ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុងពាលីបញ្ចុះបឋមសិលា សាងសង់វិមានឯករាជ្យ សួនសម្ដេចក្រឡាហោមវិមានឯករាជ្យ និងផ្សាររាត្រី ស្ថិតនៅក្រុងបាត់ដំបង

49

បាត់ដំបង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់វិមានឯករាជ្យ សួនសម្ដេចក្រឡាហោមវិមានឯករាជ្យ និងផ្សាររាត្រី ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា គម្រោងសាងសង់វិមានឯករាជ្យ ស្ថិតនៅលើផ្ទៃដីសរុបចំនួន ៩៦២ម៉ែត្រការ៉េ មានខឿនទម្របាតក្រោមដែលមានអង្កត់ផ្ចិត ៣៥ម៉ែត្រ កម្ពស់២២,២៣ម៉ែត្រ មានអាងបាញ់ទឹក៤ កម្ពស់០,៨ម៉ែត្រ អមជុំវិញវិមានឯករាជ្យ។ ឯកឧត្តមបន្តថា តួវិមានឯករាជ្យ មានខឿន៣ថ្នាក់ ខឿនថ្នាក់ទី១ មានកម្ពស់៤,៥ម៉ែត្រ ខឿនថ្នាក់ទី២ មានកម្ពស់០,៦ម៉ែត្រ និងខឿនថ្នាក់ទី៣ កម្ពស់០,៦ម៉ែត្រ។

ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានបន្ថែមថា សមិទ្ធផលវិមានឯករាជ្យនេះ មានបំពាក់នូវចម្លាក់ក្បាច់បុរាណខ្មែរនៅជុំវិញល្បាក់ជ្រី អាងបាញ់ទឹក ខឿន និងតួនៃវិមានឯករាជ្យ ដែលក្នុងនោះល្បាក់ជ្រីនៃអាងបាញ់ទឹក និងខឿន បានបំពាក់ក្បាច់ពងត្រី ក្បាច់ចង្វាអង្គរ ចំណែកឯតួវិមានឯករាជ្យមានក្បាច់ពងត្រី ក្បាច់វង្វាអង្គរ និងក្បាច់កន្ទុយហង្ស ខណៈកំពូលនៃវិមានឯករាជ្យបានរចនាក្បាច់ត្របកឈូក។ ចំណែកគម្រោងសាងសង់សួនសម្ដេចក្រឡាហោមនៃវិមានឯករាជ្យវិញ បានធ្វើឡើងលើផ្ទៃដីប្រមាណ ១៣.៦០០ម៉ែត្រការ៉េ ចែកជា៥តំបន់ផ្សេងគ្នា រួមមានទី១-តំបន់នាគបាញ់ទឹក ឬតំបន់រីករាយ និងកន្លែងថតរូប, ទី២-តំបន់សន្តិភាពស្ងប់ស្ងាត់និងសុខសាន្ត, ទី៣-តំបន់រម្លឹកប្រវត្តិសាស្រ្ត ទី៤-តំបន់នាគសន្តិភាព និងតំបន់រម្លឹកគុណសន្តិភាព និងទី៥-តំបន់រង់ចាំដែលមានការរៀបចំចាក់ពង្រីកដីសួនថ្មីនៅខាងកើតជាប់មាត់ស្ទឹងសង្កែ ចាប់ពីគល់ស្ពានសម្ដេចតេជោ រហូតដល់ដើមពោធិ៍មាត់ស្ទឹងទំហំ ១០.៣៤២ម៉ែត្រការ៉េ។

គម្រោងមួយទៀតដែលប្រារព្ធពិធីបញ្ចុះបឋមសិលានៅថ្ងៃនេះដែរ គឺគម្រោងសាងសង់ផ្សាររាត្រីក្រុងបាត់ដំបង ដែលត្រូវបានកសាងឡើងលើផ្ទៃដី ២.៤២៥ម៉ែត្រការ៉េ មានចំងាយប្រមាណ ៥០០ម៉ែត្រពីទីតាំងវិមានឯករាជ្យ។ ផ្សារនេះមានទ្វារចូល៣ព្រមទាំងមានផ្កានៅចំកណ្ដាល មានផ្លូវដើរទៅមក និងកន្លែងលក់អាហារ។ ឯកឧត្តមអភិបាលខេត្តឱ្យដឹងថា ផ្សារនេះមានតូបចំនួន ១៣២តូប ក្នុងនោះតូបលក់អាហារ និងភេសជ្ជៈមាន ៣២តូប តូបលក់គ្រឿងអនុស្សាវរិយ៍ និងសម្លៀកបំពាក់មាន ១០០តូប ខណៈនៅខាងក្រៅផ្សារមានចំណតយានយន្ត។

