ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាអេឡិចត្រូនិកកម្ពុជា ឈ្នះមេដាយសំរិទ្ធ ជើងឯកពិភពលោក

240

ភ្នំពេញ៖ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា (Impunity KH)ដែលឈ្នះមេដាយសំរឹទ្ធជាមួយនឹងប្រាក់រង្វាន់ចំនួន២ម៉ឺនដុល្លារអាមេរិកជាលើកដំបូងពីការប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោកលើកទី១៤ ឆ្នាំ២០២២នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី បានវិលត្រឡប់មកដល់មាតុប្រទេសវិញហើយ។
អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាលោកលន់សាមឺឌីដែលជាប្រធានប្រតិភូដឹកនាំចូលរួមប្រកួតជើងឯកពិភពលោកនេះបានបង្ហាញនូវមោទនភាពជាតិដែលក្រុមកម្ពុជាដណ្តើមបានចំណាត់ថ្នាក់លេខ៣ មេដាយសំរឹទ្ធជាប្រវត្តិសាស្ត្រដំបូងលើវិញ្ញាសា Mobile Legends: Bang Bang។
លោកបញ្ជាក់ថា ដោយសារគណៈកម្មាធិការប្រតិបត្តិសហព័ន្ធបានមើលឃើញពីសក្តានុពលរបស់កីឡាករលើវិញ្ញាសានេះ ទើបសហព័ន្ធសម្រេចបញ្ជូនក្រុម Impunity KH ចូលរួមប្រកួតរហូតដល់ដណ្តើមបានជោគជ័យ តាមរយៈការឈ្នះមេដាយសំរឹទ្ធនេះតែម្តង។

ទោះជាមេដាយសំរឹទ្ធក៏ពិតមែនប៉ុន្តែនេះជាការបង្ហាញពីការរីកចម្រើននៃវិស័យកីឡាអេឡិចត្រូនិក។
លោកបន្តថា តាមរយៈសមិទ្ធផលចំណាត់ថ្នាក់លេខ៣ កម្រិតជើងឯកពិភពលោក ប្រចាំឆ្នាំ២០២២នេះ គឺលោកបានមើលឃើញកីឡាករមានទំនុកចិត្តកាន់តែខ្ពស់ ដើម្បីត្រៀមឆ្ពោះទៅការប្រកួតកម្រិតអន្តរជាតិនានា ជាពិសេសការទទួលរៀបចំធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។

ការប្រកួតជើងឯកពិភពលោកនេះមាន៦វិញ្ញាសា ដូចជាeFootball, Dota2, Tekken, CS: Go, Mobile Legends: Bang BangនិងPUBG Mobile ដោយមានអត្តពលិកមកពីទូទាំងពិភពលោកជាង៧០០នាក់ និងមានប្រទេសជាសមាជិកសហព័ន្ធអេឡិចត្រូនិកអន្តរជាតិសរុប១០៧ប្រទេស។ ក្រុមជម្រើសជាតិនីមួយៗបានឆ្លងកាត់ការប្រកួតជម្រុះនៅតាមតំបន់ និងទ្វីបរៀងៗខ្លួនទើបបានកៅអីប្រកួតជើងឯកពិភពលោក ជុំផ្តាច់ព្រ័ត្រ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ពីថ្ងៃទី០១ ដល់ទី១១ ខែធ្នូ ឆ្នាំ២០២២។
សម្រាប់កម្ពុជាបានបញ្ជូនក្រុម Impunity KH លើប្រភេទវិញ្ញាសា Mobile Legends: Bang Bang មួយប៉ុណ្ណោះនិងឈ្នះមេដាយសំរឹទ្ធផ្លូវការជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កីឡាអេឡិចត្រូនិកកម្ពុជាក្នុងនាមជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ ស្របពេលដែលវិញ្ញាសា Mobile Legends: Bang Bang កំពុងរីកចម្រើននៅកម្ពុជា។ ក្រុម Impunity KH របស់កម្ពុជាឆ្លងកាត់៤ប្រកួតគឺឈ្នះ២ប្រកួត និងចាញ់២ប្រកួត។
ប្រកួតទី១ ក្រុមកម្ពុជាឈ្នះក្រុមជម្រើសជាតិណាមីប៊ី ២ទល់០, ប្រកួតលើកទី២ ឈ្នះក្រុមម៉ាឡេស៊ី ២ទល់១ ប៉ុន្តែចាញ់ឥណ្ឌូណេស៊ី ១ទល់២នៅ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្រិតខ្ពស់ និងបន្តចាញ់ហ្វីលីពីន ០ទល់២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទៀតនៅកម្រិតទាប ដើម្បីទទួលបានចំណាត់ថ្នាក់លេខ៣ គឺមេដាយសំរឹទ្ធ ជាមួយប្រាក់រង្វាន់២ម៉ឺនដុល្លារអាម៉េរិក ខណៈឥណ្ឌូណេស៊ីឈ្នះមេដាយមាសទទួលបានប្រាក់រង្វាន់៥ម៉ឺនដុល្លារ និងហ្វីលីពីនទទួលបានមេដាយប្រាក់ជាមួយប្រាក់រង្វាន់៣ម៉ឺនដុល្លារ។

នៅក្នុងព្រឹត្តិការណ៍ពិភពលោកនេះក៏មានការរៀបចំមហាសន្និបាតE-sportsប្រចាំឆ្នាំ
របស់ IeSF ដែលបានធ្វើនៅថ្ងៃទី០៥ដល់០៦ ខែធ្នូ ឆ្នាំ២០២២ ដែលបានជ្រើសតាំងសមាជិកក្រុមប្រឹក្សាប្រតិបត្តិបន្ថែម៥រូបទៀតនិងបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិដោយប្រធានចាស់ជាប់ឆ្នោតជាប្រធានអាណត្តិថ្មីគឺលោក Vlad Marinescu ជនជាតិអាម៉េរិក។
ចំណែកសមាជិកក្រុមប្រឹក្សាប្រតិបត្តិថ្មី៥រូបគឺលោក Flip de Bruyn មកពីប្រទេសណាមីប៊ី, លោក Lance Mudd មកពីសហរដ្ឋអាមេរិក, លោក Lukasz Klimcyzk មកពីប៉ូឡូញ, លោក Tiago Fernandes មកពីព័រទុយហ្គាល់ និងលោក Constantine Surkontមកពីរុស្ស៊ី៕

អត្ថបទដែលជាប់ទាក់ទង