ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ ភ្ជុំបិណ្ឌ ឆ្នាំនេះ កម្មករកាត់ដេរ ទទួលបានកាដូច្រើន!

278

ភ្នំពេញ៖គណៈកម្មការប្រឹក្សាការងារ ដែលជាយន្តការត្រីភាគី ដឹកនាំដោយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកិច្ចប្រជុំកាលពីរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ បានសម្រេចដំឡើងប្រាក់ខែអប្បបរមា សម្រាប់កម្មករកាត់ដេរ នៅឆ្នាំ២០១៩ ចំនួន ១៨២ ដុល្លារ។ ប្រាក់ខែថ្មីនេះ នឹងចាប់អនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ តទៅ រីឯប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ដែលកម្មករនិយោជិត ធ្លាប់ទទួលបានកន្លងមក ត្រូវរក្សាទុកដដែល។
ក្រៅពីការដំឡើងប្រាក់ខែកម្មករកាត់ដេរនេះ សហជីពតំណាងកម្មករ ក៏បានស្នើសុំទៅកាន់រាជរដ្ឋាភិបាល នូវចំណុចមួយចំនួន ដូចជា បញ្ចុះតម្លៃទំនិញ កុំឲ្យផ្ទះជួលឡើងថ្លៃ និងបញ្ចុះតម្លៃទឹកភ្លើង ជាដើម។ រីឯភាគីនិយោជក ជាថៅកែរោងចក្រ បានស្នើសុំឲ្យរាជរដ្ឋាភិបាល បញ្ចុះតម្លៃភ្លើងអគ្គិសនី នៅត្រឹមតែ ០,០៤ ដុល្លារអាមេរិក ចាប់ពីខែមករា ឆ្នាំ២០១៩។
ដូច្នេះគិតៗទៅ ក្រៅតែពីកាដូថ្មី នៃការដំឡើងប្រាក់ខែ ពី ១៧០ ដុល្លារ នៅឆ្នាំ២០១៨ ដល់ ១៨២ ដុល្លារ នៅឆ្នាំ២០១៩ គឺកម្មករកាត់ដេរ ក៏ដូចប្រជាពលរដ្ឋខ្មែរយើង ក៏ទទួលបានកាដូពិសេសមួយទៀត នៃការធ្វើដំណើរតាមឡានក្រុង និងរថភ្លើង ដោយឥតគិតថ្លៃ នៅភ្នំពេញ ក៏ដូចជាពីភ្នំពេញ ទៅតាមបណ្តាខេត្ត និងពីតាមបណ្តាខេត្តនានា ឡើងមកភ្នំពេញ ក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី០៥ ខែតុលា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។
ក្នុងនោះ បើគិតតែពីរថភ្លើងពីរខ្សែ គឺភ្នំពេញ-តាកែវ-កំពត-ព្រះសីហនុ គឺចាប់ផ្តើមដឹកជញ្ជូនអ្នកដំណើរ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០៥-១៦ ខែតុលា និងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។ រីឯរថភ្លើងពីភ្នំពេញ-កំពង់ឆ្នាំង-ពោធិ៍សាត់-បាត់ដំបង-បន្ទាយមានជ័យ-ប៉ោយប៉ែត គឺបានបន្តដឹកអ្នកដំណើរដោយមិនគិតថ្លៃ ក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី០៥-១៦ ខែតុលា ឆ្នាំ២០១៨។ ខ្សែរថភ្លើង ភ្នំពេញ-ប៉ោយប៉ែត ជាប់ព្រំដែនថៃ បានបើកដំណើរការឡើងវិញ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើរដោយឥតគិតថ្លៃ រហូតដល់បំណាច់ឆ្នាំ២០១៨។
ក្រៅពីរថយន្តភ្លើង បងប្អូនកម្មករកាត់ដេរ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ក៏អាចធ្វើដំណើរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី០៦-១១ ខែតុលា ឆ្នាំ២០១៨ តាមរថយន្តក្រុងចំនួន ១២០ គ្រឿង ពីភ្នំពេញ ទៅកាន់បណ្តាខេត្តនានា នៅតាមផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៨។
គោលដៅនៃបណ្តាខេត្ត ដែលរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដឹកជញ្ជូនអ្នកដំណើរដោយឥតគិតថ្លៃ អំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌនេះ រួមមាន៖ ភ្នំពេញ-ស្វាយរៀង ភ្នំពេញ-ព្រៃវែង ភ្នំពេញ-តាកែវ ភ្នំពេញ-កែប ភ្នំពេញ-កំពត ភ្នំពេញ-កំពង់ស្ពឺ ភ្នំពេញ-ព្រះសីហនុ ភ្នំពេញ-កំពង់ឆ្នាំង ភ្នំពេញ-ពោធិ៍សាត់ ភ្នំពេញ-បាត់ដំបង ភ្នំពេញ-បន្ទាយមានជ័យ ភ្នំពេញ-កំពង់ធំ ភ្នំពេញ-សៀមរាប ភ្នំពេញ-កំពង់ចាម ភ្នំពេញ-ត្បូងឃ្មុំ ភ្នំពេញ-ក្រចេះ និងភ្នំពេញ-ស្ទឹងត្រែង។
ដូច្នេះសរុបទៅ គ្រាន់តែអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋខ្មែរយើង ពិសេសកម្មករកាត់ដេរ ទទួលបានកាដូ ២ សំខាន់ៗ គឺទី១-ប្រាក់ខែឡើង ពី ១៧០ ដុល្លារ ក្នុងឆ្នាំ២០១៨ ដល់ ១៨២ ដុល្លារ ក្នុងឆ្នាំ២០១៩ និងទី២-ការធ្វើដំណើរតាមឡានក្រុង និងតាមរថភ្លើង ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០៥-១៦ ខែតុលា ឆ្នាំ២០១៨។
កាដូពិសេសទាំង ២ ទើបតែត្រូវបានរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ ពិសេសកម្មករកាត់ដេរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលប្រទេសជាតិយើង មានការអភិវឌ្ឍន៍ និងជាពិសេសកម្ពុជាមានសុខសន្តិភាព ព្រមទាំងស្ថិរភាពនយោបាយ៕

អត្ថបទដែលជាប់ទាក់ទង