ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន៖ ស្ដ្រីគឺមិនអាចខ្វះបាន ក្នុងការចូលរួមកសាង និង អភិវឌ្ឍន៏សង្គម

36

ភ្នំពេញ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា   និង អធិការកិច្ច បានបញ្ជាក់ថា៖  ស្ដ្រីគឺមិនអាចខ្វះបាន ក្នុងការចូលរួមកសាង និង អភិវឌ្ឍន៏សង្គម លោកស្រីបានបញ្ជាក់បែបនេះ ខណៈលោកអញ្ជើញ ជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើក ទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងកិច្ចការនារី នៅសណ្ឋាគារភ្នំពេញ នារសៀល ថ្ងៃព្រហស្បតិ៍  ១៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ។

       លោកស្រី បានមានប្រសាសន៏ថា ៖ សន្និបាតនេះពិតជាមានសារៈសំខាន់ ដែលជាការជួបជុំរវាងអ្នករៀបចំយុទ្ធសាស្រ្ត អ្នកអនុវត្ត និងអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យឡើងវិញនូវលទ្ធផលសម្រេចបាន រួមទាំងចំណុច ខ្វះខាត បញ្ហាប្រឈម ចំណុចខ្លាំង និងកាលានុវត្តភាពនានា នៅក្នុងការអនុវត្តការងាររបស់ក្រសួង និងមន្ទីរកិច្ចការនារី  ក៏ដូចជាការអនុវត្តផែនការយុទ្ធ សាស្រ្ត  នារីរតនៈ  ទី ៥ ក្នុង រយៈ ពេលមួយឆ្នាំកន្លងមក នាឆ្នាំ ២០២២ និង លើកទិសដៅសម្រាប់ឆ្នាំ២០២៣ ជាពិសេសរួមចំណែក ធ្វើឱ្យកាន់ប្រសើរ ឡើងនូវសិទ្ធិ  ស្ថានភាព  ឋានៈ និងតួនាទី របស់ស្រ្តី នៅក្នុងគ្រួសារ និងសង្គមជាតិ ។
ឆ្លៀតក្នុងឱកាសនេះ លោកស្រី ថ្លែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងកិច្ចការនារី ក្រោមការដឹកនាំរបស់លោកស្រី កិត្តិបណ្ឌិតរដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ ថ្នាក់ ដែលបានចូលរួមចំណែកក្នុងការដឹកនាំ ការសម្របសម្រួល និងការអនុវត្ត រៀបចំព្រឹត្តិការណ៍ដោយសម្រេចបានសមិទ្ធ ផល ពាក់ព័ន្ធនឹងស្រ្តី សម្រាប់ថ្នាក់តំបន់ នៅពេលដែលកម្ពុជា ធ្វើជាប្រធានប្ដូរវេនអាស៊ាន ក្នុងនោះរួមមាន៖ ការរៀបចំដោយជោគជ័យនូវកិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី២  កាល ពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន រួមទាំងព្រឹត្តិការណ៍ពាក់ព័ន្ធនានា ការរៀបចំសេចក្តីថ្លែងការណ៍ ស្តីពី  ការបំផុសសហគ្រិនភាពស្ត្រីក្នុងអាស៊ាន និងផែនការសកម្មភាពថ្នាក់តំបន់ស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ ដែលទទួលបានការអនុម័ត ដោយ ប្រមុខដឹកនាំអាស៊ាន  នៅក្នុងកិច្ចប្រជុំ កំពូល អាស៊ាន  លើកទី ៤០ និងទី៤១ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមកនេះ ។
លោកស្រី បានបន្តទៀតថា ដើម្បីឈានទៅសម្រេចបាននូវកិច្ចការប្រកបដោយប្រសិទ្ធភាព តម្រូវឱ្យមាន  ការចូលរួមទាំងអស់គ្នា ក្នុងការផ្លាស់ប្តូរទស្សនៈ អវិជ្ជមាន ការប្រកាន់យកទស្សនៈនិងឥរិយាបថជាវិជ្ជមាន តាមរយៈការទទួលស្គាល់ពីតួនាទីរបស់ស្រ្តី ដែលជាចលករដ៏សំខាន់រួមចំណែកក្នុងការពន្លឿនកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូលប្រកបដោយចីរភាព។
លោកស្រី បាន អំពាវនាវដល់ក្រសួង-ស្ថាប័ន ដៃគូពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាជនគ្រប់រូប ចូលរួមគាំទ្រ និងអនុវត្ត គោលនយោបាយរបស់រាជរដ្ឋា
ភិបាល ក្នុង ការពង្រឹងសមភាពយេនឌ័រ ដើម្បីបង្កឱកាសឱ្យស្រ្តីនិងក្មេងស្រីបានចូលរួមយ៉ាងពេញលេញ ព្រមទាំងទទួល ភាគផលពីកិច្ចអភិវឌ្ឍនៅគ្រប់ជំនាន់តទៅមុខទៀត ។ ជាពិសេស សូមក្រសួងកិច្ចការនារី បន្តការពង្រឹង និងពង្រីកកិច្ចសហ ការ ដ៏ល្អប្រពៃ ជាបន្តទៀតជាមួយដៃគូ អភិវឌ្ឍន៍នានា ក្នុងការអនុវត្តសកម្មភាពរបស់ក្រសួង តាមកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រ អភិវឌ្ឍរបស់រាជរដ្ឋាភិបាល ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ ដើម្បីបង្កើតសមិទ្ធផលថ្មីៗថែមទៀត ជាពិសេស ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដើម្បីសេចក្តីថ្លៃថ្នូរ សុខុមាលភាព និងភាពចម្រើនរុងរឿងរបស់ស្រ្តី​ ក្មេងស្រីនិងគ្រួសារខ្មែរ ៕
សំរិត

អត្ថបទដែលជាប់ទាក់ទង