ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្វែងយល់ពីប្រវត្តកិច្ចប្រជុំអភិបាលរាជាធានីនិងរដ្ឋធានីអាស៊ាន និងវេទិកាអភិបាលក្រុងអាស៊ានប្រព្រឹត្តទៅរយៈពេល១០ ឆ្នាំហើយ

52

 

ភ្នំពេញ ៖ គិតត្រឹមឆ្នាំ២០២២នេះ គឺមានរយៈពេល១០ឆ្នាំហើយ ក្នុងការរៀបចំព្រឹត្តិការណ៍កិច្ចប្រជុំអភិបាលរាជាធានី និងរដ្ឋធានីអាស៊ាន MGMAC និងវេទិកា អភិបាលក្រុងអាស៊ាន AMF ដោយបានពិភាក្សានិងផ្លាស់ប្តូរទស្សនៈលើការអភិវឌ្ឍទីក្រុង បញ្ហាប្រឈម និងការអនុវត្តល្អៗនាពេលកន្លងមក។

វេទិកា AMF និងកិច្ចប្រជុំ MGMAC ឆ្នាំ២០២២នេះ បានប្រព្រឹត្តិទៅដោយផ្ទាល់នៅរាជធានីភ្នំពេញ បានប្រារព្ធធ្វើឡើងមានរយៈចំនួន២ថ្ងៃ គឺចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ ដោយមានតំណាងទីក្រុង និងខេត្តចូលរួមប្រមាណ ៨០ទីក្រុង ក្នុងតំបន់អាស៊ាន និងក្រៅអាស៊ាន មានជាង៣០ទីក្រុងធំៗចូលរួម។ ខណៈពិធីបើកព្រឹត្តិការទំាង២នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែធ្នូ ក្រោមអធិបតី ភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ប្រធានបទនៃវេទិកា និងកិច្ចប្រជុំទាំងពីរខាងលើ ត្រូវបានជ្រើសរើសឡើងស្របតាមមូលបទប្រចាំឆ្នាំរបស់អាស៊ាន ដែលព្រះ រាជាណាចក្រកម្ពុជាជាម្ចាស់ផ្ទះ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំង អស់គ្នា» (ASEAN A.C.T. Addres sing Challenges Together) និងស្របទៅតាមបរិបទការងាររបស់ទីក្រុង ដែលក្នុងនោះ វេទិកាអភិបាលក្រុងអាស៊ាន (ASEAN Mayors Forum)៖ ធ្វើឡើងក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការអាស៊ាន តាមរយៈការជំរុញការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី» ។

សូមជម្រាបថា នៅរៀងរាល់ឆ្នាំរាជធានី ឬរដ្ឋធានី នៃបណ្ដាប្រទេសដែលជាម្ចាស់ផ្ទះអាស៊ាន តែងតែរៀបចំកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (Meeting of Governors/Mayors of ASEAN Capitals ហៅកាត់ថា MGMAC)។
គួរបញ្ជាក់ថា៖MGMSCត្រូវបានប្រារពឡើងជាលើកដំបូងនៅទីក្រហ្សាកាតប្រទេសឥណ្ទូនេស៊ីនៅឆ្នាំ២០១២ក្រោមប្រធានបទ«អាស៊ាននៅកម្រិតមូលដ្ឋាន៖ការរួមចំណែកដល់សហគមន៌អាស៊ានឆ្នាំ២០១៥(ASEAN goes local.contributing to the ASEAN community២០១៥។
កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើលើកជាចុងក្រោយនៅទីក្រុងបាងកក ប្រទេសថៃ នៅឆ្នាំ២០១៩ បន្ទាប់មកទៀត កិច្ចប្រជុំនេះត្រូវបានខកខានមិនបានរៀបចំនៅប្រទេសវៀតណាម និងប្រទេសព្រុយណេ ដោយគ្រាន់តែចេញសេចក្តីថ្លែងការណ៍ពីចំងាយ ដោយសារមូលហេតុ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩។ នៅឆ្នាំ២០២២នេះ ដោយប្រទេសកម្ពុជា គឺជាប្រធានប្តូរវេនរបស់អាស៊ាន រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំនេះដោយផ្ទាល់ឡើងវិញ។

