ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

64

រាជធានីភ្នំពេញ ៖ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នារសៀលថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានរំលឹកអំពីស្នាដៃសមិទ្ធផលធំៗ របស់រាជរដ្ឋាភិបាល ក៏ដូចជាស្នាដៃរបស់កងកម្លាំងនគរបាលជាតិ ដែលសម្រេចបាននៅឆ្នាំ២០២២កន្លងមកនេះ ពិសេសការរួមចំណែកទប់ស្កាត់ជំងឺកូវីដ-១៩, ការការពារព្រឹត្តិការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ និងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ថា « កងកម្លាំងនគរបាលជាតិ បានបង្កើតនូវបរិយាកាសសន្ដិសុខល្អប្រសើរ និងបានធ្វើឲ្យព្រឹត្តិការណ៍សំខាន់ៗរបស់ជាតិដំណើរការបានដោយជោគជ័យ ទាំងខ្លឹមសារ ទាំងបរិយាកាសទូទៅ »។

បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួននៅចំពោះមុខបច្ចុប្បន្ន ដូចជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍, បញ្ហាគ្រឿងញៀន ដែលកំពុងតែបង្កការលំបាកមួយចំនួនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុត ពីកងកម្លាំងនគរបាលជាតិ ពិសេសអង្គភាពដែលមានការពាក់ព័ន្ធ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានផ្ដាំផ្ញើដល់នាយនគរបាលជាន់ខ្ពស់ ដែលទើបទទួលបានការតែងតាំង និងគ្រប់ប្រធាននាយកដ្ឋាន-អង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងយន្ដការដឹកនាំកងកម្លាំង ដើម្បីជំរុញឲ្យប្រតិបត្តិការបំពេញតួនាទី ក្នុងនាមជាកងកម្លាំងនគរបាលជាតិ ថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គមនេះ ឲ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសត្រូវមានតម្លាភាព មានព្រហ្មវិហារធម៌ សច្ចធម៌ បើកចិត្តឲ្យទូលាយក្នុងការដឹកនាំគ្រប់គ្រងកងកម្លាំង និងពង្រឹងសាមគ្គីភាពក្នុងអង្គភាព ទើបសម្រេចការងារបាន។

ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានផ្តាំផ្ញើឲ្យថ្នាក់ដឹកនាំនាយកដ្ឋាន-អង្គភាព ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ដល់សុខទុក្ខ និងទុក្ខធុរៈរបស់កងកម្លាំង ហើយនៅពេលកងកម្លាំងជួបការលំបាកត្រូវមានភាពស្និតស្នាល ជួយរំលែកការលំបាករបស់កងកម្លាំង។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានណែនាំនៅពេលខាងមុខ ត្រូវពង្រឹងគ្រប់ជំនាញទាំងអស់ ដើម្បីលើកកម្ពស់ស្ថានភាពសន្ដិសុខ ត្រៀមលក្ខណៈសម្បត្តិការពារ នូវព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ នីតិកាលទី៧ និងការព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២។

សូមជម្រាបថា ៖
១-លោកឧត្តមសេនីយ៍ទោ ព្រំ សន្ធរ ត្រូវបានផ្ទេភារកិច្ច និងតែងតាំងមុខតំណែងជា អគ្គស្នងការរងនគរបាលជាតិ។
២-លោកឧត្តមសេនីយ៍ទោ ផាន់ សុផល ត្រូវបានផ្ទេភារកិច្ច និងតែងតាំងមុខតំណែងជា ប្រធាននាយកដ្ឋានវិទ្យុទាក់ទង៕

អត្ថបទដែលជាប់ទាក់ទង