សម្រាប់ដំណើរការសាងសង់គម្រោងទាំង៣នេះ ឯកឧត្តម សុខ លូ បានរាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីថា គម្រោងនេះប្រើរយៈពេល៦ខែកន្លះ ដោយគ្រោងបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ ក្រៅពីគម្រោងអភិវឌ្ឍន៍ទាំង៣នេះ ឯកឧត្តមក៏បានរាយការណ៍អំពីវឌ្ឍនភាពការងារសំខាន់ៗផ្សេងទៀត និងផែនការរបស់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋផងដែរ។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានសម្ដែងក្ដីរីករាយក្រៃលែងដែលមានឱកាសបានមកចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់វិមានឯករាជ្យ ផ្សាររាត្រី និងសួនច្បារដែលរដ្ឋបាលខេត្តបានប្រសិទ្ធនាមថា «សួនសម្ដេចក្រឡាហោម»។ សម្ដេចមានប្រសាសន៍ថាសមិទ្ធផលថ្មីនេះ នឹងរួមចំណែកទាក់ទាញទេសចរណ៍ក្នុងស្រុក និងបរទេស ពិសេសពលរដ្ឋនឹងមានកន្លែងកំសាន្តក្នុងពិធីបុណ្យ ឬកម្មវិធីផ្សេងៗដែលរៀបចំដោយរដ្ឋបាលខេត្ត រួមទាំងការហាត់ប្រាណ និងកំសាន្តប្រចាំថ្ងៃក្នុងក្រុងបាត់ដំបង។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោជាប្រមុខ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង សង្កាត់ ព្រមជាមួយក្រុមការងារគ្រប់ថ្នាក់ដែលបានរួមសាមគ្គីជាមួយកម្លាំងគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋ ក្នុងការរក្សាសន្តិភាព ស្ថិរភាព រួមគ្នាអភិវឌ្ឍន៍ខេត្ត និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលដ្ឋ ពិសេសក្នុងដំណាក់កាលជំងឺកូវីដ-១៩ រីករាលដាល បន្ថែមដោយបញ្ហាជំនន់ទឹកភ្លៀងដែលធ្វើឱ្យប៉ះពាល់ជីវភាពពលរដ្ឋ ពិសេសប្រជាកសិករ រួមទាំងបញ្ហាប្រឈមផ្សេងៗទៀត។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា កម្ពុជានៅតែរក្សាបានសុខសន្តិភាព ទោះបីជាមានក្រុមប្រឆាំងរាជរដ្ឋាភិបាលក៏ពិតមែន ប៉ុន្តែក្រុមប្រឆាំទាំងនោះជាក្រុមប្រឆាំងតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ពោលគឺគ្មានក្រុមប្រឆាំងក្រៅច្បាប់ដែលបង្កើតជាចលនាឧទ្ទាមប្រដាប់អាវុធនោះទេ។ សម្ដេចមានប្រសាសន៍ថា កម្ពុជាបានរៀបចំការបោះឆ្នោតជាទៀងទាត់ ទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដែលសរុបទាំងការបោះឆ្នោតឆ្នាំ២០២៣ខាងមុខនេះទៀត មាន១២ដងរួចទៅហើយ ដោយមិនគិតពីការបោះឆ្នោតអសកលផង។

ពីវេទិការអធិបតីនោះដែរ សម្ដេចក្រឡហោម បានអំពាវនាវអាជ្ញាធរ និងប្រជាពលរដ្ឋ យកចិត្តទុកដាក់អនុវត្ត និងគាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលជាមូលដ្ឋានគ្រឹះនៃការរក្សាបានសន្តិសុខ សណ្ដាប់ធ្នាប់សារណៈ និងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ សម្ដេចបានជំរុញឱ្យខិតខំយកចិត្តទុកដាក់រួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមសហគមន៍ ភូមិ ឃុំ សង្កាត់ ក្នុងនោះរាប់ទាំងនៅតាមសាលារៀន ដ្បិតគ្រឿងញៀនជាសត្រូវធំបំផុតនៃការអភិវឌ្ឍធនធានមនុស្ស និងការរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។

ជាមួយគ្នានោះដែរ សម្ដេចបានណែនាំឱ្យរដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការការពារធនធានធម្មជាតិ និងបរិស្ថាន ក្នុងនោះសម្ដេចជំរុញឱ្យបង្កើនការយកចិត្តទុកដាក់បង្ការ និងទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើ បរបាញ់សត្វ និងការនេសាទខុសច្បាប់ដែលបំផ្លិចបំផ្លាញធនធានមច្ឆាជាតិ ពិសេសនៅតំបន់ជាប់បឹងទន្លេសាប។ ទន្ទឹមគ្នានឹងខេត្តបាត់ដំបង ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ សម្ដេចបានលើកទឹកចិត្តឱ្យបន្តយកចិត្តទុកដាក់លើការងារគ្រប់គ្រងសំរាម និងការលើកម្ពស់បរិស្ថាន ពិសេសបង្កើនភាពបៃតងនៅតាមទីសាធារណៈ ៕

អត្ថបទដែលជាប់ទាក់ទង