ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នឹងជំរុញការ វិនិយោគអាមេរិកបន្ថែមទៀត មកកម្ពុជា

201


ភ្នំពេញ៖ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានអះអាងថា៖ ដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា នេះមានគោលបំណងពង្រឹងទំនាក់ទំនងរវាងកម្ពុជា(ដៃគូអាស៊ាន) និងសហរដ្ឋអាមេរិក និងដើម្បីជំរុញការ វិនិយោគអាមេរិកបន្ថែមទៀតមកកម្ពុជា។ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជួបពិភាក្សា ការងារជាមួយគណៈប្រតិភូ មកពីក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន។

ក្រុមគណៈប្រតិភូនេះត្រូវបានដឹកនាំដោយលោក Michael W. Michalak អនុប្រធានជាន់ខ្ពស់ និងជាប្រធានគ្រប់គ្រងថ្នាក់តំបន់ នៃក្រុមប្រឹក្សាធុរកិច្ច ដោយមានការអមដំណើរពីលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូមកពីក្រុមហ៊ុន អាមេរិកជាច្រើនរូបទៀតដូចជា៖ ក្រុមហ៊ុនAstraZeneca ក្រុមហ៊ុនChevron ក្រុមហ៊ុនCoca-Cola ក្រុមហ៊ុនDupont ក្រុមហ៊ុនFord ក្រុមហ៊ុនHerbalife ក្រុមហ៊ុនMastercard ក្រុមហ៊ុន RMA Group និងក្រុមហ៊ុន Visa ។

ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន គឺជាអង្គការតស៊ូមតិមួយសម្រាប់ សាជីវកម្មអាមេរិក ដែលធ្វើប្រតិបត្តិ ការនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)។ ក្រុមប្រឹក្សានេះ ដើរតួជាសំឡេងមួយនៃវិស័យ ឯកជនរបស់សហរដ្ឋអាមេរិក ក្នុងការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក រវាងសហរដ្ឋអាមេរិក និងអាស៊ីអាគ្នេយ៍។

លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានអះអាងថា៖ ដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា នេះមានគោលបំណងពង្រឹងទំនាក់ទំនងរវាងកម្ពុជា(ដៃគូអាស៊ាន) និងសហរដ្ឋអាមេរិក និងដើម្បីជំរុញការ វិនិយោគអាមេរិកបន្ថែមទៀតមកកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូអំពីផែនការ និងគម្រោងកំពុងដំណើរការបន្ត ដែល ពាក់ព័ន្ធនឹងការធ្វើឱ្យប្រសើរឡើងនូវបណ្តាញផ្លូវជាតិរបស់កម្ពុជា ការពង្រីកកំពង់ផែសមុទ្រទឹកជ្រៅនៅក្រុងព្រះសីហនុ និងគោលដៅផែនការរយៈពេល១០០ថ្ងៃនៃអាណត្តិទីប្រាំមួយ។ ជាមួយគ្នានេះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានលើកឡើងផងដែរ អំពីក្រុមប្រឹក្សាភស្ដុភារកម្មជាតិ និងផែនការមេជាតិភស្ដុភារកម្ម ដែលនឹងជួយឱ្យកម្ពុជាក្លាយ ជាមជ្ឈមណ្ឌលភស្តុភារកម្ម ឈានមុខគេប្រចាំតំបន់អាស៊ាន។

លោកទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់អំពីគំនិតផ្តួចផ្តើម កំណែទម្រង់បច្ចុប្បន្ន របស់ក្រសួងប្រកបដោយជោគជ័យ ដែលក្នុងនោះរួមមាន៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ការចេញបណ្ណបើកបរ ការ ប្រឡងយកបណ្ណបើកបរ និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត។

លោកទេសរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ចំពោះ តំណាងមកពីក្រុមហ៊ុនVisa និងក្រុមហ៊ុន MasterCard ដោយសង្ឃឹមថា កាតឥណទានរបស់ក្រុមហ៊ុនទាំងនេះ អាចផ្តល់ជម្រើសជាច្រើនថែម ទៀតឱ្យប្រជាពលរដ្ឋកម្ពុជា សម្រាប់ការទូទាត់តាមអនឡាញ ដែលជាមធ្យោបាយមួយក្នុងការធ្វើទំនើប កម្មសេវាដឹកជញ្ជូនជូនប្រជាពលរដ្ឋកម្ពុជា។ លោកទេសរដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនកាតឥណទាន ទាំងនេះធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្រ្តីជាន់ខ្ពស់របស់ក្រសួង ដើម្បីស្វែងយល់ពីឱកាស ទូទាត់តាម អនឡាញកាន់តែមានប្រសិទ្ធភាពខ្ពស់សម្រាប់ប្រជាពលរដ្ឋខ្មែរ៕

អត្ថបទដែលជាប់ទាក់ទង