ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចក្រភពអង់គ្លេស នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងស៊ីជម្រៅ ពិសេស ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

92

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារ និងសម្តែងការគួរសមរបស់ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃចក្រភពអង់គ្លេសថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា, នៅព្រឹកថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២២, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ជាកិច្ចចាប់ផ្តើម, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស ដែលបានគាំទ្រ និងចូលរួម ចំណែកដល់ការអភិវឌ្ឈន៍នៅកម្ពុជា ក្នុងរយះពេលកន្លងទៅ ។ ក្នុងនាមជាដៃតួអភិវឌ្ឍន៍មួយរបស់កម្ពុជា, ចក្រភពអង់គ្លេសបានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា ដោយផ្តោតលើវិស័យសង្គមកិច្ច (សុខាភិបាល និងអប់រំ), វិស័យអភិបាលកិច្ច, វិស័យអភិវឌ្ឍន៍ជនបទ និងវិស័យបោសសម្អាតមិន រួមទាំងគាំទ្រដល់កិច្ចដំណើរការរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ។ ជាមួយគ្នានេះ ចក្រភពអង់គ្លេសបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយកម្ពុជាឆ្លើយតបភ្លាមៗ ក្នុងកាលះទេសះដ៏ លំបាក ដែលក្នុងនោះ បានផ្តល់វ៉ាក់សាំង AstraZeneca ចំនួន ៤១៥ ០០០ ដួស និងហិរញ្ញប្បទាន ឥតសំណងចំនួន ៦០ ០០០ ដុល្លារអាមេរិក ព្រមទាំងរថយន្តសង្គ្រោះបន្ទាន់ចំនួន ១ ដល់រាជរដ្ឋាភិបាល កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវី១៩ ។

ឯកឧត្តមឯកអគ្គរាជទូត បានកោតសសើរ និងបានវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបានលទ្ធផលល្អប្រសើរក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវ៉៥-១៩ និងបើក ដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញបានយ៉ាងឆាប់រហ័ស ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានគាំទ្រ និងជួយចក្រភពអង់គ្លេសឲ្យក្លាយជាដៃគូសន្ទនារបស់ អាស៊ានផងដែរ ។ ចក្រភពអង់គ្លេស នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងស៊ីជម្រៅ ពិសេស ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ចក្រភពអង់គ្លេសផ្តោតលើវិស័យ សក្ដានុពល ដូចជា សេវាកម្មហិរញ្ញវត្ថុ, វិស័យអប់រំ, ហេដ្ឋារចនាសម្ព័ន្ធ និងធានារ៉ាប់រង ពិសេស មូលបត្របៃតង (Green Bond) ដែលអាចជំរុញនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី និង ការវិនិយោគ ។ ចក្រភពអង់គ្លេសជាប្រទេសដែលមានបទពិសោធច្រើន លើសេវាកម្មហិរញ្ញវត្ថុ និង មានទីផ្សារហិរញ្ញវត្ថុ ដែលអាចក្លាយជាដៃគូវិនិយោគរបស់កម្ពុជា ស្របពេលដែលកម្ពុជាកំពុងមាន ត្រូវការអភិវឌ្ឍលើវិស័យទាំងនោះផងដែរ ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការសម្របខ្លួនកាន់តែ លឿនទៅនឹងនិន្នាការថ្មីៗ ក្រោយវិបត្តិនៃជំងឺកវិដ-១៩ បានក្លាយជាអាទិភាពសម្រាប់ការអភិវឌ្ឍសង្គម- សេដ្ឋកិច្ច ។ ក្នុងបរិបទនេះ, កម្ពុជាកំពុងអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើន សេដ្ឋកិច្ច ក្នុងការរស់នៅជាមួយ វីង-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ២០២១-២០២៣ ដែលមាន សរសស្តម្ភ ចំនួន ៣ គឺ (១), ការស្ដារឡើងវិញ (២), ការកែទម្រង់ និង (៣). ការកសាងភាពធន់ ។ ក្នុងការស្តារសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពធន់, កម្ពុជាត្រូវការពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម, ជំរុញ ការចាប់យកកាលានុវត្តភាពពីឌីជីថលនីយកម្ម កៀរតរហិរញ្ញប្បទានក្នុងស្រុកសម្រាប់ការស្តារ កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងជំរុញការវិនិយោគពីវិស័យឯកជន ដើម្បីពន្លឿនការអភិវឌ្ឍបៃតង ។ ទន្ទឹមនេះ, កម្ពុជាបាន និងកំពុងអនុវត្តក្របខណ្ឌគោលនយោបាយស្ដីពីការអភិវឌ្ឍមូលបត្ររដ្ឋ ដោយរួមបញ្ចូលនូវការគិតគូរអំពីការអភិវឌ្ឍឧបករណ៍ហិរញ្ញវត្ថុ ដែលឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុផងដែរ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាកំពុងប្រឹងប្រែងធ្វើដំណើរយ៉ាងសកម្មឥតឈប់ឈរ ដើម្បីសម្រេចបាននូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្ម និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីតម្រង់ទិសឆ្ពោះទៅសម្រេចចក្ខុវិស័យ ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជា ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ដូច្នេះ, កម្ពុជានៅតែត្រូវការការគាំទ្រផ្នែកហិរញ្ញប្បទាន អភិវឌ្ឍន៍ផ្លូវការពីដៃគូអភិវឌ្ឍន៍នានាដល់កម្ពុជា រួមទាំងចក្រភពអង់គ្លេសផងដែរ និងកិច្ចសហប្រតិបត្តិការ ទាំងពាណិជ្ជកម្ម និងការវិនិយោគពីចក្រភពអង់គ្លេស ជាបន្តទៀត ។

ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជូនពរឯកឧត្តមឯកអគ្គរាជ ទូតអង់គ្លេសថ្មី ទទួលបានជោគជ័យត្រចះត្រចង់ ក្នុងការបំពេញបេសកកម្មការទូតរបស់ខ្លួននៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ។

អត្ថបទដែលជាប់ទាក់ទង