ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជប៉ុនផ្តល់ថវិកា ៨៤៣,៩៤៦ ដុល្លារ សម្រាប់ការលើកកម្ពស់ ការយល់ដឹងអំពីបញ្ហាបរិស្ថាន ការលើកកម្ពស់ការសិក្សាបំប៉នបន្ថែម និងការអភិវឌ្ឍគ្រឹះស្ថានឧត្តមសិក្សាដែលមានគុណភាពសម្រាប់ការអប់រំកាយ តាមរយៈបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍

44

 

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាសរុបចំនួន ៨៤៣,៩៤៦ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនបី ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃចន្ទទី២៧ខែកុម្ភៈនេះ ដោយឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង អ្នកតំណាងស្ថាប័នទទួលជំនួយទាំងបី សម្រាប់អនុវត្ត គម្រោងដូចតទៅ៖

១. គម្រោងការសម្រេចឱ្យបាននូវបរិស្ថានរស់នៅប្រកបដោយចីរភាពរបស់ប្រជាពលរដ្ឋកម្ពុជាតាមរយៈការលើកកម្ពស់ និងអប់រំការយល់ដឹងអំពីបញ្ហាបរិស្ថាន (ឆ្នាំទី៣) (ថវិកាជំនួយ ១១០,០៣៥ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ អង្គការមិនរកប្រាក់ចំណេញ Nature Center Risen

នៅក្នុងគម្រោងនេះ អង្គការ Nature Center Risen នឹងលើកកម្ពស់ និងបង្កើនការយល់ដឹងជាមូលដ្ឋាន អំពីបរិស្ថាន នៅទូទាំងប្រទេសកម្ពុជា តាមរយៈការផ្ដល់សម្ភារៈ និងឧបករណ៍អប់រំ ដើម្បីកែលម្អចំណេះដឹង ផ្នែកបរិស្ថានរបស់ប្រជាពលរដ្ឋ និងការអនុវត្តសកម្មភាពលើកកម្ពស់ការយល់ដឹង។ មិនតែប៉ុណ្ណោះ អង្គការ នឹងបើកវគ្គបណ្តុះបណ្តាលសម្រាប់ការអប់រំអំពីបរិស្ថាន ដោយសហការជាមួយវត្តអារាម មណ្ឌលសុខភាព ក្រសួងបរិស្ថាននៃប្រទេសកម្ពុជា និងមន្ទីរបរិស្ថានខេត្ត។ តាមរយៈគម្រោងនេះ ប្រជាពលរដ្ឋប្រមាណ ៣២០ នាក់ នឹងអាចដើរតួនាទីស្នូលក្នុងការលើកកម្ពស់ និងអប់រំការយល់ដឹងរបស់ប្រជាពលរដ្ឋទៅលើបញ្ហាបរិស្ថាន។ យើងរំពឹងថាគម្រោងនេះនឹងជួយកែលម្អបរិស្ថានរស់នៅទូទាំងប្រទេសកម្ពុជា។

២. គម្រោងលើកកម្ពស់ការសិក្សាបំប៉នបន្ថែមសម្រាប់សាលាបឋមសិក្សានៅតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា (ថវិកាចំនួន ២៦៣,៦៥៦ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ អង្គការសន្តិស្ម័គ្រចិត្ត (SVA)

ក្នុងគម្រោងនេះ អង្គការសន្តិស្ម័គ្រចិត្តមានគោលបំណងបង្កើតបរិក្ខារសិក្សា ដែលអាចប្រើប្រាស់សម្រាប់ ការសិក្សាបំប៉នបន្ថែមនិងស្វ័យសិក្សា នៅសាលាបឋមសិក្សាចំនួនពីរ ក្នុងខេត្តពោធិ៍សាត់។ បរិក្ខារអប់រំនេះ រួមមានបន្ទប់ស្វ័យសិក្សា និងបណ្ណាល័យ ហើយសម្ភារៈសិក្សាបែបឌីជីថលក៏នឹងត្រូវបានបំពាក់ផងដែរ។ ជាមួយ គ្នានេះ អង្គការនឹងអនុវត្តសកម្មភាពបណ្តុះបណ្តាលផ្សេងៗសម្រាប់គ្រូបង្រៀន គណៈកម្មការគ្រប់គ្រងសាលា និងមាតាបិតា ដើម្បីគាំទ្រ និងលើកកម្ពស់ការសិក្សាបំប៉នបន្ថែម។ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងមាតា បិតា សរុបចំនួន ៦៧៣នាក់ នៅតាមតំបន់គោលដៅ នឹងទទួលបានអត្ថប្រយោជន៍តាមរយៈគម្រោងនេះ។

៣. គម្រោងអភិវឌ្ឍគ្រឹះស្ថានឧត្តមសិក្សាអប់រំគ្រូបង្រៀនអប់រំកាយដែលមានគុណភាពរយៈពេលបួនឆ្នាំតាមរយៈ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ឆ្នាំទី១) (ថវិកាចំនួន ៤៧០,២៥៥ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ អង្គការក្រៅរដ្ឋាភិបាល បេះដូងមាស នៅក្នុងគម្រោងនេះ អង្គការបេះដូងមាស នឹងសហការជាមួយវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (NIPES)

ដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រងសំខាន់ៗចំនួន៧ គឺ ប្រតិបត្តិការបណ្ណាល័យ ការបង្កើតមជ្ឈមណ្ឌលអន្តរជាតិ ការធានាគុណភាពផ្ទៃក្នុង ការអភិវឌ្ឍគ្រូបង្រៀន ការគ្រប់គ្រងសិស្ស ការគាំទ្រដល់អតីតសិស្ស និងការគ្រប់គ្រង សន្តិសុខ ដោយប្រើប្រាស់បរិក្ខារបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍។ តាមរយៈគម្រោងនេះ បុគ្គលិក ប្រមាណ ៧០នាក់ និងសិក្ខាកាមគ្រូបង្រៀនចំនួន ១៨០នាក់ នៅក្នុងវិទ្យាស្ថាន នឹងអាចទទួលបានបរិស្ថាន សិក្សាដែលប្រសើរជាងមុនសម្រាប់ការអប់រំកាយ។ មិនតែប៉ុណ្ណោះ យើងរំពឹងថាសិស្សានុសិស្សជាង ១,០០០,០០០នាក់ នៅក្នុងប្រទេសកម្ពុជា នឹងទទួលបានការអប់រំកាយដែលមានប្រសិទ្ធភាពជាងមុន។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
បានមានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុន បាននិងកំពុងផ្តល់ជំនួយឥតសំណងដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ចាប់តាំងពី ឆ្នាំ២០០២ ដើម្បីគាំទ្រគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម របស់ពួកគេ ដែលត្រូវបានអនុវត្តនៅក្នុង ប្រទេស ឬតំបន់កំពុងអភិវឌ្ឍ។ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុនបានផ្តល់ជំនួយ ជាង១៤០គម្រោងនៅក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធីនេះ។ គម្រោងនីមួយៗបានចូលរួមចំណែក ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពុជា។

ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី បានសង្កេតឃើញថា នាពេលថ្មីៗនេះ ប្រទេសកម្ពុជាបាននិង កំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទោះបីជាយ៉ាងណា ខ្ញុំក៏ទទួលស្គាល់ថានៅតែមានបញ្ហាប្រឈមមួយ ចំនួនដែលត្រូវដោះស្រាយ ដើម្បីកែលម្អគុណភាពជីវិតរបស់ប្រជាជន។ រដ្ឋាភិបាលជប៉ុន បានផ្ដល់ កម្ចីហិរញ្ញប្បទាន សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ ដូចជាការអភិវឌ្ឍកំពង់ផែស្វយ័តក្រុង ព្រះសីហនុ និងការកែលម្អផ្លូវជាតិលេខ៥ ក៏ដូចជាសម្រាប់ការគាំទ្រដល់ការឆ្លើយតបបន្ទាន់ទៅនឹង វិបត្តិកូវីដ១៩ ជាមួយនឹងទឹកប្រាក់សរុបចំនួន ៤៥ពាន់លានយេន។ ជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុន ចាត់ទុកថា ការផ្ដល់ការគាំទ្រនៅតាមតំបន់ជនបទ និងការធ្វើការជិតស្និទ្ធជាមួយប្រជាជនមូលដ្ឋាន តាមរយៈជំនួយឥតសំណងសម្រាប់អង្គការក្រៅរដ្ឋាភិបាលជប៉ុន និងជំនួយឥតសំណងគូសាណូណ៌ មានសារៈសំខាន់ស្មើគ្នាផងដែរ។ ប្រទេសជប៉ុននឹងបន្តសហការជាមួយអង្គការក្រៅរដ្ឋាភិបាលជប៉ុន និងគាំទ្រការងាររបស់ពួកគេ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា និង សូមឱ្យមិត្តភាពជប៉ុន-កម្ពុជា កាន់តែរីកចម្រើន៕

អត្ថបទដែលជាប់ទាក់ទង