ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បច្ចុប្បន្នរាជធានីភ្នំពេញ មានសុខសន្តិភាព ប្រណិតភាព និងការរស់នៅដោយភាពស៊ីវិល័យ

36

រាជធានីភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា បច្ចុប្បន្នរាជធានីភ្នំពេញបានក្លាយទៅទីក្រុងមួយដែលមានសុខសន្តិភាព ប្រណិតភាព និងការរស់នៅដោយភាពស៊ីវិល័យដែលបានកើតចេញពីកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងពិធីបើក “វេទិកាអភិបាលក្នុងអាស៊ាន និង កិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន ២០២២” នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ថ្លែងថា កាលពី៤៣ឆ្នាំមុន រាជធានីភ្នំពេញគឺជាទីក្រុងខ្មោច ស្ពានជ្រោយចង្វារ ដែលជិះឆ្លងកាត់ទៅកាន់ទីកន្លែងប្រជុំនាសណ្ឋាគារសុខានេះត្រូវបានដាក់មីនកាត់ផ្តាច់ ហើយប្រជាជនត្រូវបានជម្លៀសទៅជនបទគ្មានសល់ ។ ក្នុងក្របខណ្ឌទូទាំងប្រទេស បញ្ញវន្តត្រូវបានសម្លាប់រង្គាល ប្រជាជនអត់អាហារ ស្គមស្គាំង មានតែស្បែកដណ្តប់ឆ្អឹង ក្បាលជង្គង់ធំជាងក្បាល ។ វត្តអារាម ជំនឿ សាសនា រូបិយវត្ថុ ការសិក្សាអប់រំ ការចរាចរទំនិញ ទីផ្សារ និងសកម្មភាព សេដ្ឋកិច្ច-ពាណិជ្ជកម្មគ្រប់ប្រភេទ ត្រូវបានលុបបំបាត់ចោលទាំងស្រុង ។ សង្គ្រាមឈ្លប និងចលនាឧទ្ទាម បានបង្កអសន្តិសុខសង្គម ព្រមទាំងបន្សល់ទុកនូវចម្ការមីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទះរាប់លានគ្រាប់ពាសពេញផ្ទៃប្រទេស ដែលបានបន្តឆក់យកអាយុជីវិត ឬបង្កឱ្យមាន ពិការភាពដល់ប្រជាជនកម្ពុជា រហូតមកដល់សព្វថ្ងៃនេះ គួរឱ្យសោកស្តាយជាទីបំផុត ។

ឯកឧត្តមបានបន្តថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រាជធានីភ្នំពេញបានបើកទំព័រប្រវត្តិសាស្ត្រថ្មី ដោយបានស្តារ កសាង និងអភិវឌ្ឍឡើងវិញបន្ដិចម្ដងៗ ស្របតាមដំណើរវិវត្តន៍នៃបរិការណ៍ជាក់ស្តែង ផ្ដើមចេញពីការយកជីវិតធ្វើជាដើមទុន និងការលះបង់ខ្ពស់បំផុតនៅគ្រប់ដំណាក់កាលទាំងអស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងការដាក់ចេញនូវនយោបាយ “ឈ្នះ-ឈ្នះ” របស់សម្តេចតេជោនាយករដ្ឋមន្តី្រ ទើបប្រទេសកម្ពុជាទទួលបាននូវ “សន្តិភាព” និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ ។

ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា « ភ្នំពេញបច្ចុប្បន្នបានក្លាយទៅជារាជធានីមួយ មានសុខសន្តិភាព ពេញលេញ ជាមជ្ឈមណ្ឌលផលិតនិងចែកចាយទំនិញ ជាបណ្ដុំនៃការ រស់នៅប្រកបដោយភាពប្រណីត ស៊ីវិល័យ និងជាតំបន់ទេសចរណ៍ ដ៏រស់រវើកទាំងក្នុងតំបន់ និងលើពិភពលោក ហើយក៏កំពុងដើរតួនាទី យ៉ាងសំខាន់ ជាទីតាំងសម្រាប់បម្រើដល់ការរៀបចំកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងនាមជាប្រធានប្តូរវេនលើកទី៣របស់អាស៊ានថ្មីៗនេះ និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំទាំងពីររបស់យើងក្នុងថ្ងៃនេះ ថែមទៀតផង ។ ដំណើរវិវឌ្ឍន៍ និងការផ្លាស់ប្តូរមុខមាត់ថ្មីរបស់ប្រទេសកម្ពុជា និយាយជារួម និងនិយាយដោយឡែក រាជធានីភ្នំពេញ គឺមិនមែន កើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែ វាគឺជាសមិទ្ធផលដែលមិនអាច កាត់ថ្លៃបានពីកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់រាជរដ្ឋាភិបាល កម្ពុជា ដែលបាននឹងកំពុងបម្រើប្រជាជន និងអភិវឌ្ឍប្រទេសជាតិ ក្រោម ការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា» ។

សូមបញ្ជាក់ថា បច្ចុប្បន្នរាជធានីភ្នំពេញ មានផ្ទៃដីសរុបទំហំ ៦៩២,៦៤ គីឡូម៉ែត្រក្រឡា ចែកចេញជា១៤ខណ្ឌ , ១០៥សង្កាត់, ៩៥៣ភូមិ មានប្រជាជនរស់នៅអចិន្ត្រៃយ៍ប្រមាណជា ២,២លាននាក់ និងមាន ប្រជាជនស្នាក់នៅបម្រើការងារប្រមាណជា ១លាននាក់ផ្សេងទៀត ក្នុងអត្រាកំណើន ២,១% ក្នុងមួយឆ្នាំ និងមានដង់ស៊ីតេប្រមាណ ៣.០៧៥ នាក់ ក្នុងមួយគីឡូម៉ែត្រក្រឡា ៕

អត្ថបទដែលជាប់ទាក់ទង