ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកវិនិយោគិនចិន៖ តំបន់ប៉ែកខាងជើងរាជធានីភ្នំពេញនៅតែមានសន្តានុពលច្រើនសម្រាប់គម្រោងបុរី វិឡា និងខុនដូរ

52

 

ភ្នំពេញ៖ អ្នកវិនិយោគិនចិន សម្លឹងឃើញការអភិវឌ្ឍគម្រោងលំនៅឋាននៅតំបន់ប៉ែកខាងជើងរាជធានីភ្នំពេញ នៅតែមានសន្តានុពលច្រើនសម្រាប់គម្រោងបុរី វិឡា និងខុនដូរ ខណៈត្រីមាសទី៣ឆ្នាំនេះ ការអនុម័តគម្រោងសាងសងបុរី និងអគារខ្ពស់ៗមានជាង៣ពាន់គម្រោង។
យោងតាមរបាយការណ៍ពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២២នេះ ក្រសួង បានផ្តល់លិខិតអនុញ្ញាតសាងសង់ទូទាំងប្រទេសចំនួនជាង ៣ពាន់គម្រោង ដែលមានទុនវិនិយោគជិត ២ពាន់លានដុល្លារអាមេរិក ក្នុងនោះបានផ្តល់លិខិតអនុញ្ញាតសាងសង់គម្រោងបណ្តុំលំនៅឋានមានលក្ខណៈជាបុរី ចំនួន ២០គម្រោង និងអគារខ្ពស់ៗចាប់ពី ៥ជាន់ឡើង ចំនួន ៩៨គម្រោង។

លោក Jackey Tang នាយកប្រតិបត្តិគម្រោងបុរី Dragon Land 598 បានអោយដឹង ក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាងគម្រោងបុរី Dragon land 598 និងធនាគារកម្ពុជាសាធារណៈនាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ ថា ការអភិវឌ្ឍលំនៅដ្ឋានបែបបុរី វិឡា និងខុនដូរ នៅមានសន្តានុពលច្រើន នៅតំបន់ប៉ែកខាងជើងរាជធានីភ្នំពេញ ដោយសារទីតាំងនេះ នៅមិនឆ្ងាយពីរាជធានីភ្នំពេញ ហើយថែមទាំងជិតនឹងតំបន់អភិវឌ្ឍថ្មី ដែលក្បែរនឹងស្តាតមរកតតេជោ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនាឆ្នាំក្រោយនេះ គឺកីឡាស៊ីហ្គេម ២០២៣ ។ ដូច្នេះ លោកមើលឃើញថា តំបន់ប៉ែកខាងជើងជាយរាជធានីភ្នំពេញនេះ នៅតែមានតឱកាសសម្រាប់ការវិនិយោគច្រើន ស្របពេលដែលតម្រូវការជួល និងទិញលក់ខុនដូរ ហាក់កម្រើកឡើងវិញក្រោយវិបត្តិកូវីដ១៩ បានស្ងប់ស្ងាត់ទៅវិញក្នុងប្រទេសកម្ពុជា។

ដោយឡែកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានមានប្រសាសន៍ថា នៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ បច្ចុប្បន្នមានសំណង់អគារខ្ពស់ៗ ទំនើបៗ រីកដុះដាលគួរឱ្យកត់សម្គាល់ មានទាំង សំណង់អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម ធនាគារផ្សារទំនើប សណ្ឋាគារ និងបុរីលំនៅឋានសង់ឡើងជាបន្តបន្ទាប់ សបញ្ជាក់ពី ទំនុកចិត្តខ្ពស់របស់វិនិយោគិនចំពោះ ប្រទេសកម្ពុជា។
គួរបញ្ជាក់ដែរថ វិស័យសំណង់ ត្រូវបានព្យាករថា នឹងបន្តងើបឡើងវិញក្នុងអត្រា ៧.២ភាគរយ ក្នុងឆ្នាំ២០២៣ ហើយការរំពឹងងើបឡើងវិញនេះ បានមកពីការចូលរួមនៃរំហូរទុនវិនិយោគពីបរទេស ខណៈឆមាសទី១ដើមឆ្នាំនេះ ទុនវិនិយោគក្នុងវិស័យសំណង់បានកើនដល់ជាង១ពាន់លានដុល្លារ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង