ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអុីវ លាង ស្នើឲ្យអាជ្ញាធរ ភូមិ ឃុំ ជួយ កែសម្រួលឲ្យត្រូវស្ដង់ដារឡើងវិញ ការសាងសង់ ផ្លូវ១ខ្សែ ប្រវែង១០០០ម៉ែត្រ នៅភូមិតាជៃ ឃុំបឹងព្រះ ស្រុកបាភ្នំ ព្រៃវែង

117

 

ភ្នំពេញ៖ លោក អ៉ីវ លាង អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំបឹងព្រះ បានជម្រុញឲ្យលោកមេឃុំបឹងព្រះ និងមន្ត្រីពាក់ព័ន្ធ ត្រូវពិនិត្យយកចិត្តទុកឲ្យបានម៉ត់ចត់ករណីផ្លូវមួយខ្សែប្រវែងជិត១,០០០ម៉ែត្រនៅក្នុងភូមិតាជៃដែលកសាងដោយមូលនិធិឃុំ ខណៈប្រជាពលរដ្ឋបានឡើងថ្លែងសំដែងការមិនពេញចិត្តជាខ្លាំងដោយបានលើកឡើងថា ផ្លូវនេះ ធ្វើមិនត្រូវតាមស្តង់បច្ចេកទេស មិនមានគុណភាព និងខាតបង់តែថវិកាជាតិ ។
ការជម្រុញខាងលើ ធ្វើឡើងក្នុងការជួបប្រជុំជាមួយតំណាងជាប្រជាពលរដ្ឋភូមិតាជៃ ឃុំបឹងព្រះ ស្រុកបាភ្នំ នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២២ ដើម្បីសំណេះសួរសំណាលសុខទុក្ខ ស្តាប់មតិយោបល់ ស្វែងយល់បញ្ហាប្រឈម និងសំណូមរពរនានា។ការជួបជុំនេះដែរមាន ការអញ្ជើញចូលរួមពី ប្រធានក្រុមការងារចុះជួយភូមិតាជៃ ប្រធាន អនុប្រធានសមា ជិកចុះជួយភូមិ លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍ មេភូមិ អនុប្រធាន សមាជិកភូមិ និងអ្នកពាក់ព័ន្ធដទៃទៀតមួយចំនួន។

ក្នុងពេលនោះដែរ លោក អ៉ីវ លាង បានជម្រុញដល់អាជ្ញាធរមូលដ្ឋាន និងស្នើដល់បងប្អូនប្រជាពលរដ្ឋចូលរួមជួយផ្សព្វផ្សាយដល់អ្នកគ្រប់អាយុសូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យឈ្មោះដោយ សារនៅសល់តែ៥ថ្ងៃទៀតនឹងត្រូវបាន បញ្ចប់ហើយ ដោយឡែកសម្រាប់អ្នកទើបដល់អាយុ អ្នកហួស ឬមានសុពល ភាពក្រោម៩០ថ្ងៃ សូមអញ្ជើញទៅធ្វើអត្ត សញ្ញាណប័ណ្ណថ្មី ដើម្បីមានសិទ្ធិចូលរួមបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នា។
ក្រៅពីនេះ លោក ក៏បានជម្រុញដល់រដ្ឋបាលឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវយកចិត្តទុកបំពេញសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឲ្យកាន់តែប្រសិទ្ធភាព ជាពិសេសឲ្យបានលឿនតាមអាចធ្វើបាន។ជាមួយគ្នានេះដែរ ពាក់ព័ន្ធគោលនយោ បាយភូមិឃុំសង្កាត់មានសុវត្ថិភាព ឯកឧត្តមជម្រុញឲ្យរដ្ឋបាលឃុំ និងប៉ុស្តិ៍នគរបាល សហការគ្នាធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយជូនប្រជាជនទូទាំងឃុំ បើអាចរៀបចំជាវេទិកាសាធារណៈកាន់តែប្រ សើរ។ ក្នុងឱកាសនោះ លោក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងឃុំ សូមចូលរួមជាមួយអាជ្ញាធរមូលដ្ឋានទាំងអស់ ចូលរួមអនុវត្តគោលនយោបាយនេះឲ្យមានប្រសិទ្ធភាព ទប់ស្កាត់បង្ក្រាបហេតុការមិនល្អទាំងឡាយ ដើម្បីភូមិឃុំមានសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថា៖ ក្រោយពីបញ្ចប់ប្រជុំនេះដែរ ឯកឧត្តម បានអញ្ជើញចុះពិនិត្យផ្លូវមួយខ្សែនេះជាក់ស្តែង ជាមួយនឹងក្រុមការងារ អមដោយលោកមេឃុំ និងអាជ្ញាធរពាក់ព័ន្ធ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង