ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្តាទីក្រុងនៃប្រទេសអាស៊ានទាំងអស់ បេ្តជ្ញារួមគ្នាកសាងទីក្រុង ឱ្យមានភាពធន់និងឆ្លាតវៃ

51

ភ្នំពេញ៖ បណ្តាទីក្រុងនៃប្រទេសអាស៊ានទាំង១០បានចុះហត្ថលេខាលើសេចក្តីប្រកាសទីក្រុងភ្នំពេញ ដែលជាតឹកតាំងថ្មីបង្ហាញពីការអភិវឌ្ឍទីក្រុង បង្ហាញអំពីសេចក្ដីថ្លៃថ្នូរនៃការប្ដេជ្ញាចិត្តរបស់អាស៊ាន ដើម្បីបន្តដំណើរទៅថ្ងៃអនាគត ធ្វើយ៉ាងណាឆ្លើយតបនឹងកសាងទីក្រុងឱ្យមានភាពធន់ ឆ្លាតវៃ ការត្រៀមលក្ខណៈដោះស្រាយបញ្ហាប្រឈមផ្សេងៗ និងផ្ដល់នូវភាពសុខដុមនីយកម្មជូនប្រជាពលរដ្ឋ ។

ក្នុងកម្មវិធីស្តីពីលទ្ធផលពិភាក្សាតុមូលនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ តំណាងទីក្រុងនៃតំបន់អាស៊ានទាំងអស់ បានចុះហត្ថលេខាលើសេចក្ដីប្រកាសភ្នំពេញឆ្នាំ២០២២ ដោយបានលើកឡើងពីក្ដីបារម្ភ ក៏ដូចជាបញ្ហាប្រឈម ដែលទីក្រុងនៅតំបន់អាស៊ានជួបប្រទះនៅក្នុងពេលនេះ ដូចជា៖ បញ្ហាសេដ្ឋកិច្ច បញ្ហាអាកាសធាតុ និងភាពមិនច្បាស់លាស់ផ្សេងៗ ជាពិសេសលើឡើងពីការបែងចែកថវិកា ដើម្បីធ្វើយ៉ាងណាជួយអភិវឌ្ឍទីក្រុងឱ្យមានភាពធន់ និរន្តរភាព និងគួរឱ្យចង់រស់នៅ ។

លោកបានបន្តថា បន្ថែមពីលើបញ្ហាប្រឈម ក៏ដូចជាភាពមិនច្បាស់លាស់ដែលបានលើកឡើងនោះ បណ្តាទីក្រុងក៏បានទទួលស្គាល់ផងដែរថា ទីក្រុងនៃតំបន់អាស៊ានមានបញ្ហាប្រឈមជាច្រើនដែលកំពុងតែកើតឡើង ដែលកើតចេញពីបញ្ហាប្រឈមការអភិវឌ្ឍទីក្រុង ដូចជា ៖ ការស្ទះចរាចរណ៍ ការគ្រប់គ្រងកាកសំណល់ ការបំពុល ទឹកកខ្វក់ ខ្វះខាតនូវតម្រូវការដែលមានតម្លៃសមរម្យ ទឹកស្អាត បញ្ហាសេវាសំខាន់ៗ និងខ្វះខាតទីធ្លាសួនបៃតង ដែលនេះជាអ្វីដែលបានពិភាក្សានិងលើកឡើង ពីបណ្ដារាជធានីនៅក្នុងតំបន់អាស៊ាន ។

លោកបានបន្តទៀតថា ដូច្នេះដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ គឺបណ្តាទីក្រុងបានឯកភាពយោគយល់ថា សេចក្ដីប្រកាសទីក្រុងភ្នំពេញនឹងស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត និងពង្រឹងនូវកិច្ចសហប្រតិបត្តិការរបស់ខ្លួន ដើម្បីលើកកម្ពស់ឱ្យទីក្រុងនៃបណ្តាតំបន់អាស៊ាន ចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍រវាងគ្នា ។ ក្នុងនោះ កិច្ចប្រជុំនេះ ទីក្រុងវៀងចន្ទន៍ ហាណូយ ទីក្រុងភ្នំពេញ ដូចជាបណ្ដារាជធានីដទៃទៀត ក៏បានចែករំលែកអំពីទំលាប់អភិវឌ្ឍទីក្រុងល្អ ជាមួយនឹងការរៀបចំទីក្រុងផ្ដោតទៅលើប្រជាពលរដ្ឋ ដោយមិនសូវផ្ដោតលើបច្ចេកវិទ្យានោះទេ ។ ចំពោះទីក្រុងសាំងហ្គាពួរ បានចែករំលែកពីការដាំដុះបន្លែ ការរៀបចំផែនការទីក្រុងដើម្បីធ្វើយ៉ាងណាឱ្យធានាសន្តិសុខល្អប្រសើរ ជូនប្រជាពលរដ្ឋដែលរស់នៅលើអគារខ្ពស់ៗរស់នៅប្រកបដោយសុខដុមនីយកម្ម ។

ទីក្រុងហាណូយក៏បានបង្ហាញពីបទពិសោធន៍ និងការធ្វើនគរូបនីយកម្មទីក្រុងរបស់គេ ដោយចង់អភិវឌ្ឍទៅជាប្រទេសដែលមានការប្រកួតប្រជែងខ្ពស់ ហើយផ្ដោតទៅលើ ភូមិសាស្ត្រក្នុងតំបន់ហាណូយផងដែរ ក្នុងនោះ កម្ពុជា ក៏បានបង្ហាញពីការរៀបចំរបស់ខ្លួន ដែលរៀបចំការកំណត់តំបន់នៅក្នុងទីក្រុង។

សូមបញ្ជាក់ថា ការរៀបចំកិច្ចប្រជុំអភិបាលរាជធានីនិងរដ្ឋធានីនៃបណ្ដាប្រទេសអាស៊ាន គឺដើម្បីចែករំលែកនូវបទពិសោធន៍ ការសិក្សាចំណុចល្អ និងសម្រេចបាននូវសមិទ្ធផលនៃទីក្រុងផ្សេងៗនៅបណ្ដាអាស៊ាន ។ ក្នុងនោះ ក៏បានចែករំលែកផងដែរនូវបញ្ហាប្រឈម នូវដំណោះស្រាយដែលមានភាពច្នៃប្រឌិត ។ ហើយម្យ៉ាងវិញទៀត បណ្ដាទីក្រុងនីមួយៗបានប្ដេជ្ញាចិត្តរួមគ្នា ដើម្បីកសាងទីក្រុងឱ្យមានភាពរឹងមាំជាងមុន ៕

អត្ថបទដែលជាប់ទាក់ទង