ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាបើករបស់ក្នុងកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងអបអរសាទរខួប៤៥ឆ្នាំ នៃដៃគូសន្ទនា អាស៊ាន-សហគមន៍អឺរ៉ុប

37

 

ទីក្រុងព្រុចសែល ៖ សុន្ទរកថាបើករបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងអបអរសាទរខួប៤៥ឆ្នាំ នៃដៃគូសន្ទនា អាស៊ាន-សហគមន៍អឺរ៉ុប នាទីក្រុងព្រុចសែល, ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

ក្នុងនាមជាប្រធានអាស៊ាន ក្នុងឆ្នាំ ២០២២ និងជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួប អនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប, សូមអនុញ្ញាតឱ្យខ្ញុំចាប់ផ្តើមដោយការថ្លែងអំណរគុណជូន ចំពោះថ្នាក់ដឹកនាំនៃសហភាពអឺរ៉ុប សម្រាប់ការផ្តួចផ្តើមរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ជា ប្រវត្តិសាស្ត្រនេះ ក៏ដូចជាសម្រាប់បដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដល់យើងខ្ញុំទាំងអស់គ្នា ។

ជាការពិត, កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍នេះ គឺជាបង្គោលចរដ៏ធំមួយ នៃទំនាក់ទំនងដ៏ យូរអង្វែង ជាង ៤ ទសវត្សរ៍កន្លះ របស់យើង ។ តាមទម្លាប់, កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍នេះ គឺជាឱកាសដ៏ពិសេសមួយ សម្រាប់ការពិនិត្យមើលស៊ីជម្រៅទៅលើកិច្ចសហប្រតិបត្តិការនាពេល កន្លងមក ក៏ដូចជាការផ្លាស់ប្ដូរនូវទស្សនវិស័យ និង ស្មារតី ដើម្បីតម្រង់ទិសដៅទៅអនាគត សម្រាប់ ទំនាក់ទំនងរបស់យើង ។ ដូចដែលយើងដឹងស្រាប់ហើយថា ការវិវឌ្ឍយ៉ាងរហ័សនៃនិម្មាបនកម្មតំបន់ និង សកល រួមទាំងបញ្ហាប្រឈមបែបប្រពៃណី និង មិនមែនប្រពៃណីផ្សេងទៀត សុទ្ធតែជាចំណុច សំខាន់ សម្រាប់ការពិចារណា នៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលនាថ្ងៃនេះ ។

ស្មារតី, មនសិការ និង បំណងប្រាថ្នារួម ចំពោះសន្តិភាព និង វិបុលភាព ក្នុងតំបន់ទាំងពីររបស់ យើង បាននាំមកនូវការបង្កើតនូវភាពជាដៃគូយុទ្ធសាស្ត្រ ប្រកបដោយភាពជោគជ័យ ជាមួយនឹង ផែនការសកម្មភាព ឆ្នាំ ២០២៣-២០២៧ ដែលមានភាពច្បាស់លាស់ និង គ្របដណ្តប់យ៉ាងទូលំ- ទូលាយ ទៅលើផ្នែកជាច្រើននៃកិច្ចសហប្រតិបត្តិការ ក្រោមសសរស្ដម្ភទាំងបីរបស់អាស៊ាន ។ ជាមួយគ្នានេះ, ខ្ញុំសូមកត់ស្គាល់នូវវឌ្ឍនភាពដ៏ល្អប្រសើរ នៃការអនុវត្ត ផែនការសកម្មភាព ឆ្នាំ ២០១៨-២០២២។

ប្រាកដណាស់, កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍នាពេលនេះ ត្រូវបានរៀបចំឡើង ក្នុង ពេលដែលពហុភាគីនិយម បាន និង កំពុង ទទួលរងនូវសម្ពាធយ៉ាងធ្ងន់ធ្ងរ ។ អ្វីដែលគួរឱ្យព្រួយបារម្ភ ជាងនេះទៀតនោះគឺ សន្តិភាពសកល ក៏បាន និង កំពុង ទទួលរងនូវការគំរាមកំហែង ដោយសកម្ម- ភាពរបស់រដ្ឋមួយចំនួន ដែលបំពានដោយបើកចំហលើច្បាប់, បទដ្ឋាន និង គោលការណ៍អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ជាសកល ។

សម្រាប់ដំណើរឆ្ពោះទៅមុខ, ខ្ញុំជឿជាក់ថា អាស៊ាន និង សហភាពអឺរ៉ុប ត្រូវតែធ្វើការជាមួយគ្នា យ៉ាងស្អិតរមួត ដើម្បីធានាសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ ប្រកបដោយបរិយាបន្ន, ភាពបើកចំហ, តម្លាភាព និង ការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ។ ក្នុងនាមជាប្លុកតំបន់ពីរ ដែល ផ្អែកលើច្បាប់ និង មានការទទួលខុសត្រូវ, អាស៊ាន និង សហភាពអឺរ៉ុប ត្រូវប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីការពារ និង លើកកម្ពស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និង ច្បាប់, បទដ្ឋាន និង គោលការណ៍ ដែលត្រូវបានទទួលស្គាល់ជាសកល ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការកសាងសន្តិភាព និង ស្ថិរភាព និង ការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃជីវិត និង ជីវភាពរស់នៅរបស់ប្រជាជន ក្នុងតំបន់របស់យើង ក៏ដូចជាពិភពលោក ។

ជាមួយនឹងការកត់សម្គាល់ផ្ទាល់ខ្លួន និង បទពិសោធនៃករណីជម្លោះ ដែលបានអូសបន្លាយ និង បង្កជាសោកនាដកម្ម នៅកម្ពុជា, ខ្ញុំមិនដែលជឿថា យើងអាចសម្រេចបាននូវសន្តិភាព តាមរយៈ ការធ្វើសង្គ្រាម ឬ ការគំរាមបង្កសង្គ្រាម នោះឡើយ ។ ក្នុងន័យនេះ, ខ្ញុំសង្ឃឹមដោយស្មោះថា យើងគួរ តែកំណត់ការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា និង ការពិគ្រោះយោបល់ ជាវិធី- សាស្ត្ររួមរបស់យើង ។

សម្តេចតេជោ បានមានប្រសាសន៍ថា “ខ្ញុំមានទំនុកចិត្តថា កិច្ចពិភាក្សានៅក្នុងថ្ងៃនេះ នឹងអនុញ្ញាតឱ្យយើងធ្វើការផ្លាស់ប្ដូរនូវស្មារតីរួម របស់យើង ឱ្យទៅជាចក្ខុវិស័យ ប្រកបដោយភាពជាក់ស្តែងនិយម ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ តំបន់របស់យើង និង ពិភពលោកទាំងមូល សម្រាប់រយៈពេលជាច្រើនទសវត្សរ៍ទៅមុខ ។ ខ្ញុំទន្ទឹងរង់ ចាំការពិភាក្សា ដោយត្រង់ទៅត្រង់មក, បើកចំហ និង ស្ថាបនា ៕

អត្ថបទដែលជាប់ទាក់ទង