ទន្ទឹមគ្នានឹងការរៀបចំកិច្ចប្រជុំខាងលើ សមាគមទីក្រុង និងរដ្ឋបាលមូលដ្ឋានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (United Cities and Local Governments Asia-Pacific ហៅកាត់ថា UCLG ASPAC) តែងតែរៀបចំវេទិកាអភិបាលក្រុងអាស៊ាន ASEAN Mayors Forum_ហៅកាត់ថា AMF) ជារៀងរាល់ឆ្នាំ នៅតាមរាជធានី ឬរដ្ឋធានីនៃប្រទេសជាម្ចាស់ផ្ទះអាស៊ានផងដែរ។ ជាមួយគ្នានេះ សមាគម UCLG ASPAC ក៏បានស្នើសុំមកកាន់រដ្ឋបាលរាជធានីភ្នំពេញទទួលធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាអភិបាលក្រុងអាស៊ាននេះផងដែរ។ បន្ទាប់ពីបានពិភាក្សាជាមួយលេខាធិការដ្ឋានសមាគម UCLGASPAC រួចមក រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមយល់ឃើញថា វេទិកាទាំងពីរអាចនឹងរៀបចំនៅរាជធានីភ្នំពេញក្នុងពេលដំណាលគ្នា។

វេទិកា AMF និងកិច្ចប្រជុំ MGMAC នេះ មានសារសំខាន់ក្នុងការអនុញ្ញាតឲ្យបណ្ដារដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងនៅថ្នាក់រាជធានី ឬរដ្ឋធានី ខេត្ត ក៏ដូចជាក្រុង ស្រុក របស់ប្រទេសជាសមាជិកអាស៊ាន អាចជួបប្រជុំគ្នាជជែកលើបញ្ហាប្រឈម ក៏ដូចជាចែករំលែកបទពិសោធន៍ល្អៗដែលខ្លួនមាន ដែលជាដំណោះស្រាយអាចយកអនុវត្តបាន ជាពិសេសក្នុងកាលៈទេសៈនៃការស្តារឡើងវិញរបស់ទីក្រុងនីមួយៗ នៅក្រោយវិបត្តិជំងឺកូវីដ១៩។
វេទិកា និងកិច្ចប្រជុំខាងលើនេះ គឺបានចូលរួមជំរុញកិច្ចសហប្រតិបត្តិការ សន្តិភាព សាមគ្គីភាព និងសុខដុមនីយកម្មរវាងរដ្ឋបាលមូលដ្ឋានរបស់ប្រទេសជាសមាជិកអាស៊ាន ជាមួយនឹងរដ្ឋបាលមូលដ្ឋាន នៃបណ្ដាប្រទេសជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន។ ចំពោះរាជធានីភ្នំពេញ និងរដ្ឋបាលថ្នាក់ក្រោមជាតិកម្ពុជាវិញ វេទិកា និងកិច្ចប្រជុំទាំងពីរខាងលើគឺផ្ដល់ឱកាសដល់រដ្ឋបាលរាជធានីភ្នំពេញ និងបណ្ដាទីក្រុងនិងខេត្តរបស់កម្ពុជា ក្នុងការបង្កើនទំនាក់ទំនងជាមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តារាជធានី រដ្ឋធានី និងខេត្ត ក្រុងនៃប្រទេសជាសមាជិកអាស៊ាន។
វេទិកា និងកិច្ចប្រជុំទាំងពីរខាងលើនេះ បានក្លាយជាកិច្ចប្រជុំដោយផ្ទាល់លើកដំបូង បន្ទាប់ពីការមានវត្តមាននៃជំងឺកូវីដ១៩ និងការអាក់ខានរៀបចំកិច្ចប្រជុំនៅឆ្នាំ២០២០ និងឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង