ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ណែនាំសមត្ថកិច្ចជំនាញបង្កើន ការត្រួតពិនិត្យតាមបុរី ខុនដូ និងរោងចក្រនៅទីដាច់ស្រយាល ដែលសង្ស័យជាទីតាំងផលិត កែច្នៃ និងចែកចាយគ្រឿងញៀន

84

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានណែនាំបន្ថែមដល់សមត្ថកិច្ចជំនាញ ឱ្យបង្កើនសកម្មភាពត្រួតពិនិត្យនៅតាមបុរី ខុនដូ និងតាមរោងចក្រនានានៅតំបន់ដាច់ស្រយាល ដែលសង្ស័យថាជាកន្លែងរបស់ក្រុមឧក្រិដ្ឋ ជនយកទីតាំងនេះដើម្បីផលិត កែច្នៃ និងចែកចាយគ្រឿងញៀន។

ការជំរុញបែបនេះរបស់ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា បានធ្វើឡើងបន្ទាប់ពីពេលថ្មីៗនេះ សមត្ថកិច្ចជំនាញបានបង្ក្រាបទីទាំងផលិត កែច្នៃគ្រឿងញៀនលក្ខណៈទ្រង់ទ្រាយធំនៅតាមបណ្តាបុរី ខុនដូ ក៏ដូចជារោងចក្រនៅតំបន់ជាច្រើនករណីជាដើម។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំស្តីពី លទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២២ និងលើកទិសដៅសម្រាប់ការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានលើកឡើងយ៉ាងដូច្នេះថា៖ «ដោយសារតែយើងមានការរីកចម្រើនខ្លាំង (ប្រទេសកម្ពុជា) ​ផ្នែកឧស្សាហកម្ម អ៊ឹចឹងកំណើនគីមី និងកំណើនរោងចក្រ វាធ្វើឱ្យការគ្រប់គ្រងរបស់យើងមិនទាន់ឆ្លើយតប អាឡូវដូចចាប់នៅតាមបុរី ខុនដូ វាពិបាកណាស់ កន្លងមកមកមានឧក្រិដ្ឋបានសម្ងំច្នៃនៅក្នុងណុង (បុរី ខុនដូ) អ៊ឹចឹងការគ្រប់គ្រងបុរី និងខុនដូ វាមិនមែនសាមញ្ញ អ៊ឹចឹងត្រូវត្រួតពិនិត្យសម្ងំនៅក្នុងហ្នឹង»។

បើតាមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានគូសបញ្ជាក់ថា សម្រាប់ប្រតិបត្តិការណ៍ឃាត់ខ្លួនមេឧក្រិដ្ឋជន និងអ្នកចែកចាយគ្រឿងញៀន ដែលមានចំនួនច្រើនកន្លងមក គឺភាគច្រើននៅតាមបុរី និងខុនដូ ព្រមទាំងបណ្តារោងចក្រនៅតាមតំបន់ដាច់ស្រយាលមួយចំនួនជាដើម។

ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានជំរុញបន្ថែមឱ្យពង្រឹងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពនៅតាមមូលដ្ឋានទូទាំងប្រទេស ជាពិសេសត្រូវពង្រឹងយុទ្ធនការនានាដែលបានបង្កើតឡើង ដើម្បីធ្វើយ៉ាងណាឱ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យកាន់តែទទួលបានជោគជ័យបន្ថែមទៀត។

ឧបនាយករដ្ឋមន្ត្រី កែ​ គឹមយ៉ាន ក៏បានណែនាំដល់សមត្ថកិច្ចជំនាញត្រូវតែតាមដានឱ្យបានច្បាស់ចំពោះល្បិចរបស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀនឱ្យបានម៉ឹងម៉ាត់បំផុត ខណៈក្រុមឧក្រិដ្ឋជនគ្រឿងញៀន បានរិះរកឧបាយកលទុច្ចរិតគ្រប់បែបយ៉ាងដើម្បីប្រព្រឹត្តបទល្មើសនៅកម្ពុជា។

បើយោងតាមរបាយការណ៍បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២២កន្លងទៅមន្ត្រីជំនាញបានគ្រប់គ្រងអ្នកញៀនគ្រឿងញៀនចំនួន ២២,២១៣នាក់។

របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងឆ្នាំ២០២២នេះ លទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនរួមមាន៖

*បទល្មើសគ្រឿងញៀនសរុប បង្ក្រាបបាន ៦,៣៩០ករណី ស្មើនឹង ១០១.៣០% ប្រៀបធៀបនឹងឆ្នាំ២០២១ (៦,៣០៨ ករណី) មានចំនួនច្រើនជាង ៨២ករណី កើនឡើង ១.៣០%
*ឃាត់ខ្លួនជនសង្ស័យសរុប ១៥,០០២នាក់/សី ៩៥២នាក់ ស្មើនឹង ១០៧.៣២% ប្រៀបធៀបនឹងឆ្នាំ២០២១ (១៣,៩៧៩ នាក់) មានចំនួនច្រើនជាង ១,០២៣នាក់ កើនឡើង ៧.៣២% ក្នុងនោះ មានជនសង្ស័យជាជនជាតិខ្មែរ ១៤.៦៨៣នាក់ (ស្រី៦៩១នាក់) និងជនបរទេស៣១៩នាក់ (សី ៤៣នាក់) ស្មើនឹង១០ជនជាតិ
*គឿងញៀនសរុប ចាប់យកបានចំនួន ១៤ តោន ៩១៩គីឡូក្រាម ៤៦៧.០៧ក្រាម ស្មើនឹង ៣១៨.១៤% ប្រៀបធៀបនឹងឆ្នាំ២០២១ (០៤តោន ៦៨៩គីឡូក្រាម ៦១១.៤៧ក្រាម) មានចំនួនច្រើនជាង១០តោន ២២៩គីឡូក្រាម និង ៨៥៥.៦០ ក្រាម កើនឡើងប្រមាណ៣ដង
*កញ្ញាស្រស់ កាប់បំផ្លាញបានចំនួន ៤៨,០៣៧ដើម និងចាប់យកកញ្ជះក្រៀម បានចំនួន ៦០គីឡូក្រាម ៣៧៤.៧៣ក្រាម
*សារធាតុគីមីផ្សំ រឹបអូសបានចំនួន ៥០៤តោន ៥៧៧គីឡូក្រាម ស្មើនឹង ៥៩៤.១៨% ប្រៀបធៀបនឹងឆ្នាំ២០២១ (មានចំនួន ៨៤តោន ៩២០គីឡូក្រាម) មានចំនួនច្រើនជាង ៤១៩តោន ៦៥៧គីឡូក្រាម កើនឡើង ៤៩៤.១៨% ប្រមាណជា ៥ដង។ គិតរួមទាំងការបង្ក្រាប និងរឹបអូសបានកាលចុងឆ្នាំ២០២១កន្លងទៅ (ចំនួន ៨៤តោន ៩២០ គីឡូក្រាម)មកដល់ដំណាច់ឆ្នាំ២០២២នេះ សារធាតុគីមីផ្សំដែលសមត្ថកិច្ចស្រាវជ្រាវរកឃើញធ្វើការបង្ក្រាប និងរឹបអូសបានមានចំនួនរហូតដល់ទៅជិត ៦០០តោន៕

អត្ថបទដែលជាប់ទាក់ទង