសាល សន្និសីទចតុមុខដោយមានវត្តមាន ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទំាងមានការអញ្ជើញចូលរួមផងដែរ ពីឯកឧត្តម លោកជំទាវ សមាជិក-សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា ឯកអគ្គរាជទូត រដ្ឋទូត តំណាង​អង្គទូត អង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំប្រទេសកម្ពុជា លោក លោកស្រីមកពីស្ថាប័នរដ្ឋ អង្គការ​សង្គម​ស៊ីវិល បណ្តាញអ្នកផ្ទុកមេរោគអេដស៍ បណ្តាញប្រជាជនគន្លឹះ ភ្ញៀវជាតិ និងអន្តរជាតិ សមាគម យុវជនស្ម័គ្រចិត្ត សិល្បៈករ សិល្បការនី ព្រមទាំងសិស្ស​-និសិស្ស​ទាំងអស់ចំនួនប្រមាណ ៥០០នាក់។ ក្នុងទិវានេះ ក៏មានការរៀបចំតំាងបង្ហាញផងដែរ នូវឯកសារសម្ភារៈអប់រំផ្សព្វផ្សាយមួយចំនួន របស់បណ្តាអង្គការសង្គម​ស៊ីវិលនានានៅកម្ពុជា ដែលបានចូលរួមក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ នៅកម្ពុជាកន្លងមក ។ ​

នាឱកាសនោះ អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ជាមួយការគំាទ្រ និងប្តេជ្ញាចិត្ត ក្នុងការបន្តការប្រយុទ្ធនឹងជំងឺអេដស៍នឹងត្រូវបានបង្ហាញនៅក្នុងឱកាសនោះផងដែរ ហើយនេះជាការឆ្លុះបញ្ចាំងនូវ កម្លាំងសាមគ្គីបន្តទៀត ក្នុងគោលបំណងសម្រេចទិសដៅឈានឆ្ពោះទៅបញ្ចប់អេដស៍ឆ្នាំ២០២៥ នៅកម្ពុជានាពេលខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង