ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អត់ខ្លាចនឹងកម្ចាត់មនុស្សពីរបីនាក់ ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ មួយប្រទេសនោះទេ?

291

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖សម្តេចអត់ខ្លាចនឹងកម្ចាត់មនុស្សពីរបីនាក់ ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋមួយប្រទេសនោះទេ។ ចុះកាលសម័យប៉ុល ពត គេសម្លាប់មនុស្សរាប់លាននាក់ម្តេចមិននិយាយរឿងសិទ្ធិមនុស្ស! ចុះសម្តេចហេតុអីគ្រាន់តែកម្ចាត់មនុស្សពីរបីនាក់ ដើម្បីការពារជីវិតមនុស្សមួយប្រទេស ហេតុអ្វីធ្វើមិនបាន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងពេលជួបជាមួយក្រុមនិស្សិតខ្មែរកំពុងរៀន នៅប្រទេសជប៉ុន នៅថ្ងៃទី៧តុលានក្នុងអំឡុងសម្ដេចកំពុងស្នាក់នៅ ប្រទេសជប៉ុន។ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា៖ កុំយកអធិបតេយ្យភាពជាតិ និងសុខសន្តិភាពរបស់កម្ពុជា ទៅប្តូរជាមួយជំនួយ។កាលពីក្មេងសម្តេចមិនដែលមានបំណងធ្វើជានាយករដ្ឋមន្ត្រីនោះទេ តែពេលនេះធ្វើរហូតយូរជាងគេ។ សម្តេចថា សម្តេចនឹងធ្វើរហូតដល់ក្រុមប៉ុនប៉ងបំផ្លាញកម្ពុជាត្រូវវិនាស។

មុនសភាពការណ៍ប្រទេសកម្ពុជាមានសន្តិភាពនិងសន្តិសុខ ១០០ភាគរយ ពេញផ្ទៃប្រទេស បែបនេះនាពេលបច្ចុប្បន្ននោះសម្តេចតេជោ ហ៊ុន សែន បានរំលឹកពីផែនការស្នូលដោះស្រាយវិប័ត្តនយោបាយនៅកម្ពុជាថា៖ ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (SNC) គឺត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយសម្តេចក្នុងឆ្នាំ១៩៨៨។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពេលសម្តេចផ្តួចផ្តើមឡើង គ្មានភាគីខ្មែរណាឯកភាពនោះទេ តែក្រោយមកសម្តេចលួចធ្វើការជាមួយមន្រ្តីជាន់ខ្ពស់របស់ថៃ ទើបឈានទៅបង្កើតស្ថាប័ននេះឡើយ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជារឿងអាម៉ាស់ណាស់សម្រាប់ខ្មែរ ពេលទៅចរចាបង្រួបបង្រួមជាតិ នៅឯប្រទេសជប៉ុន ជាខ្មែរតែមួយតែអង្គុយបរិភោគពីរតុផ្សេងគ្នា។

ដោយតុមួយរបស់ត្រីភាគី រួមមានភាគីសម្តេច នរោត្តម សីហនុ, តា សឺន សាន និងភាគីខ្មែរក្រហម និងតុមួយទៀត ភាគីរបស់រដ្ឋកម្ពុជា ដែលដឹកនាំដោយសម្តេច។ សម្តេចតេជោ ហ៊ុន សែន បានចំអកថា អ្នកសរសេរសៀវភៅខ្លះ សរសេរទាំងផ្កាប់មុខ ដោយមិនដឹងថា SNC មានប្រភពចេញពីទីណានោះទេ។ សម្តេចតេជោបន្តថា សម្តេចត្រូវការពេល១ពាន់យប់ ទើបអាចនិយាយរៀបរាប់ពីដំណើរដ៏ជូរចត់របស់កម្ពុជាពីអតីតកាលចប់។

ពាក់ព័ន្ធស្ថានភាពវិនិយោគវិញ សម្តេចតេជោបានអះអាងថា៖ក្នុងបេសកកម្មនេះសម្តេច បានជួបពិភាក្សាជាមួយទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ្ស៊ូអាបេ លើបញ្ហាអន្តរជាតិ រាប់ទាំងសង្គ្រាមពាណិជ្ជកម្មផងដែរ។ សម្តេចតេជោ ថ្លែងថា កម្ពុជាដើរក្រោយគេ ដូច្នេះត្រូវគិតគូរឲ្យបានម៉ត់ចត់ និងល្អិតល្អន់បំផុត កុំឲ្យប្រទេសធ្លាក់ក្នុងអន្លង់ភ្លើងសង្គ្រាមដូចអតីតកាល។ មកដល់ពេលនេះក្រុមហ៊ុនជប៉ុន កាន់តែច្រើនបានមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានថ្លែងដែរថា ប្រាក់ឈ្នួលរបស់កម្មករ កម្មការិនី ត្រូវឡើងរាល់ឆ្នាំ ទោះឡើងតិច ឬឡើងច្រើនក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង