ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យ​ម្នាក់​ ករណី​លួច​ តាមបណ្តឹងរបស់ជនរងគ្រោះ​ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ

32

បន្ទាយមានជ័យ​៖​ នៅវេលាម៉ោង១១និង០២នាទី ថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ​២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ ឃាត់ខ្លួនមេជាងចាក់លូម្នាក់​ ពីបទលួច​ កំណាត់ដែក ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅចំណុច​ការដ្ឋានស្ទឹងបត់ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយយោងតាមដើមបណ្តឹង ឈ្មោះ​ ឌិន ស៊ីថា ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការ គ្រប់គ្រងសំណង់ ខាងលេី។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា​ ជនសង្ស័យ​ឈ្មោះ​ លាន លីម (ដា) ភេទប្រុស អាយុ២៦ឆ្នាំ បច្ចុប្បន្នស្នាក់នៅការដ្ឋានភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកបានបន្តថា​ កាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២២ ជនសង្ស័យខាងលេី បានធ្វើសកម្មភាពលួចយកកំណាត់ដែកថ្នាំងអំពៅទំហំ១៦លី ប្រវែង២ម៉ែត្រ ចំនួន១៨០កំណាត់ របស់ជនរងគ្រោះជាមេការគ្រប់គ្រងសំណង់​ នៅចំណុចការដ្ឋានស្ទឹងបត់ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ឱ្យ​ដឹង​ទៀតថា​ តាមការរៀបរាបរបស់មេការ​ថាមានជាងម្នាក់បានដឹកដែកចេញពីការដ្ឋានដោយពុំមានការអនុញ្ញាត ភ្លាមនោះរូបខ្លួនបានទៅមើលក៏ឃើញជនសង្ស័យ​ឈ្មោះលាន លីម បានដឹកកំណាត់ដែកថ្នាំងអំពៅទំហំ១៦លី ប្រវែង២ម៉ែត្រចំនួន១៨០កំណាត់ នៅលើរ៉ឺម៉កសណ្តោងម៉ូតូ បានដឹកចេញពីកន្លែង ដោយមានការសង្ស័យ​ ក៏បានប្តឹងអាវុធហត្ថដេីម្បីអន្តរាគមន៍​។ ក្រោយបានទទួលពាក្យបណ្តឹង​ កម្លាំងសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យ ខាងលើព្រមទាំងចាប់យកវត្ថុតាងជាក់ស្តែង​ ១-ម៉ូតូរ៉ឺម៉កសណ្តោង ចំនួន០១គ្រឿង (ប្រគល់ជូនម្ចាស់ដើមវិញ)។ ២-ដែកកំណាត់ថ្នាំងអំពៅទំហំ១៦លី ប្រវែង២ម៉ែត្រ ចំនួន១៨០កំណាត់(ប្រគល់ជូនម្ចាស់ដើមវិញ) យកមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ និងបញ្ជូនបន្តមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែធ្នូ​​ ឆ្នាំ​២០២២នេះ​៕

អត្ថបទដែលជាប់ទាក់ទង