ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ ក្នុងព្រៃចម្ការមីនព្រំដែន ក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ

46

បន្ទាយមានជ័យ ៖ នៅវេលាម៉ោង០២និង២០នាទីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងថ្លុកឈាម នៅចំណុចក្នុងព្រៃចំការមីនព្រំដែន ខាងលិចទំនប់ក៥ ចម្ងាយ១៨៩ម៉ែត្រ ពីផ្លូវជាតិលេខ៥៨ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្ដបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា នៅវេលាម៉ោង០២និង២០នាទីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានទទួលព័ត៌មានពីលោកមេបញ្ជាការកងល្បាតទី៣ កងការពារព្រំដែនលេខ៥០៣ ប្រចាំអូរបីជាន់ រាយការណ៍ថា មានមនុស្សស្លាប់១នាក់ នៅចំណុចក្នុងព្រៃចំការមីនព្រំដែន ខាងលិចទំនប់ក៥ ចម្ងាយ១៨៩ម៉ែត្រ ពីផ្លូវជាតិលេខ៥៨ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ទល់មុខភូមិអាងសិលាថៃ ឃុំនួនម៉ាកម៉ុន ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ ចម្ងាយ២៥៣ម៉ែត្រពិថ្នល់ខ្មៅថៃ (គឺតំបន់មិនច្បាស់លាស់ ព្រំដែន ) ។

លោកអធិការបានបញ្ជាក់ថា ដោយតំបន់នោះជាចម្ការមីន ក៏បានទំនាក់ទំនងជាមួយមន្ត្រីស៊ីម៉ាក់ដើម្បីពិនិត្យរាវរកមីនរួចបានទៅពិនិត្យសាកសព ។
តាមការស្រាវជ្រាវជនរង្រោះឈ្មោះ ស្វៃ សុភត្រ្តា អាយុ៣៨ឆ្នាំ ភេទស្រី ជនជាតិខ្មែរ មានទីលំនៅភូមិផ្គាំ ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ មុខរបរធ្វើកម្មករនៅប្រទេសថៃ។

លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ បានបញ្ជាក់បន្ថែមថា៖ តាមការពិនិត្យរបស់ក្រុមការងារគណកម្មការត្រួតពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសព ដែលមានសមាសភាព នគរបាលជំនាញមកពីស្នងការដ្ឋាននគរបាលខេត្ត នគរបាលជំនាញរបស់អធិការដ្ឋាននគរបាលស្រុកអូរជ្រៅ អាជ្ញាធរឃុំ ភូមិ និងគ្រូពេទ្យមណ្ឌលសុភាពឃុំ។
សភាពសពផ្នែកក្បាល បែកក្បាលពីក្រោយ៧ស.ម បែកលើចិញ្ចើម១២ស.ម ក្រោមច្រមុះ៤ស.ម ក្រោមចង្កា៧ស.ម ស្នាមរបួសដោយការវាយនិងវត្ថុមុខរឹង (ដំបងឈើ) បណ្តាលឲ្យស្លាប់។
លោកក៏បានឲ្យដឹងទៀតថា យោងតាការបំភ្លឺរបស់ឈ្មោះ ពេជ្រ រត្ននៈ អាយុ១៧ឆ្នាំ ភេទប្រុស នៅភូមិផ្គាំ ឃុំសិង្ហ ស្រុកអូរជ្រៅ (ត្រូវជាកូនបង្កើត) បានប្រាប់ថា នៅវេលាប្រហែលម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ម្តាយរបស់គាត់មកដល់ចំណុចផ្សារឡុងគ្លឿ ប្រទេសថៃ បានបែកគ្នា មូលហេតុម្តាយរបស់គាត់មានប៉ាស្ព័រ តែផុតថ្ងៃកំណត់ ក៏សម្រេចចូលមកដីខ្មែរ ដោយដើរតាមច្រកផ្លូវកាត់ ។

ចំណែកកូនមានប៉ាស្ព័រ បានបោះត្រាចូលមកផ្លូវច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ លុះដល់ម៉ោងប្រហែល០២និង២០ រសៀលថ្ងៃដដែលទើបដឹងថាម្តាយស្លាប់ ។
ទាក់ទិននិងការស្លាប់របស់ស្ត្រីនេះ សមត្ថកិច្ចកិច្ចមិនបានបញ្ជាក់ ជាករណីប្លន់សម្លាប់ឬជាអ្វីនោះទេ ។
ប៉ុន្តែពេលនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់កម្លាំងជំនាញជំនាញខេត្ត ស្រុក និងប៉ុស្តិ៍រដ្ឋបាល ធ្វើស្រាវជ្រាវរកមុខសញ្ញាជនបង្ក ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង