ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូរ៉េខាងជើង ធ្វើតេស្ដ «ម៉ូទ័រដំណើរការដោយឥន្ធនៈរឹង» ទំនងសម្រាប់ការអភិវឌ្ឍមីស៊ីល ICBM

66

សេអ៊ូល៖​ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃសុក្រនេះថា ទីក្រុងព្យុងយ៉ាងបានធ្វើតេស្ដលើ «ម៉ូទ័រដំណើរការដោយឥន្ធនៈរឹងដែលមានកម្លាំងរុញខ្លាំង» ខណៈរបបដឹកនាំលោក គីម ជុងអ៊ុន បន្តអភិវឌ្ឍអាវុធយុទ្ធសាស្ត្រថ្មីៗ ព្រមទាំងបង្កើនល្បឿនកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២។

នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថាការធ្វើតេស្ដប្រកបដោយជោគជ័យខាងលើធ្វើឡើង នៅក្រោមការបញ្ជា និងត្រួតពិនិត្យដោយផ្ទាល់ ពីសំណាក់លោក គីម ជុងអ៊ុន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ នៅឯទីតាំងបាញ់បង្ហោះផ្កាយរណបស៊ូហេ (Sohae)។ KCNA​ បានបញ្ជាក់បន្ថែមទៀតថា ការធ្វើតេស្ដ បាញ់ បានបង្ហាញថាពីភាពគួរឱ្យជឿជាក់ និងស្ថិរភាពនៃម៉ូទ័រ ដែលនេះបានផ្ដល់ការធានាសម្រាប់ការអភិវឌ្ឍប្រព័ន្ធអាវុធយុទ្ធសាស្ត្រថ្មីដទៃទៀត។

ជុំវិញការធ្វើតេស្ដនេះដែរ បើតាមក្រុមអ្នកជំនាញ ការធ្វើតេស្ដខាងលើរបស់កូរ៉េខាងជើង មានគោលដៅអភិវឌ្ឍ «បច្ចេកវិទ្យាមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ដំណើរការ ដោយឥន្ធនៈរឹង» ជាមួយម៉ូទ័រដែលមានកម្លាំងរុញខ្លាំង ហើយដែលទីក្រុងព្យុងយ៉ាងអះអាងថាជារបកគំហើញដំបូងគេនៅក្នុងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង