ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការកាត់ទោសក្រុមឧក្រិដ្ធជនគ្រឿងញៀនទ្រង់ទ្រាយធំចំនួន ៣នាក់

25

ភ្នំពេញ៖ បន្ទាប់ពីលើកពេលសវនាការអស់ចំនួន ៣លើករួចមក នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកការជំនុំជម្រះទោសក្រុមឧក្រិដ្ធជនជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំចំនួន ៣នាក់។

យោងតាមដីកាបង្គាប់ឱ្យនាំជនជាប់ចោទ លេខ ៤២២៦ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅក្នុងសំណុំរឿងនេះមានជនជាប់ចោទចំនួន ៣នាក់៖

-ទី១ឈ្មោះ ដេវីដ វីនសែន (DAVID VINCENT) ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា
-ទី២ឈ្មោះ ម៉ាតធ្យូ ដេវីដសេមផល (MATTEW DAVID SAMPLE) ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិ អាមេរិក
-ទី៣ឈ្មោះ ធៀម តុលា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ។

ក្រុមជនជាប់ចោទ ត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទ ដឹកជញ្ជូន រក្សាទុក និងជូញដូរដោយខុសច្បាប់នៅសារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក) និងប្រភេទនីមេតាហ្សេប៉ាម ប្រមាណជាជិត២គីឡូក្រាម។

បើយោងតាមមាត្រា ៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ក្រុមជនជាប់ចោទអាចនឹងត្រូវប្រឈមការផ្ដន្ទាទោសដាក់ពន្ធនាគារ ២០ឆ្នាំ ទៅ៣០ឆ្នាំ ឬអស់មួយជីវិត។

គួររំលឹកថា កាលពីថ្ងៃទី០៥ និងថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២១ កម្លាំងជំនាញ (ក៨) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំចំនួន ៣ទីតាំង៖

-នៅចំណុចគល់ស្ពានជ្រោយចង្វារក្បែរង្វង់មូលបាយ័ន ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
-នៅចំណុចមុខផ្សារដេប៉ូ ផ្លូវនិរុស ក្នុងសង្កាត់ផ្សារដេប៉េ២ ខណ្ឌទួលគោករាជធានីភ្នពេញ
-នៅចំណុចផ្លូវលេខ៥ ក្នុងបូរីពិភពថ្មី(ចំការដូង) សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជាលទ្ធផលសមត្ថកិច្ចជំនាញបានឃាត់ខ្លួនក្រុមជនជាប់ចោទទាំង ៣នាក់ខាងលើ និងដកហូតវត្ថុតាងជាគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន១០១៤,០៨ក្រាម (ជាង១គីឡូក្រាម) និងគ្រឿងញៀនប្រភេទ នីមេតាហ្សេប៉ាម ចំនួន៣០០,៦០ក្រាម (ជាង៣ខាំ)។

មហាជន និងសមត្ថកិច្ចជំនាញ សង្ឃឹមជឿជាក់ថា តុលាការនឹងផ្ដន្ទាទោសក្រុមជនជាប់ចោទទាំង ៣នាក់ខាងលើក្នុងកម្រិតអតិបរិមា ទៅតាមការប្រព្រឹត្តរបស់ពួកគេ ដែលបានធ្វើឱ្យប៉ះពាលដល់សណ្ឋាប់ធ្នាប់សង្គមកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង