ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ចុះពិនិត្យទីតាំងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ខណៈប្រមុខរដ្ឋ អាល្លឺម៉ង់ នឹងអញ្ជើញពិនិត្យស្វែងយល់ពីការពិត នៃរបបប្រល័យពូជសាសន៍ប៉ុលពត នៅរសៀលថ្ងៃទី១៥កុម្ភៈស្អែកនេះ

49

 

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤កុម្ភៈនេះ
បានដឹកនាំអាជ្ញាធរខណ្ឌបឹងកេងកង និងមន្រ្តីជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដើម្បីត្រៀមទទួលប្រតិភូជាន់ខ្ពស់របស់ប្រទេសអាល្លឺម៉ង់ដែលនឹងអញ្ជើញទៅពិនិត្យស្វែងយល់ពីការពិតនៃរបបប្រល័យពូជសាសន៍ប៉ុលពតនៅក្នុងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនេះ នៅរសៀលទី១៥កុម្ភៈស្អែកនេះ។

លោកឃួង ស្រេង ក្នុងឱកាសនៃការចុះពិនិត្យទីតាំងនៅជុំវិញសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនោះ បានធ្វើការណែនាំឲ្យអាជ្ញាធរ ដូចជា មន្ទីរពាក់ព័ន្ធ ពិសេស មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ រៀបចំសំអាតអនាម័យ បរិស្ថាន នៅជុំវិញទីតាំងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនេះ ដោយត្រូវបាញ់ទឹកលាងផ្លូវ ជុំវិញបរិវេណនេះផងដែរ ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យទីតាំងនៅជុំវិញ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនេះ មានសោភណ្ឌភាពនិងមាន
បរិស្ថានល្អប្រសើរ ជាមួយនិងការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ដ៏ល្អផងដែរ។

គួរបញ្ជាក់ថា៖ ប្រមុខរដ្ឋ និងជាប្រធានាធិបតីនៃសាធាណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) និងលោកជំទាវ អែលឃើ បឿឌិនបិនឌ័រ ( Elke Büdenbender) នឹងបំពេញទស្សនកិច្ចផ្លូវការមកកាន់ព្រះរាជណាចក្រកម្ពុជាពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយនៅរសៀលទី១៥កុម្ភៈស្អែកនេះលោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រនឹងអញ្ជើញទៅពិនិត្យស្វែងយល់ពីការពិត នៃរបបប្រល័យពូជសាសន៍ប៉ុលពតនៅ ក្នុងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង