ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋសប្បាយរីករាយជិះរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃទៅស្រុកកំណើត, អភិបាលរាជធានីភ្នំពេញចុះទៅជូនដំណើរដល់ទីលានប្រជាធិប្បតេយ្យថ្មីប្ញស្សីកែវ

183

ភ្នំពេញ៖មុនចេញដំណើរឡើងរថយន្តបងប្អូនប្រជាពលរដ្ឋលើកឡើងថា៖សម្រាប់ពួកគាត់ស្ទើរតែមិនជឿថាសម័យនេះហើយនៅតែមានរថយន្តជិះទៅលេងស្រុកកំណើតរាប់រយគីឡូដោយមិនអស់លុយទៀតពិតជាពិសេសណាស់។ពិតជាសម័យតេជោអ្វីៗមិនធ្លាប់មានគឺមានសម្ដេចតេជោអ្វីៗក៏មាននៅពេលនេះ។
ជាក់ស្ដែង នៅព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមទាំងមន្ត្រីក្រោមឱវាទ បានចុះទៅពិនិត្យផ្ទាល់និងជូនដំណើរប្រជាពលរដ្ឋដែលជិះរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះរហូតដល់ទីតាំងចេញដំណើរនៅភូមិដើមគរ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ។
ពាក់ព័ន្ធការងារនេះលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងថា៖មានប្រជាពលរដ្ឋ កម្មករ-កម្មការិនី និងអ្នកដំណើរយ៉ាងច្រើន បានមកជិះរថយន្តក្រុងសាធារណៈ ដោយឥតបង់ប្រាក់នៅចំណតមួយនេះ។ លោកបន្តថា ពួកគាត់ទាំងអស់គ្នា បានបង្ហាញទឹកមុខសប្បាយរីករាយ និងសម្តែងការថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់កាដូដ៏មានតម្លៃនេះនិងថ្លែងអំណរគុណដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជួយចាត់ចែងនិងជូនដំណើរពួកគាត់ដោយផ្ទាល់ថែមទៀតផងរ។
គួរបញ្ជាក់ថា៖ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅខេត្តនានា ក៏ដូចជាត្រឡប់ពីខេត្តនានាត្រឡប់មករាជធានីភ្នំពេញវិញ ឱ្យមានលក្ខណៈល្អប្រសើរនោះ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យសាលារាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុង សាធារណៈ១២០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅមកមិនគិតថ្លៃ រយៈពេល៦ថ្ងៃ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ការដឹកជូនប្រជាពលរដ្ឋទៅវិញទៅមក ដោយឥតគិតថ្លៃ រវាងរាជធានីភ្នំពេញទៅស្រុកកំណើតនេះ ចាប់ផ្តើមធ្វើឡើងនៅរៀងរាល់ម៉ោង៥៖៣០នាទីព្រឹក ពីថ្ងៃទី០៦ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ដោយអនុវត្តនៅលើផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៨។
នៅមុនពេលចេញដំណើរអ្នកយកព័ត៍មានយើងបានជួបជាមួយបងប្អូនប្រជាពលរដ្ឋបានបង្ហាញការសប្បាយរីករាយជាមួយនឹងកាដូរជិះរថយន្តក្រុង ដោយមិនគិតថ្លៃក្នុងឧិកាសបុណ្យភ្ជុំបិណ្ឌដែលរដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនូន២១៥គ្រឿងសំរាប់បម្រើសេវាដឹកជញ្ជូនប្រជា ពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តក្រុងនានា និងពីខេត្តក្រុងទាំង១៨មកកាន់រាជធានីភ្នំពេញវិញក្នុងឧិកាសបុណ្យភ្ជុំបិណ្ឌនេះដោយមិនគិតថ្លៃចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១១តុលា ឆ្នាំ២០១៨ដើម្បីសំរួលដល់ការចំណាយរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតនាឧិកាសបុណ្យភ្ជុំបិណ្ឌនេះ។
ក្នុងឱកាសនោះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលបានជូនដំណើរប្រជាពលរដ្ឋនាពេលនោះដោយបានគូសបញ្ជាក់ថា៖នេះជាកាដូរថ្មី១ទៀតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរទៅស្រុកកំណើតដោយមិនបង់ប្រាក់តាមរយះរថយន្តក្រុងដឹកជញ្ជូនសាធារណះរបស់រដ្ឋបាលរាជធានីភ្នំពេញដែលបងប្អូនទទួលបានទាំងសុវត្ថិភាព,ផាសុខភាព និងពុំប្រឈមមុខនឹងគ្រោះថ្នាក់ផ្សេងៗផងដែរ។
មន្ត្រីជំនាញបានឱ្យដឹងថា៖ក្នុងចំណោមរថយន្តទាំង២១៥គ្រឿងនេះត្រូវបានបែងចែកជា២ផ្នែកគឺ៖សំរាប់ដឹកជញ្ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញចំនួន៩៥គ្រឿងរយះពេល៣ថ្ងៃគឺពីថ្ងៃទី៨ដល់ថ្ងៃទី១០តុលា។រីឯ១ផ្នែកទៀតសំរាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតតាមបណ្តាខេត្តទាំងទៅនិងមករយះពេល៦ថ្ងៃគឺចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១១តុលាដោយចេញដំណើរចាប់ពីម៉ោង៥និង៣០នាទីព្រឹក។ ចំណែកចំណតចេញដំណើរត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ពង្រាយរថយន្តតាមគោលដៅនៃច្រកចេញចូលរាជធានីភ្នំពេញមានដូចជា៖ចំណុចផ្លូវ៦០ម៉ែត្រក្នុងសង្កាត់ចាក់អង្រែ,ចំណតផ្សារសិនជូរីផ្លាហ្សា,ចំណតសួនច្បារឬស្សីកែវ,ចំណុចផ្លូវបេតុងក្នុងតំបន់អភិវឌ្ឍន៏ជ្រោយចង្វា និងចំណតគីឡូម៉ែត្រលេខ៩។
ជាមួយនឹងការយកចិត្តទុកដាក់ពីសម្ដេចតេជោហ៊ុនសែននិងការចាត់ចែងបន្តដោយលោកអភិបាលរាជធានីភ្នំពេញនាពេលនេះបងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរបានបង្ហាញក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលបានគិតគូពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា និងជួយសំរួលដល់បងប្អូនចំពោះការចំណាយលើការធ្វើដំណើរនេះ ហើយនេះក៏មិនមែនជាលើកទី១ដែរដែលសម្តេចតែងបានគិត គូចំពោះផលប្រយោជន៏ និងសុខទុក្ខរបស់ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង