ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន បង្ហោះរូបភាពនៃការជួបជុំរវាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងកូនៗចៅៗ ក្នុងឱកាសថ្ងៃខួបកំណើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

28

 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីបានធ្វើមាតុភូមិនិវត្តន៍ ពីប្រទេសប៊ែលហ្ស៊ិក មកដល់កម្ពុជាវិញ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក អំពីការជួបជុំរវាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងកូនៗចៅៗរបស់សម្តេច ដើម្បីអបអរខួបកំណើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជាទម្លាប់ក្រុមគ្រួសាររបស់សម្តេច មិនមែនដែលរៀបចំបុណ្យខួបកំណើត ក្រៅតែពីការជួបជុំកូនចៅ និងទទួលទានអាហារជុំគ្នានោះឡើយ។

សម្តេចបានបង្ហោះរូបថតជាច្រើនសន្លឹក អមដោយខ្លឹមសារ យ៉ាងដូច្នេះថា «កូនៗ និងចៅៗ មកកំដរម្តាយ និងជីដូនដូចការគិតរបស់ខ្ញុំមែន។ នេះជាទម្លាប់ក្នុងគ្រួសារខ្ញុំ ដែលមិនមានការរៀបចំបុណ្យខួបកំណើត ក្រៅតែពីការជួបជុំកូនចៅនោះឡើយ។ ជិតមួយកងអនុសេនាតូចទៅហើយ តែមិនទាន់គ្រប់ទេ ព្រោះខ្លះជាប់រៀននៅបរទេស និងខ្លះទៀតជាប់រវល់ការងារ»។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារយ៉ាងផ្អែមល្ហែម ជូនពរសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសថ្ងៃខួបកំណើត។

សារជូនពររបស់សម្តេចតេជោ ហ៊ុន សែន ដែលបង្ហោះថ្ងៃទី១៥ ខែធ្នូម្សិលមិញ មានខ្លឹមសារថា «ប្រពន្ធសំឡាញ់ថ្ងៃ១៥ធ្នូនេះ ជាថ្ងៃកំណើតអូន ក្នុងពេលបងជាប្តីជាប់បំពេញការងារនៅក្រៅប្រទេស។ សង្ឃឹមថាកូនៗ និងចៅៗនឹងទៅបាយល្ងាចកំដរអូន ដែលក្នុងពេលម៉ោងនោះបងកំពុងស្ថិតនៅអាកាស។ សល់តែ២១ថ្ងៃទៀតប៉ុណ្ណោះនឹងដល់ខួប លើក៤៧ នៃថ្ងៃរៀបការរបស់យើង (៥មករា១៩៧៦.៥មករា២០២៣) ដែលពេលនោះយើងនៅក្មេងៗ ដែលខុសជាមួយពេលនេះ យើងមានចៅរហូត២២នាក់។ សូមជូនពរលោកយាយប្រពន្ធពីចម្ងាយ»៕

អត្ថបទដែលជាប់ទាក់ទង