ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ បានបញ្ចប់ហើយនៅខណ្ឌឬស្សីកែវ

52

 

​​ភ្នំពេញ ៖ ខណ្ឌឬស្សីកែវជាខណ្ឌទី១៤ ហើយក៏ជាខណ្ឌចុងក្រោយបង្អស់ ដែលត្រូវបានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងរយៈពេល១ឆ្នាំម្តង ដើម្បីបញ្ជាក់
ឲ្យប្រជាពលរដ្ឋបានដឹងពីសមិទ្ធិផលដែលសម្រេចបាន និងបញ្ហាប្រឈម ជាមួយនឹងការប្រាប់ពីស្ថានភាពហិរញ្ញវត្ថុរបស់រដ្ឋបាលរាជធានីភ្នំពេញ និងស្តាប់ពីសំណើរនិងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីយកមកដោះស្រាយជូនពួកគាត់។

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ជាលើកទី១៤និងជាលើកចុងក្រោយបង្អស់នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ នៅភោជនីយដ្ឋាន MODERN5 ផ្លូវជាតិលេខ៥ ខណ្ឌ​ឫស្សីកែវ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី កែវ សុខពិសី តំណាងអោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក ម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ បានបញ្ចប់ហើយនៅត្រឹមខណ្ឌឬស្សីកែវនេះ សង្ឃឹមថា តាមរយៈវេទិកានេះនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើន ទៅប្រជាពលរដ្ឋតាមរយៈការស្នើសុំនិងការលើកជាសំណូមពររបស់ពួកគាត់។ លោកបន្តថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ ត្រូវបានកំណត់ធ្វើឡើងមួយឆ្នាំម្តងសំរាប់ខណ្ឌនីមួយៗ ដើម្បីស្វែងយល់ពីតំរូវការអាទិភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ តែវេទិកាបែបនេះត្រូវបានអាក់ខានអស់រយៈពេលជាង២ឆ្នាំដោយសារវិបត្តិ ជំងឺកូវីដ-១៩ ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ខាងលើនេះ ប្រជាពលរដ្ឋបានលើកឡើងជាសំណើរនិងសំណូមពរដោយផ្ទាល់មាត់ចំនួន៤នាក់និងជាលាយលក្ខណ៍
អក្សរចំនួន៣១សន្លឹក ។ ចំពោះសំណើរនិងសំណូមពរផ្ទាល់មាត់រួមមាន៖ ស្នើសុំតទឹកស្អាតសម្រាប់ប្រជាពើរដ្ឋ៨០គ្រួសាររស់នៅតាមដងទន្លេសាប ក្នុងសង្កាត់ច្រាំងចំរេះទី១ ស្នើសុំភ្លើងបំភ្លឺសាធារណៈ ធ្វើលូ ពង្រីកផ្លូវជាតិលេខ៥ ការស្នើពន្យល់ពីការផ្តល់កម្មសិទ្ធិដីធ្លីសម្រាប់ប្រជាពលរដ្ឋរស់តាមបណ្តោយច្រាំងទន្លេ ,ស្នើសុំផ្តល់ប្រាក់ឧបត្ថមដែលស្លាប់ដោយជម្ងឺកូវីដ-១៩ និងការសុំជួយអន្តរាគមន៍ដោះស្រាយបញ្ហាមិនប្រក្រតីមួយចំនួននៅក្នុងផ្សារថ្មីច្រាំងចំរេះ។

ចំពោះ សំណើរនិងសំណូមពរខាងលើនេះ លោកឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវបានបញ្ជាក់អោយដឹងថា៖ ការស្នើសុំតទឹកស្អាតសម្រាប់ប្រជាពរដ្ឋ៨០គ្រួសាររស់នៅតាមដងទន្លេសាប ក្នុងសង្កាត់ច្រាំងចំរេះទី១ លោកទើបទទួលបាននៅពេលនេះ តែលោកសន្យា ថានឹងចុះទៅពិនិត្យជាក់ស្តែងជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដើម្បីតជូន តែត្រូវដាក់ពាក្យស្មើសុំ។ ចំពោះស្នើសុំភ្លើងបំភ្លឺសាធារណៈ ការសុំធ្វើលូ ពង្រីកផ្លូវជាតិលេខ៥ អាជ្ញាធរនិងមន្ទីរពាក់ព័ន្ធនឹងពិនិត្យលទ្ធភាព ដើម្បីដោះស្រាយ។ ចំពោះការស្នើសុំផ្តល់ប្រាក់ឧបត្ថមដែលបានស្លាប់ដោយជម្ងឺកូវីដ-១៩ លោកឯក ឃុនដឿន បញ្ជាក់ថា អាជ្ញាធរបានដោះស្រាយលើបញ្ហានេះបាន៤០គ្រួសារហើយ នឹងបន្តដោះស្រាយជាបន្តបន្ទាប់ទៀត ហើយចំពោះ ការស្នើសុំជួយអន្តរាគមន៍ដោះស្រាយបញ្ហាមិនប្រក្រតីមួយចំនួននៅក្នុងផ្សារថ្មីច្រាំងចំរេះ លោកសន្យាថានឹងចាត់ការរឿងនេះ ដោយធ្វើរបាយការណ៍ទៅថ្នាក់រាជធានី ជាមួយនឹងការណែនាំអោយអ្នកអនុវត្តខុសកែប្រែឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង