ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាម៉ូបង្ហាញម៉ូតខ្មែរពីររូបទៀតនឹងបង្ហាញខ្លួននៅព្រឹត្តិការបង្ហាញម៉ូតអន្តរជាតិនៅសហ រដ្ឋអាមេរិក ពាក់កណ្ដាលខែតុលា២០១៨

341


ភ្នំពេញ៖ តារាបង្ហាញម៉ូត២រូបគឺកញ្ញា ប្រិមប្រិយ សុវឌ្ឍានា (Premprey Sovothana) និងអ្នកនាង Rany Pettis នឹងបង្ហាញមុខក្នុងព្រឹត្តិការណ៍បង្ហាញម៉ូតអន្តរជាតិនា សហរដ្ឋ អាមេរិក ដែលប្រព្រឹត្តិទៅនៅអំឡុងខែតុលាឆ្នាំ២០១៨នេះជាមួយតារាពីកម្ពុជាកញ្ញា ម៉ាយ៉ា ។ ការបង្ហាញខ្លួននៅឆាកអន្ដរជាតិនេះ និងនាំមកនូវមោទនភាពមួយសម្រាប់ជាតិខ្មែរ លើឆាកអន្តរជាតិ។

កញ្ញា ប្រិមប្រិយ សុវឌ្ឍានា បានបញ្ជាក់ឲ្យដឹងរសៀលថ្ងៃអង្គារ ៨រោចខែភទ្របទ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០៣ តុលា ឆ្នាំ២០១៨ថា៖ តាមការគ្រោងទុក លោក Remy Hou នឹងដឹកនាំក្រុមការងារនិង នាំតារាបង្ហាញម៉ូតជនជាតិខ្មែរមួយរូបគឺកញ្ញា Marianne Clais ហៅ ម៉ាយ៉ា វ័យ១៥ឆ្នាំចេញទៅចូលរួមព្រឹត្តិការណ៍បង្ហាញម៉ូតអន្តរជាតិដ៏ធំមួយនៅសហរដ្ឋអាមេរិក។ ពួកគេនឹងចេញដំណើរទៅកាន់ទឹកដីនៃសហរដ្ឋអាមេរិកនៅថ្ងៃទី០៥ខែតុលាខាងមុខនេះ។ កម្មវិធីលំដាប់អន្តរជាតិ នេះនឹងមានអ្នកបង្ហាញម៉ូត និងអ្នកច្នៃម៉ូតមកពី៥ប្រទេសចូលរួមមានប្រទេសឥណ្ឌា ឌូបៃ ប៉ាគីស្ថាន សហរដ្ឋអាមេរិក និងកម្ពុជា។ ក្រៅពី ម៉ាយ៉ា តារាបង្ហាញម៉ូតខ្មែរពីររូបដែលកំពុងរស់នៅលើទឹកដីនៃសហរដ្ឋអាមេរិកក៏នឹងលេចចមុខក្នុងកម្មវិធីដ៏ធំនេះដែរ។

ថ្លែងពីសហរដ្ឋអាមេរិកអ្នកនាង ប្រិមប្រិយ សុវឌ្ឍានា (Premprey Sovothana) តារាបង្ហាញម៉ូតខ្មែរវ័យ២៦ឆ្នាំ បច្ចុប្បន្នកំពុងរស់នៅរដ្ឋMassachusetts សហរដ្ឋអាមេរិក នាងធ្លាប់បានចូលរួមកម្មវិធីបង្ហាញម៉ូតជាច្រើនលើកច្រើនសានៅកម្ពុជា។ នាងបញ្ជាក់ថា៖ នាងពិតជាសប្បាយចិត្តដែលបានចូលរួមព្រឹត្តិការណ៍ដ៏ធំនេះពិសេស បានស្លៀកនូវសម្លៀក បំពាក់ដែលរចនាផ្ទាល់ដោយ លោក Remy Hou ។នាងបន្តថាកាន់តែមោទនភាពនោះ គឺបានស្លៀកសម្លៀកបំពាក់ ឆ្នៃពិសេសនៃការលាយបញ្ចូលគ្នានូវម៉ូតសម័យ ដោយផលិតផលខ្មែរដូចជាសូត្រជាដើម បូករួមដោយគ្រឿងអលង្ការក្បាច់ខ្មែរដែលកាន់តែធ្វើឲ្យសម្លៀកបំពាក់នេះលេចធ្លោរ នៅលើឆាកអន្តរជាតិ។

ឆ្លើយឆ្លងពីរដ្ឋFloridaសហរដ្ឋអាមេរិកតាមសារអេឡិចត្រូនិច អ្នកនាង Rany Pettis បានបញ្ជាក់ថា ៖ នាងធ្លាប់ប្រឡូកវិស័យដើរម៉ូតរយៈពេល១០ឆ្នាំមកហើយគឺពីឆ្នាំ២០០៨។ នាងថានាងធ្លាប់បង្ហាញម៉ូសម្លៀកបំពាក់ គ្រឿងពេជ្រ និងវិស័យមួយចំនួនទៀត នៅកម្ពុជា។ បើទោះបីជាមករស់នៅសហរដ្ឋអាមេរិកចាប់ពីឆ្នាំ២០១២ក្តីក៏នាងនៅតែបន្តការងារជាអ្នកបង្ហាញម៉ូតដដែល។ នាងបង្ហាញពីអារម្មណ៍រំភើបខ្លាំងថាទទួលបានឱកាសការងារជាថ្មីជាមួយលោក Remy Hou ពិសេសបានស្លៀកសម្លៀកបំពាក់ឆ្នៃពិសេសដោយទឹកដៃកូនខ្មែរ មានទម្រង់ម៉ូតថ្មីដោយការលាយបញ្ចូលគ្នារវាងម៉ូតសម័យ ដោយផលិតផលខ្មែរដូចជាសូត្រជាដើម បូករួមដោយគ្រឿងអលង្ការក្បាច់ខ្មែរ ។ នាងរំពឹងថាស្នាដៃរចនាពិសេសនេះនឹងទទួលបានការគាំទ្រច្រើន និងបង្ហាញពីកិត្តិសព្ទល្អរបស់អ្នកច្នៃម៉ូតខ្មែរ និងសមត្ថភាពអ្នកបង្ហាញម៉ូតខ្មែរលើឆាកអន្តរជាតិ។

សូមបញ្ជាក់ដែរថា៖ លោក Remy Hou គឺជាអ្នកច្នៃម៉ូតល្បីឈ្មោះម្នាក់ដែលលោកចាប់ផ្តើមការងារច្នៃម៉ូតផ្នែកសម្លៀកបំពាក់ចាប់តាំងពីឆ្នាំ២០០៨ និងម៉ូតស្បែកជើងចាប់តាំងពីឆ្នាំ២០១០។ លោកក៏ធ្លាប់បានរចនាស្បែកជើងឲ្យតារាចម្រៀងអន្តរជាតិដ៏ល្បីឈ្មោះមួយរូបផងដែរ ដែលកន្លងមកលោកក៏ធ្លាប់ធ្វើការស្រាវជ្រាវ និងសិក្សាស្វែងយល់អំពីការរចនាស្បែកជើង និងសម្លៀកបំពាក់នៅកម្ពុជាអស់ជាយូផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង