ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំរបស់យើងនាពេលនេះ បានក្លាយជាវេទិកាដ៏មានខ្លឹមសារ ដែល អនុញ្ញាតឱ្យយើងចែករំលែកចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍ ជុំវិញការអភិវឌ្ឍ រាជធានី រដ្ឋធានី និងទីក្រុង

100

 

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ថ្លែងក្នុងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ (MGMAC 2022) ក្រោមប្រធានបទ «ការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់និងមានចីរភាព»

នៅពេលនេះ “កិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន ឆ្នាំ២០២២ ក្រោម ប្រធានបទ «ការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព» របស់យើង បានឈានដល់ទីបញ្ចប់។ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមយ៉ាងសកម្ម ប្រកបដោយការគិតគូរយកចិត្តទុកដាក់ ក្នុងន័យស្ថាបនារបស់ឯកឧត្តម-លោកជំទាវ អភិបាល-អភិបាលរងរាជធានី-រដ្ឋធានីទាំងអស់ នៃប្រទេសជាសមាជិកអាស៊ាន។
ខ្ញុំយល់ឃើញថា ការផ្លាស់ប្តូរទស្សនទាន តាមរយៈបទបង្ហាញរបស់តំណាងរាជធានី- រដ្ឋធានីអាស៊ាន និងការចូលរួមមតិយោបល់ពិភាក្សាអម្បាញ់មិញនេះ បានគូសបញ្ជាក់ យ៉ាងច្បាស់អំពីការបន្តប្តេជ្ញាចិត្តដ៏រឹងមាំរបស់យើងទាំងអស់គ្នា ក្នុងការរួមដំណើរឆ្ពោះទៅ សម្រេចការកសាងសហគមន៍អាស៊ានមួយ ដែលកាន់តែមានភាពស្អិតរមួតលើគ្រប់វិស័យ មិនថានៅកម្រិតថ្នាក់ជាតិ ឬ កម្រិតថ្នាក់ក្រោមជាតិ ដើម្បីប្រជាជាតិអាស៊ាន ប្រជាជននៃ បណ្តារាជធានី-រដ្ឋធានីអាស៊ាន តាមរយៈការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ពោលគឺសមស្របទៅនឹងមូលបទនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ ដែលទើប កន្លងផុតទៅថ្មីៗនេះ គឺ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ។

ជាក់ស្តែង យើងបានអនុម័ត និងចុះហត្ថលេខារួមគ្នាលើសេចក្ដីប្រកាស ដែលមាន ខ្លឹមសារចំនួន ៦ ចំណុច ដោយបានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ អំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការនៃបណ្តារាជធានី-រដ្ឋធានីទាំង ១០ នៃប្រទេសជាសមាជិកអាស៊ាន ពោលគឺ មជ្ឈភាពរាជធានី-រដ្ឋធានីអាស៊ាន គឺជាកម្លាំងចលករដ៏ចម្បង ដើម្បីឈានទៅ សម្រេចបានកំណើន និងវិបុលភាពរួមនៃប្រទេសក្នុងតំបន់។ ដូច្នេះ ទោះបីស្ថិតក្នុង ស្ថានភាពណាក៏ដោយ ប្រសិនបើយើងរក្សាបានស្មារតីសាមគ្គីភាព ឯកភាព និងកិច្ច សហប្រតិបត្តិការល្អ នោះយើងក៏អាចរួមគ្នាដោះស្រាយ និងទប់ស្កាត់បញ្ហាប្រឈមនានា សម្រាប់គ្រួសាររាជធានី-រដ្ឋធានីអាស៊ានយើង ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា មានជំនឿជឿជាក់យ៉ាងមុតមាំថា រដ្ឋធានីហ្សាការតា នៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី ដែលត្រូវទទួលតំណែងជាម្ចាស់ផ្ទះរៀបចំ *កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២៣” ខាងមុខនេះ នឹងបន្តដឹកនាំ រដ្ឋបាលថ្នាក់ក្រោមជាតិ នៃប្រទេសជាសមាជិកអាស៊ាន ដើម្បីសម្រេចបាននូវសមិទ្ធផល ថ្មីៗបន្ថែមទៀត ដូចអ្វីដែលយើងកំពុងខិតខំរួមគ្នាសម្រេចបានក្នុងថ្ងៃនេះ។

បន្ដិចទៀតនេះ បន្ទាប់ពីសុន្ទរកថាបិទរបស់ខ្ញុំ រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយស ធ្វើការផ្ទេរភាពជាម្ចាស់ផ្ទះរៀបចំ “កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន” ជូនប្រធានគណៈប្រតិភូរដ្ឋធានីហ្សាការតា សម្រាប់ឆ្នាំ២០២៣ ជាមួយនឹងការជូនពរ សូមឲ្យទទួលបានជោគជ័យក្នុងការរៀបចំ ហើយគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ បាន ត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមតបតាមការអញ្ជើញ នៅឆ្នាំក្រោយនេះ។

ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណជាថ្មីម្តងទៀត ចំពោះវត្តមានរបស់ឯកឧត្តម- លោកជំទាវ អភិបាលរាជធានី-រដ្ឋធានី អភិបាលខេត្ត ទីក្រុងសម្ព័ន្ធមេត្រី និងគណៈ ប្រតិភូនៃបណ្តាទីក្រុងអាស៊ាន ដែលផ្ដល់កិត្តិយសអញ្ជើញ ចូលរួមកិច្ចប្រជុំដ៏មានសារៈ សំខាន់នេះ។ ខ្ញុំសូមជូនពរ ឯកឧត្តម-លោកជំទាវ លោក-លោកស្រី សមាជិក-សមាជិកា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ សូមមានសុខភាពល្អ មានសុភមង្គលក្នុងក្រុម គ្រួសារ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

ឆ្នាំ២០២២ នេះ គឺជាខួបអនុស្សាវរីយ៍ ៥៥ ឆ្នាំ នៃការបង្កើតសមាគមអាស៊ាន ហើយក៏ជាឆ្នាំដែលរាជធានី-រដ្ឋធានី នៃប្រទេសជាសមាជិកអាស៊ាន បានចាប់ផ្ដើមរៀបចំ “វេទិកាអភិបាលក្រុងអាស៊ាន និង កិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន ឆ្នាំ២០២២២ ឡើងវិញ បន្ទាប់ពីយើងបានអាក់ខានអស់រយៈពេល ២ឆ្នាំ កន្លងទៅ ដោយសារការរីក រាលដាលជាសកលនៃជំងឺកូវីដ-១៩ ។

យ៉ាងណាមិញ ក្នុងរយៈពេលពេញមួយរសៀលនេះ យើងសម្រេចបាននូវការ ពិភាក្សា ផ្លាស់ប្ដូរយោបល់ និងអនុសាសន៍ដ៏គាប់ប្រសើរ ប្រកបដោយផ្លែផ្កា ហើយខ្ញុំអាច និយាយបានថា កិច្ចប្រជុំរបស់យើងនាពេលនេះ បានក្លាយជាវេទិកាដ៏មានខ្លឹមសារ ដែល អនុញ្ញាតឱ្យយើងចែករំលែកចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍ ជុំវិញការអភិវឌ្ឍ រាជធានី រដ្ឋធានី និងទីក្រុង និងជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រវាងភាគីពាក់ព័ន្ធ ដើម្បីកំណើនសេដ្ឋកិច្ច និងវិបុលភាពរួមរបស់អាស៊ាន។

អត្ថបទដែលជាប់ទាក់ទង